ខេត្តរតនគិរី ៖ មន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំតាឡាវ ស្រុកអណ្តូងមាស មួយរូប រួមនឹងគូកន២នាក់ទៀត បានយកកាំភ្លើងខ្លីវាយក្បាលភ្នាក់ងារកាសែតតាព្រហ្មប្រចាំស្រុកអណ្តូងមាសម្នាក់ដល់ក្នុងផ្ទះ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង និងបង្កឱ្យរបួសធ្ងន់ដល់ប្រពន្ធដែលទើបឆ្លងទន្លេបាន២០ថ្ងៃថែមទៀត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៥ កញ្ញា ក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ហើយក្រោយពីបង្កហេតុគួរឱ្យថ្កោលទោសនេះរួច ជនទាំង៣នាក់ ក៏បានគេចខ្លួនភ្លាមៗបាត់អស់ទៅ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា លោកឯក សុគន្ធី ហៅជា អាយុ៤២ឆ្នាំ ជាភ្នាក់ងារកាសែតតាព្រហ្មប្រចាំស្រុកអណ្តូងមាស បានរងការវាយដំដោយកាំភ្លើងខ្លីកា៥៤ បណ្តាលឱ្យរងរបួសក្បាលជាច្រើនកន្លែងហូរឈាមស្រោចជោកខ្លួន ហើយប្រពន្ធឈ្មោះឆុន គឹមយ៉េក អាយុ២៨ឆ្នាំ ដែលទើបសម្រាលកូនក៏ទទួលរងការវាយដំ និងទាត់ធាក់យ៉ាងដំណំដែរ ។ ជនជាប់ចោទបង្ករបួសស្នាមដោយចេតនាមកលើជនរងគ្រោះមានគ្នា៣នាក់ និងត្រូវបានគេស្គាល់ ១- ឈ្មោះង៉ែត សេងហ័ន ភេទប្រុស អាយុប្រហែល២៧ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ និងជាមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំតាឡាវ ២- ឈ្មោះពុធ ហឿន ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជាអ្នករកស៊ីបើកសិប្បកម្មកែច្នៃគ្រឿងសង្ហារិមធ្វើពីឈើ និង៣- ឈ្មោះធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដូចជនទី២ដែរ ហើយរស់នៅក្នុងភូមិឃុំជាមួយគ្នា ។
ប្រភពពីកន្លែងកើតហេតុបន្តថា នៅមុនពេលកើេតហេតុ គេឃើញលោកឯក សុគន្ធី ហៅជា អង្គុយយោលអង្រឹងកូនង៉ែត ឯប្រពន្ធកំពុងដាំស្ល បន្តិចក្រោយមក ស្រាប់តែមានមនុស្សមួយក្រុមមានគ្នា៣នាក់ដើរសំដៅចូលទៅក្នុងផ្ទះ ហើយឮសូរសំឡេងឡូឡា និងមានការវាយតប់គ្នាតែម្តង ។ ពេលនោះ គេឃើញជនរងគ្រោះស្ទុះចេញមកក្រៅផ្ទះមានឈាមស្រោចពេញខ្លួន ស្រែកហៅអ្នកជិតខាងឱ្យជួយ ហើយអ្នកជិតខាងក៏នាំគ្នាទៅចោមរោមមើល និងជួយឃាត់ ។ គ្រានោះជនទាំង៣នាក់ ដែលពុំមានស្លៀកពាក់ឯកសណ្ឋានទេ ប៉ុន្តែមានកាន់កាំភ្លើងខ្លី១ដើម ដើរចេញមក និងគេចខ្លួនបាត់ក្នុងពេលភ្លាមៗនោះដែរ ។ លុះព្រឹកឡើងថ្ងៃទី២៦ កញ្ញា ទើបឃើញកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកដឹកនាំដោយលោកចាន់ សារិន មេបញ្ជាការរង និងជានាយរងមន្ទីរព័ត៌មានសន្តិសុខផ្ទៃក្នុងនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវសួរនាំជនរងគ្រោះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។
ជនរងគ្រោះនិយាយថា លោកពុំធ្លាប់មានទំនាស់ ឬគំនុំជាមួយអ្នកទាំង៣នាក់នេះទេពីមុនមក ស្រាប់តែពួកគេនាំគ្នាមកវាយធ្វើបាបលោកនិងភរិយាដោយពួកគេវាយសំពងក្បាលលោកនិងកាំភ្លើងខ្លីយ៉ាងញាប់ដៃ ថែមទាំងស្ទាក់វាយប្រពន្ធលោកថែមទៀត ហើយក៏រត់គេចខ្លួនបាត់ ប៉ុន្តែលោកបានស្គាល់មុខទាំងអស់ ។ ចំណែកកម្លាំងកងរាជអាវុធហត្ថដែលចុះដល់កន្លែងកើតហេតុប្រាប់ថា ជនដែលបង្កទាំង៣នាក់បានរត់គេចខ្លួនអស់ហើយ និងកំពុងតែស្រាវជ្រាវតាមចាប់ខ្លួន ។
ក្រុមអ្នកសារព័ត៌មាននៅខេត្តរតនគិរីបច្ចុប្បន្ន កំពុងតែទទួលរងការគំរាមកំហែងពីសំណាក់ក្រុមឈ្មួញទុច្ចរិត ជាពិសេសឈ្មួញឈើប្រណីត និងមន្ត្រីខិលខូចមួយចំនួនដែលទាន់ទិននឹងការកាប់បំផ្លាញព្រៃឈើ និងមុខរបរឈើប្រណីត រហូតឈានដល់ការសម្លាប់អ្នកសារព័ត៌មានវីរជន កាលពីពេលថ្មីៗនេះ និងបន្ទាប់មកមានការវាយដំអ្នកកាសែតតាព្រហ្មទៀត ។ ល្គឹកណាជនខិលខូច និងបង្កបាតុភាពនេះមិនត្រូវបានចាប់ខ្លួនទេនោះ ការភ័យខ្លាចសម្រាប់អ្នកសារព័ត៌មាននៅតែជាការគំរាមកំហែង ហើយក៏បង្ហាញថានិទណ្ឌភាពនៅតែបន្តកើតមានសម្រាប់ខេត្តមួយនេះ ៕
ចែករំលែកព័តមាននេះ