ខេត្តកំពង់ឆ្នាំង ៖ រថយន្តយីឌុបមួយគ្រឿង បានក្រឡាប់ធ្លាក់ពីលើស្ពានបឹងពោធិ៍ ស្ថិតក្នុងភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច លើកំណាត់ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ កញ្ញា ។ អ្វីដែលធ្វើឱ្យមានចំណាប់អារម្មណ៍ និងធ្វើឱ្យមន្ត្រីជំនាញនានាស្ទុះស្ទាមកពិនិត្យមើល និងរាយការណ៍បន្ទាន់ទៅក្រសួងរៀងៗខ្លួន ដោយសារតែនៅលើរថយន្តនោះមានដឹកធុងដែលមានសារធាតុពុល ឬប្រហែលជាអាស៊ីតដែលបានបែកធ្លាយហូរចូលទឹកប្រឡាយកំពុងហូរបណ្តាលឱ្យពុលត្រីងាប់ ហើយប្រជាពលរដ្ឋចាប់បានច្រើនគីឡូក្រាមគ្រប់ៗគ្នា ។
មន្ត្រីនគរបាលស្រុកកំពង់ត្រឡាចនិយាយថា នៅមុនពេលកើេតហេតុរថយន្តមួយគ្រឿងខាងលើម៉ាកហ៊្វុយហ្សូ ពាក់ស្លាកលេខកំពង់ធំ៣A-០២៧៤ ធ្វើដំណើរមកពីទិសខាងជើង តាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុតកើតហេតុបានរេចង្កូតធ្លាក់ពីលើស្ពាន បណ្តាលឱ្យបាក់បង្កាន់ដៃស្ពានក្រឡាប់ធ្លាក់ចូលប្រឡាយទឹក ។ ភ្លាមៗនោះ អ្នកបើកបររថយន្តដែលមិនដឹងថា បម្រើការងារឱ្យក្រុមហ៊ុនណាទេបានរត់គេចខ្លួនបាត់ ។ប្រភពដដែលបានបន្តថា ក្រោយពីរថយន្តក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក មានធុងធំៗជាច្រើនបានបែកធ្លាយហូរទឹកចេញ តែមិនដឹងថាមានសារធាតុពុលអ្វីខ្លះទេបានហូរចូលប្រឡាយទឹក ដែលកំពុងហូរ ។ អ្វីដែលសង្ស័យថាជាសារធាតុពុលនោះ ព្រោះធ្វើឱ្យត្រីជាច្រើនប្រភេទប្រកាច់ងាប់ពេញទឹក ហើយប្រជាពលរដ្ឋផ្អើលនាំគ្នាចាប់បានគ្រប់ៗគ្នា ។
លោកលី វីរៈ ស្នងការរងនគរបាលខេត្តថ្លែងថា លោកបានទទួលបញ្ជាពីលោកស្នងការឱ្យដឹកនាំមន្ត្រីប៉ូលិសបច្ចេកទេសមកត្រួតពិនិត្យមើល ប៉ុន្តែលោកមិនទាន់អាចវាយតម្លៃបានថាជាសារធាតុពុលអ្វីនោះទេ គ្រាន់តែដឹងថានៅលើរថយន្តដែលក្រឡាប់នោះមានធុងជ័រធំៗចំនួន២០ ក្នុងមួយធុងមានទម្ងន់១.០០០គីឡូក្រាម ហើយមានទឹកពណ៌៣ប្រភេទ គឺក្រហម ខៀវ និងលឿង ។ លោកបានបន្តថា ពេលនេះលោកកំពុងរង់ចាំមន្ត្រីជំនាញពីនាយកដ្ឋានបច្ចេកទេសក្រសួងមហាផ្ទៃមកពិនិត្យដែលនឹងដឹងលទ្ធផលនៅពេលក្រោយ ។
លោកសេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដែលបានចុុះពិនិត្យកន្លែងកើេតហេតុដែរថ្លែងថា លោកមិនច្បាស់ថាជាសារធាតុពុលអ្វីនោះទេ គ្រាន់តែដឹងថាត្រីដែលងាប់ ហើយប្រជាពលរដ្ឋចាប់បានគឺមានគ្រប់ប្រភេទទាំងអស់ដូចជា ត្រីឆ្លូញ ត្រីឆ្លាំង ត្រីអណ្តែង ត្រីច្រកែង ត្រីរៀល ត្រីឆ្ពិន ជាដើម ។ ត្រីទាំងនេះបានពុលងាប់ដោយប្រភេទ គឺត្រីមានស្រការលួយពោះ ភ្នែកស អស់រំអិល ចំណែកត្រីអត់ស្រកា អស់រំអិល ភ្នែកស និងរលាត់ស្បែកទៀតផង ដែលពេលនេះលោកបានយកត្រីទាំងនោះទៅពិនិត្យហើយនៅក្រសួង ។ ក្រៅពីមន្ត្រីជំនាញខាងលើ គេឃើញមន្ត្រីបរិស្ថាន និងមន្ត្រីសាធារណការក៏ចុះមកពិនិត្យដែរ ។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានហាមប្រាមប្រជាពលរដ្ឋដែលចាប់ត្រីទាំងនោះសូមកុំយកទៅទទួលទាន ក្រែងមានគ្រោះថ្នាក់ដល់ខ្លួន ។ ប្រជាពលរដ្ឋដែលចាប់បានត្រីទាំងនោះម្នាក់៤ទៅ៥គីឡូក្រាម និយាយថា ពេលគាត់ចុះចាប់ត្រីទាំងនោះ ខ្លួនប្រាណរបស់គាត់ដែលទទឹកនោះមានរមាស់ដែរ ហើយក្រៅពីចាប់បានត្រីនោះ ក៏មានអណ្តើក២ក្បាលវារឡើងកាត់ថ្នល់ត្រូវអ្នកដំណើរចាប់ យកទៅ ៕
ចែករំលែកព័តមាននេះ