ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​​​អ្នក​​ស្រុក​​​ប្រឆាំង​​​ក្រុម​​ហ៊ុន​​​អេង កាំង​​​​មហិច្ឆ​តា​​​​ចង់​​បាន​​​ដី​​វត្ត​​​​​ខ្ទរ​​​​ចោទ​​​ថា​​​យក​​ឆ្នាំង​​​ដី​​ដូរ​​យក​​​ឆ្នាំ​​ង​​​មាស​​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​​​ពុទ្ធ​បរិស​័ទ​​ចំណុះ​ជើង​វត្ត​​​ពោធិ​​ព្រឹក្ស​​ ហៅវត្ត​​ខ្ទរ​ ​​សង្កាត់​​ព្រែក​លៀប ​ខណ្ឌ​ប្ញស្សី​កែវ​ ​មាន​ស្នាម​ផ្តិត​មេ​ដៃ​​​១.០០២​​នាក់ ​​ប្រឆាំង​​មិន​ព្រម​​ដោះ​ដូរ​ដី ទី​តាំង​​​ឈាបន​ដ្ឋាន​​​ជា​មួយ​ក្រុម​ហ៊ុន​​មួយ​ឈ្មោះ​​អេង កាំង​ឌី​​វេឡុប​​មេន ​ខប​ភើ​​រេសិន ​ជា​ដាច់​ខាត​​ ​ដោយ​​​​​សំអាង​​ថា​ ដី​​ឈាប​​ន​ដ្ឋាន​​នេះជា​ដី​​​​​របស់​វត្ត​​ ក៏​ដូច​​ជា​ដី​​​រួម​របស់​​អ្នក​ភូមិ​​ខ្ទរ​ដែរ ។ ​អ្នក​ភូមិ​ខ្ទរ​​​​ទាំង​​ជាង​​​​១​ពាន់​នាក់​សម្រេច​​​ចិត្ត​​ថា​​ បើ​ឈាប​នដ្ឋាន​​នេះ​វា​ប៉ះ​ពាល់​​ដល់​បរិ​ស្ថាន​​ ឬ​​​​មិន​ឱ្យ​​​បូជា​សព​​ទេ ​​ពួក​គេ​​សុខ​ចិត្ត​​រុះរើ​​ចេញ ​ឬ​ឈប់​ប្រើ​​

រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​​​ពុទ្ធ​បរិស​័ទ​​ចំណុះ​ជើង​វត្ត​​​ពោធិ​​ព្រឹក្ស​​ ហៅវត្ត​​ខ្ទរ​ ​​សង្កាត់​​ព្រែក​លៀប ​ខណ្ឌ​ប្ញស្សី​កែវ​ ​មាន​ស្នាម​ផ្តិត​មេ​ដៃ​​​១.០០២​​នាក់ ​​ប្រឆាំង​​មិន​ព្រម​​ដោះ​ដូរ​ដី ទី​តាំង​​​ឈាបន​ដ្ឋាន​​​ជា​មួយ​ក្រុម​ហ៊ុន​​មួយ​ឈ្មោះ​​អេង កាំង​ឌី​​វេឡុប​​មេន ​ខប​ភើ​​រេសិន ​ជា​ដាច់​ខាត​​ ​ដោយ​​​​​សំអាង​​ថា​ ដី​​ឈាប​​ន​ដ្ឋាន​​នេះជា​ដី​​​​​របស់​វត្ត​​ ក៏​ដូច​​ជា​ដី​​​រួម​របស់​​អ្នក​ភូមិ​​ខ្ទរ​ដែរ ។ ​អ្នក​ភូមិ​ខ្ទរ​​​​ទាំង​​ជាង​​​​១​ពាន់​នាក់​សម្រេច​​​ចិត្ត​​ថា​​ បើ​ឈាប​នដ្ឋាន​​នេះ​វា​ប៉ះ​ពាល់​​ដល់​បរិ​ស្ថាន​​ ឬ​​​​មិន​ឱ្យ​​​បូជា​សព​​ទេ ​​ពួក​គេ​​សុខ​ចិត្ត​​រុះរើ​​ចេញ ​ឬ​ឈប់​ប្រើ​​ដើម្បី​​ទុក​ដី​នេះ​​សម្រាប់​​កសាង​​សាលា​រៀន​ និង​សម្រាប់​​វត្ត​អា​រាម​​​​ទៅ​ថ្ងៃ​ក្រោយ​​ទៀត ព្រោះ​​ច្រាំង​ទន្លេ​​ចេះ​តែ​​បន្ត​​បាក់​​​​រៀង​រាល់​ឆ្នាំ​ ។​

​តាម​​ឯក​សារ​​បាន​បង្ហាញ​ថា ​ដី​ឈាប​ន​ដ្ឋាន​​ដែល​ក្រុម​ហ៊ុន​​អេង​ កាំង​ ​ចង់​បាន​​ដោះ​ដូរ​នេះ​​មាន​ទំហំ​​បណ្តោយ​​​២៧៧​​​ម៉ែត្រ ​ទទឹង​​១៣០​ម៉ែត្រ ​ស្មើ​នឹង​​ជាង​​​៣​ហិកតា​​កន្លះ ។ កន្លង​​មក​​ក្រុម​ហ៊ុន​​អេង កាំង ​បាន​​ទទួល​​នូវ​ភ័ព្វ​សំណាង​​ធំ​​មួយ​​គឺ​​បាន​ធ្វើជា​ម្ចាស់​​​លើ​ដី​​របស់​​​​សាលា​​ជាតិ​កសិ​កម្ម​​​ព្រែក​​លៀប​​រួច​ទៅ​​ហើយ ​ដែល​យើង​​នៅ​មិន​ទាន់​​ដឹង​ច្បាស់​​ពី​ទំហំ​​ដី​​​សាលា​​ជាតិ​កសិ​កម្ម​​ព្រែក​លៀប​​នេះ​នៅ​ឡើយ​ទេ ​ហើយ​ក៏​​មិន​ទាន់​​បានដឹង​ច្បាស់​ថា​តើ​​ដី​សាលា​ជាតិ​កសិ​កម្ម​​ព្រែក​លៀប​​​ដ៏​​មហា​សាល​​​នេះ ​គេ​ដោះ​​ដូរ​គ្នា​​ដោយ​របៀប​​​​ណា​នៅ​ឡើយ​​ដែរ ​ព្រោះ​​កំពុង​ស្រាវ​ជ្រាវ​​បន្ត ​ដែល​​យើង​​​ផ្សាយ​ជូន​​នៅ​ពេល​​ក្រោយ​ទៀត​​​ ។ ​ដោយ​ដី​​សាលា​ជាតិ​កសិ​កម្ម​​ព្រែក​លៀប​​ដែល​ជា​ដី​​ត្រូវ​ប៉ាន់​​​នា​សម័យ​នេះ វា​ស្ថិត​នៅ​​ជាប់​ព្រំ​ប្រទល់​​ជាមួយ​ដី​​​ឈាប​ន​ដ្ឋាន​​វត្ត​​ខ្ទរ​​ ដែល​មាន​​​ទំហំ​​ជាង​​៣​ហិក​តា​​​​ឃើញ​ថា​​​ធំមហា​សាល​​​ផង ជាប់​ផ្លូវ​​ជាតិ​​លេខ​​៦​​​ផង​ ​ទើ​ប​ក្រុម​ហ៊ុន​​អេង​ កាំង ​​រត់​ការ​​​យ៉ាង​ប្តូរ​ផ្តាច់​​ចង់​បានដី​​​​​ឈាប​ន​ដ្ឋាន​​​នេះ​​បន្ថែម​ទៀត​​​ឱ្យ​វា​កាន់​​តែ​មហា​សាល​​ឡើង ។​

