ខេត្តសៀមរាប ៖ មានរថយន្តទំនើបរាប់សិបគ្រឿងហើយ ដែលគេយកទៅប្រើប្រាស់ដឹកជញ្ជូនឈើគ្រញូង ហើយត្រូវបានសមត្ថកិច្ចដែលគេហៅថា អ្នកមានអំណាចខាងចាប់ បានចាប់ជាបន្តបន្ទាប់នៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ។ល។ ក្រោយពេលចាប់ទាំងរថយន្តទាំងឈើគ្រញូងរួចមក មិនដឹងថារថយន្តទំនើបទាំងនោះហោះហើរទៅទីណាអស់ទេ ប៉ុន្តែត្រូវបានគេនិយាយថា អ្នកមានអំណាចខាងចាប់បានយកទៅប្រើប្រាស់ផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យអស់ទៅហើយ។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាអង្គភាពសវនកម្មនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រហែលជាមិនទាន់បានជ្រាបដំណឹងអាក្រក់ ដែលកំពុងកើតមានក្នុងចង្កោមអ្នកមានអំណាចតាមបណ្តាខេត្តទេមើលទៅ ។ មិនគួរទុកឱ្យអ្នកមានអំណាចទាំងនោះក្លាយជាស្តេចកត្រាញ់តាមចិត្តរបស់ខ្លួនបែបនេះឡើយ ។
តាមប្រភពច្បាស់ការណ៍ឱ្យដឹងថា ចៅក្រមសាលាដំបូងខេត្ដ បានចេញដីកាបង្គាប់ឱ្យអង្គភាពបរិស្ថានការពារតំបន់ធម្មជាតិអង្គរប្រគល់រថយន្ដមួយគ្រឿង ជាវត្ថុតាងបទល្មើសដឹកឈើគ្រញូងយកមករក្សាទុកវិញ បន្ទាប់ពីអង្គភាពនោះបានយកទៅប្រើប្រាស់អស់មួយរយៈពេលមក ។
ដីកាបង្គាប់ខាងលើធ្វើឡើងនៅគ្រាដែលគេឃើញមានរថយន្ដទំនើបៗជាវត្ថុតាងបទល្មើសឈើគ្រញូងជាច្រើនគ្រឿង កំពុងត្រូវបានគេបែងចែកគ្នាជិះជាលក្ខណៈឯកជន ហើយរថយន្ដខ្លះត្រូវបានបង្កឱ្យខូចខាត គឺបុកខ្ទេចខ្ទី និងមួយចំនួនទៀតត្រូវបានបាញ់ថ្នាំពណ៌ខុសពីទ្រង់ទ្រាយដើម រួចបំពាក់ស្លាកលេខថ្មីជិះជាលក្ខណៈឯកជនយ៉ាងរំភើយទុកដូចកេររបស់ខ្លួន ។
ចៅក្រមសាលាដំបូងខេត្ដ លោកអិុត សុធា ដែលជាអ្នកចេញដីកាបង្គាប់ឱ្យមន្ដ្រីបរិស្ថានយករថយន្ដជាវត្ថុតាងមករក្សាទុកវិញនោះបានមានប្រសាសន៍ប្រាប់កាលពីរសៀលថ្ងៃទី២៤ កញ្ញា ថា«ខ្ញុំបានចេញដីការយៈពេលមួយខែមកហើយ បង្គាប់ឱ្យមន្ដ្រីបរិស្ថានអង្គភាពការពារទេសភាពតំបន់ធម្មជាតិអង្គរ យករថយន្ដមួយគ្រឿងជាវត្ថុតាងប្រព្រឹត្តបទល្មើសព្រៃឈើមកទុកវិញ ដើម្បីរក្សាបាននូវគុណភាពរបស់វាមុននឹងមានសាលក្រមស្ថាពរពីតុលាការថា តើត្រូវរឹបអូសចូលសម្បត្ដិរដ្ឋ ឬប្រគល់ទៅឱ្យម្ចាស់ដើមវិញ ។
