ខេត្តឧត្តរមានជ័យ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ដល់អាយុជីវិតប្រជាពលរដ្ឋ និងដាក់បទបញ្ជាដល់ប៉ូលិសចរាចរនៅគ្រប់បណ្តាខេត្ត-ក្រុង ត្រូវតែយកចិត្តទុកដាក់បំផុតផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈជូនប្រជាពលរដ្ឋ និងជូនសង្គមជាតិ ជាពិសេសផ្នែកចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋ ។
ជាមួយនឹងការខិតខំខាងលើនេះ នៅស្រុកអន្លង់វែង អ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦៧B តែងនាំគ្នានិយាយរិះគន់ថា គេឃើញប៉ូលិសចរាចរស្រុកអន្លង់វែង ដាក់បារា៉ស់ត្រួតពិនិត្យម៉ូូតូគ្មានកញ្ចក់ ស្លាកលេខ មួកសុវត្ថិភាព ជារៀងរាល់ថ្ងៃមិនដែលខកខានទេ តែសម្រាប់ផ្នែកសណ្តាប់ធ្នាប់ដូចជាការចតរថយន្តនៅពាសពេញផ្លូវសាធារណៈ ការដាក់តាំងទំនិញប៉ះពាល់ផ្លូវសាធារណៈមិនត្រូវបានរៀបរយសោះ ។ ជាក់ស្តែង ដូចជាហ្វូងគោដើរឆ្លងកាត់ផ្លូវជាតិ និងបានវាយលុកមកកាន់កាប់យករង្វង់មូលធ្វើជាកន្លែងដេកទាំងយប់ទាំងថ្ងៃនៅក្បែរអធិការដ្ឋានស្រុក តែប៉ូលិសមើលមិនឃើញ ។ នេះជាមុខសញ្ញាងាយស្រួលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បំផុតដល់អាយុជីវិត ដែលម្ចាស់គោត្រូវប្រឈមចំពោះមុខច្បាប់ ប្រសិនបើមានគ្រោះថ្នាក់ ។
ទាក់ទិននឹងករណីនេះ កោះសន្តិភាពបានទាក់ទងតាមទូរស័ព្ទទៅលោកវរសេនីយ៍ត្រី ស៊ុយ សេង អធិការនគរបាលស្រុកអន្លង់វែង នាព្រឹកថ្ងៃទី២៦ កញ្ញា ហើយលោកបានបំភ្លឺថា ករណីនេះមិនមែនទើបតែកើតមានថ្មីៗនេះទេ គឺកន្លងមកលោកឱ្យអាជ្ញាធរភូមិ-ឃុំធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ដឹងអំពីច្បាប់ចរាចរណ៍ និងឱ្យបានយល់ពីការលែងសត្វពាហនៈដែលមានម្ចាស់គ្រប់គ្រងនោះត្រូវតែប្រុងប្រយ័ត្នបំផុត ។
បើឆ្លងកាត់ផ្លូវជាតិពុំមានម្ចាស់ដឹកពេលមានរថយន្តបុកបង្កឱ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរគឺម្ចាស់សត្វត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ លោកបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅលោកនឹងមានវិធានការទប់ស្កាត់មិនឱ្យគោវាយលុកទីសាធារណៈបែបនេះទៀតទេ ៕
ចែករំលែកព័តមាននេះ