រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១២ មានជំនួបពិភាក្សាមួយរវាងលោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកHoang Tuan Anh រដ្ឋមន្ត្រីក្រសួងវប្បធម៌ អប់រំទេសចរណ៍ និងកីឡានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ កិច្ចពិភាក្សានោះគឺផ្តោតជាសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងសិល្បៈ ។
ក្នុងជំនួបពិភាក្សានោះ លោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាម ដែលបានជួយសាងសង់រោងសៀកដ៏ធំមួយនៅរាជធានីភ្នំពេញ ដែលបើកសម្ពោធជាផ្លូវការនៅរសៀលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១២។
លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសទាំងពីរកម្ពុជា-វៀតណាម មានប្រពៃណីសហការ និងសាមគ្គីគ្នាតាំងពីយូរលង់ណាស់មកហើយ លើគ្រប់វិស័យទាំងអស់ ។ ដោយឡែកលើវិស័យសិល្បៈ វប្បធម៌ប្រទេសទាំងពីរបានរួមគ្នាថែ រក្សា និងផ្តល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ។ ក្រោយពេលកម្ពុជាស្ថិតក្នុងសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុល ពត អ្វីៗត្រូវបំផ្លិចបំផ្លាញស្ទើររលាយសាបសូន្យនោះ ប្រទេសវៀតណាមបានជួយស្តារ និងកសាងលើគ្រប់វិស័យទាំងអស់ រួមទាំងវិស័យវប្បធម៌-សិល្បៈផងដែរ ។
ក្រោយថ្ងៃ៧មករា១៩៧៩ ក្រុមភាពយន្តចល័តរបស់វៀតណាមបានបញ្ចាំងភាពយន្តនៅគ្រប់មូលដ្ឋានដើម្បីជូនប្រជាពលរដ្ឋកម្ពុជាទស្សនាកម្សាន្ត និងមើលឃើញអំពីការរីកចម្រើនលើវិស័យសិល្បៈ-វប្បធម៌ ។លោករដ្ឋមន្ត្រីបញ្ជាក់ថា ឈរលើគោលការណ៍សហប្រតិបត្តិការ ភាគីវៀតណាមបានជួយលើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវប្បធម៌-សិល្បៈផងដែរ ។
លោករដ្ឋមន្ត្រីបានស្នើទៅភាគីវៀតណាមឱ្យជួយលើផ្នែកសិល្បៈ-វប្បធម៌បន្តទៀត ហើយជាសំខាន់នោះគឺការកសាងសាលាភាពយន្តដែលចំណុះឱ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ ទន្ទឹមនោះលោកស្នើឲ្យភាគីវៀតណាមជួយបញ្ជូនហ្វ៊ីលភាពយន្តឯកសារទាក់ទងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាំងពីសម័យមុនៗមកកម្ពុជាដើម្បីរក្សាទុកជាឯកសារសម្រាប់អ្នកជំនាន់ក្រោយ ។
លោក Hoang Tuan Anh បានសន្យាថា រាល់សំណើទាំងឡាយទាក់ទងនឹងវិស័យវប្បធម៌-សិល្បៈ ភាគីវៀតណាមនឹងទទួលយក សំខាន់ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតសាលាភាពយន្តមួយនៅកម្ពុជា ។ លោករដ្ឋមន្ត្រីវប្បធម៌វៀតណាម អះអាងថាភាគីវៀតណាមនឹងបន្តជួយភាគីកម្ពុជា លើវិស័យវប្បធម៌-សិល្បៈជារៀងរហូត ហើយនោះក៏ជាផ្នែកមួយដ៏សំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានប្រពៃណីតស៊ូស្លាប់រស់ជាមួយគ្នាជាយូរលង់ណាស់មកហើយ៕
ចែករំលែកព័តមាននេះ