រាជធានីភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានចុះឆែកឆេរផ្ទះកោសជប់ម៉ាស្សាមួយកន្លែងដែលសង្ស័យពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយបានឃាត់ខ្លួនស្ត្រីចំនួន៦នាក់ ក្នុងនោះមានម្នាក់ជាថៅកែហាងផង ។ ការចុះឆែកឆេរនេះបានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១២ ។
នៅក្នុងការចុះឆែកឆេរលំនៅឋានដែលសង្ស័យពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទខាងលើនេះ សមត្ថកិច្ចប្រមូលបានវត្ថុតាងមានដូចជា ស្រោមអនាម័យដែលប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន ។ ដោយយោងតាមវត្ថុតាងខាងលើនេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនស្ត្រីចំនួន៦នាក់ដែលជាស្រីបម្រើម៉ាស្សាកោសជប់ និងមានម្នាក់ជាថៅែផងនាំយកទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ក្នុងករណីខាងលើនេះ សមត្ថកិច្ចពុំទាន់បានបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ហាង និងស្ត្រីបម្រើការនៅឡើយទេ ព្រោះកំពុងសាកសួរ ៕
ចែករំលែកព័តមាននេះ