​តាម​​ឯក​សារ​​ក៏​បាន​បង្ហាញ​​ដែរ​ថា ​ក្រុម​ហ៊ុន​​អេង កាំង ​​បាន​យក​ដី​​មួយ​កន្លែង​​ក​្នុង​តំបន់​​ទឹក​​​លិច​​​ជ្រៅ​អត់​មាន​​​មនុស្ស​រស់​នៅ​ គឺ​នៅ​ចំណុច​​ស្ពាន​ទី​​៥ ​តាម​ដង​​ផ្លូវ​​ជាតិ​លេខ​​៦ ​ក្នុង​សង្កាត់​ព្រែក​លៀប ​​​ដដែល​ ដោយ​ចុះ​​ពី​ផ្លូវ​​​​​​ជាតិ​ចម្ងាយ​​ជិត​​១​គីឡូ​​ម៉ែត្រ ​ដែល​អ្នក​ភូមិ​​ខ្ទរ​​និយាយ​​​ថា​មាន​ចម្ងាយ​​ជាង​​​៥​គីឡូ​ម៉ែត្រ​​​ពី​វត្ត​ខ្ទរ​ ឬ​ពី​ឈាប​ន​ដ្ឋាន​​ចាស់​ ​គឺ​​ដេញ​​​ខ្មោច​​​កាន់​តែ​ឆ្ងាយ​​ទៅៗ​… កា​រ​ដោះ​ដូរ​​នេះ​ ក្រុម​ហ៊ុន​​បាន​ផ្តល់​​​ដី​​ឱ្យ​​​តែ​​២​ហិក​តា​​ទេ ដោយ​​ធានា​​សាង​សង់​​ឈាប​នដ្ឋាន​​ថ្មី​​ឱ្យ​វិញ​ ។​​

​​ក្នុង​ករណី​​ដោះ​ដូរ​​របៀប​យក​​​ឆ្នាំងដី​​​ដូរ​យក​​ឆ្នាំ​​ងមាស​​​នេះ ​អ្នក​ភូមិ​ខ្ទរ​​​ទាំង​មូល​​ប្រាប់​​កោះ​សន្តិ​ភាព​​ថា​​ មិន​ឯ​កភាព​​ទេ មិន​ព្រម​​​ដូរ​ជា​ដាច់​​ខាត ។ ​តាម​លិខិត​​របស់​អ្នក​​ភូមិ​ខ្ទរ​​លើក​ឡើង​ថា «​យើង​​ខ្ញុំ​ទាំង​អស់​គ្នា​​ជា​ប្រជា​​ពល​រដ្ឋ​​​​គោរព​ច្បាប់​ និង​អនុសាសន៍​​ដ៏​ខ្ពង់​​ខ្ពស់​​របស់​សម្តេច​​តេ​ជោ ​ដែល​បាន​​ថ្លែង​ថា ​ដី​សាលា​រៀន ​មន្ទីរ​​​ពេទ្យ ​វត្ត​អារាម ​មិន​មាន​អ្នក​​ណា​​មាន​​សិទ្ធិ​​លក់​​ ឬ​ក៏​ដោះ​ដូរ​​​ឡើយ ​»។ ​ក្នុង​លិខិត​​​ជា​ផ្លូវ​ការ​​របស់​​ប្រជា​ពល​រដ្ឋ​​​ភូមិ​ខ្ទរ​​រៀប​រាប់​​​ទៀត​ថា ​យើង​ខ្ញុំ​​មាន​បំណង​​ថែរក្សា​​ដី​នេះ​ ដើម្បី​​សម្រាប់​​បម្រុង​ទុក​​នៅ​ពេល​អ​នា​គត​​សម្រាប់​វត្ត​​​ ដូចជា​​សាង​សង់​​សាលា​រៀន​ថ្មី ​ជំនួស​​ឱ្យ​សាលា​រៀន​​ចាស់​ ​ដែល​ចាស់​​ទ្រុឌ​​ទ្រោ​ម​ និង​​ស្ថិត​​នៅ​ទី​តាំង​​តូច​ចង្អៀត​ ។ ឯ​​​បរិមាណ​​សិស្ស​កើន​ឡើង​​​​រៀង​រាល់​ឆ្នាំ​ ។ល។ ​លិខិត​​ដដែល​ចែង​ថា ​បើ​ឈាប​ន​ដ្ឋាន​​នេះ​ប៉ះ​ពាល់​​ដល់​​ការ​​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​ គឺ​អាច​​​​​វាយ​ចោល​​ពេល​ណា​ក៏​បាន​​ដែរ ​កុំ​តែ​​មក​ដណ្តើម​​​​យក​ដី​ឱ្យ​​សោះ ។​​

​អ្នក​ភូមិ​ខ្ទរ​​មួយ​ក្រុម ដែល​​ធ្លាប់​រក​ស៊ី​​ទិញ​​ដី​លក់​ដី​ ​បាន​ប្រាប់​​កោះ​សន្តិ​ភាព​​ថា ដី​​ជាប់​ផ្លូវ​ជាតិ​​លេខ​​៦​A​ក្នុង​តំបន់​​​វត្ត​ខ្ទរ​នេះ​​ដូ​ចដី​ឈាប​ន​ដ្ឋាន​​​​​​​ជា​ដើម​​មាន​តម្លៃ​​រាប់​លាន​ដុល្លារ​ ដែល​អ្នក​ណា​​ក៏​ចង់​បាន​​ដែរ ។ ​ចំណែក​ដី​​​​វាល​លិច​ទឹក​​ ឬ​ដី​បឹង​​ដែល​ក្រុម​​ហ៊ុន​​អេង កាំង ​ដោះ​ដូរ​​នោះ​ឆ្ងាយ​​ពី​ផ្លូវ​ជាតិ​​​ជិត​​១​គីឡូ​ម៉ែត្រ ​អត់​​មាន​​ហាង​ឆេង​​ទេ អាច​​​មាន​​​​តម្លៃ​រាប់​​ម៉ឺ​ន​ដុល្លារ​​ប៉ុណ្ណោះ ​មិន​ខុស​​ពី​យក​​ឆ្នាំង​ដី​​ដូរ​យក​ឆ្នាំង​​មាស​ពី​អ្នក​​ភូមិ​​ខ្ទរ​​ឡើយ ។​

​អ្នក​ភូមិ​​ខ្ទរ​​ដដែល​​​ ​ក្នុង​​ថ្ងៃ​បះ​​បោរ​កាល​ពី​​​ព្រឹក​​ថ្ងៃទី​​២១ ​កញ្ញា ​បាន​ចោទ​​​​ខ្លាំងៗ​ថា ​គណៈ​​កម្ម​ការ​​អាចារ្យ​វត្ត​​ និង​ចៅ​អធិការ​​វត្ត​បាន​​ឃុប​ឃិត​គ្នា​​លក់​ដី​​​ឱ្យ​ទៅ​ក្រុម​ហ៊ុន​​អេង កាំង ​ដោយ​​អត់​មាន​​ពិភាក្សា​​​​​ជាមួយ​​​​អ្នក​ភូមិ​​សោះ គឺ​​ពិភាក្សា​​ត្រូវ​ដង​​ត្រូវ​ផ្លែ​​តែ​​គ្នា​​ឯង​​ប៉ុន្មាន​​នាក់ ។​ ​អ្នក​ភូមិ​​បាន​ទាម​​ទារ​​សុំ​ឱ្យ​​ធ្វើ​ការ​បោះ​ឆ្នោត​​រើស​គណៈ​​​កម្ម​ការ​អាចារ្យ​វត្ត​​ជា​ថ្មី​​ឡើង​វិញ ​ព្រម​ទាំង​​សុំ​ឱ្យ​​ដូរ​ចៅ​អធិការ​​ចេញ​​ពី​វត្ត​​ផង​ដែរ​ ​ព្រោះ​ហ៊ាន​​ឃុប​ឃិត​​​គ្នា​​លក់ដី​វត្ត​​ ក៏ដូច​ជា​​ដី​របស់​អ្នក​​​ភូមិ​ខ្ទរ​​ទាំង​មូល​ដែរ ។

​​អ្នក​ភូមិ​និយាយ​ថា ​បើ​នៅ​តែ​​មាន​ការ​ដោះ​ដូរ​​​បន្ត​ទៀត​ មិន​ព្រម​​បោះ​បង់​​​កា​រ​ដោះ​ដូរ​​ទេ ​​បាតុ​​កម្ម​តវ៉ា​​នៅ​តែ​​កើត​មាន​​ដដែល​ ​និង​កាន់​​តែ​រីក​​​ធំ​​​មិន​​ខាន ។ ​ពួក​គេ​​និយាយ​ថា ​ទោះ​បី​​​ថ្នាក់​លើ​​យល់​ព្រម​​​ក៏​ដោយ ​ការ​យល់​ព្រម​​របស់​ថ្នាក់​លើ​​នោះ​ គឺ​​ជឿ​​ទៅ​លើ​ការ​​ភូត​កុហក​ ការ​បោក​ប្រាស់ ​តាម​លិខិត​​របស់​​ថ្នាក់​​​ក្រោម​​ដែល​​ពុក​រលួយ​​តែ​ប៉ុណ្ណោះ ។ ចំណែក​​ប្រជា​ពល​រដ្ឋ​​មួយ​ភូមិ​​​អត់​មាន​​អ្នក​ណា​ឯក​​ភាព​ទេ ​ឯក​ភាព​តែ​ចៅ​អធិការ​​ និង​អាចារ្យ​​​២​ទៅ​​​៣​នាក់​ប៉ុណ្ណោះ ។

ក្រុម​​អ្នក​សង្កេ​ត​ការណ៍​​បាន​និយាយ​​ថា ក្រុម​ហ៊ុន​​អេង កាំង ​គួរ​តែ​​ដក​ថយ​​​​ហើយ មិន​គួរ​​​ធ្វើ​ឱ្យ​​សង្គម​ជួប​ការ​​លំបាក​​ ដោយ​សារ​​តែមហិច្ឆ​តា​​អត់​​ព្រំ​ដែន​​របស់​ខ្លួន​ឡើយ ។ ព្រោះ​​ដី​វត្ត​​ ដី​មន្ទីរ​ពេទ្យ​ ដី​សាលា​រៀន ​សុទ្ធ​តែ​​ត្រូវ​បាន​​សម្តេច​​តេ​ជោ​​សំណូម​ពរ​​រួច​ហើយ​​ ប្រកាស​​​ក្តែង​ៗ​​រួច​ហើយ ​​ហាម​លក់​​ ឬ​​ដោះ​ដូរ ។ ​ក្រុម​អ្នក​សង្កេត​​ការណ៍​​កំពុង​តែ​​ពិនិត្យ​​ទៅ​លើ​​ដី​ដ៏​​ធំ​មហា​សាល​​ ដែល​ជាដី​​របស់​សាលា​​​ជាតិ​​កសិ​កម្ម​​ព្រែក​លៀប ​តើ​ប្រគល់​​​ឱ្យ​ទៅ​ក្រុម​ហ៊ុន​​អេង​ កាំង ​ដោយ​របៀប​ណា​? ​មាន​តម្លាភាព​​ដែរ​ឬ​អត់​​? ​សង្ស័យ​​​​ការ​ដោះ​ដូរ​​ដី​នេះ​​​​សុទ្ធ​តែ​​ជា​បញ្ហា​ដែល​ប៉ះ​ពាល់​​​ធ្ងន់​ធ្ងរ​​ណាស់​​ដល់​​សេដ្ឋ​កិច្ច​​​​-​សង្គម ។ កោះ​សន្តិ​ភាព​​បាន​ព្យា​​យាម​​​សុំ​ការ​បំភ្លឺ​​ពី​ក្រុម​ហ៊ុន​​​អេង កាំង ​ម្សិល​មិញ​​​នេះ ​ប៉ុន្តែ​​មិន​អាច​ទាក់​ទង​​បាន​​តាម​ទូរ​ស័ព្ទ​ ៕​​​