លោកបានបញ្ជាក់ថា រថយន្ដទំនើបៗជាវត្ថុតាងប្រព្រឹត្តបទល្មើសព្រៃឈើដែលជំនាញរដ្ឋបាលព្រៃឈើក៏ដូចបរិស្ថានបង្គ្រាបបាននាពេលកន្លងមកឃើញមានច្រើនណាស់ ប៉ុន្ដែគេយកមកផ្ញើតែមួយភ្លែត ក៏ខ្ចីយកវាទៅជិះដោយមិនមានភាពទទួលខុសត្រូវ ព្រោះអាងតែមិនមែនជារបស់ខ្លួនឯង ក្នុងនោះ មានរថយន្ដខ្លះជិះបង្កឱ្យគ្រោះថ្នាក់ក្រឡាប់ខូចខ្ទេចខ្ទី ខ្លះទៀតបាញ់ថ្នាំពណ៌ខុសពីទ្រង់ទ្រាយដើមក៏មានដែរ ។
ទាក់ទិនទៅនឹងដីកាបង្គាប់របស់តុលាការខាងលើប្រធានកម្រងតំបន់ធម្មជាតិអង្គរលោកហុង តារាវុធ បាននិយាយកាលពីថ្ងៃទី២១ កញ្ញា ថា អង្គភាពលោកបានធ្វើការប្រគល់រថយន្ដមួយគ្រឿងកាលពីថ្ងៃទី២០ កញ្ញា កន្លងទៅឱ្យសាលាដំបូងខេត្ដវិញហើយ តាមដីកាបង្គាប់របស់លោកអិុត សុធា ចៅក្រមសាលាដំបូង ។ ទោះជាយ៉ាងនេះក្ដី លោកមិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៅក្នុងដីកានោះទេ ដោយគ្រាន់តែប្រាបថា រថយន្ដដែលបានប្រគល់ទៅឱ្យតុលាការវិញនោះម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ជាវត្ថុតាងបទល្មើសឈើគ្រញូង ដែលកម្លាំងលោកបង្គ្រាបបានកាលពីពេលកន្លងទៅ ហើយអង្គភាពបានស្នើវាយកមកប្រើប្រាស់សម្រាប់អង្គភាព ។ គួរកត់សម្គាល់ថា ការយករថយន្ដទំនើបៗជាវត្ថុតាងបទល្មើសព្រៃឈើទៅចែកគ្នាជិះនោះកើតឡើងចាប់តាំងពីចុងឆ្នាំ២០១១ រហូតមក គឺក្រោយពេលទីស្ដីការគណៈរដ្ឋមន្ដ្រីបានចេញលិខិតមួយច្បាប់លេខ១១៧៩ សជណ.កស ចុះថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១១ ស្នើឱ្យស្ថាបន័តុលាការផ្ដន្ទាទោសចំពោះជនណាដែលប្រព្រឹត្តបទល្មើសព្រៃឈើឱ្យសមទៅតាមកំហុស និងរឹបអូសជាសម្បត្ដិរដ្ឋនូវរាល់មធ្យោបាយដឹកជញ្ជូនដែលរដ្ឋបាលព្រៃឈើបានចាប់ឃាត់ក្នុងអំឡុងពេលប្រតិបត្ដិការកន្លងមក ។
ក្រុមអ្នកតាមដានប្រតិបត្ដិការបង្គ្រាបបទល្មើសព្រៃឈើរបស់សមត្ថកិច្ចពាក់ពន្ធបានបង្ហាញថា មន្ដ្រីដែលយករថយន្ដទំនើបៗជាវត្ថុតាងបទល្មើសព្រៃឈើទៅជិះនោះមានដូចជាមន្ដ្រីរដ្ឋបាលព្រៃឈើ អង្គភាពនគរបាល មន្ដ្រីយោធា និងមន្ដ្រីក្រឡាបញ្ជីសាលាដំបូងខេត្ដ ចំនួន៣នាក់ផងដែរ។ រថយន្ដទាំងនោះសុទ្ធតែជាប្រភេទរថយន្ដទំនើបៗ មានដូចជាកាមរីឆ្លាម កាមរីបាឡែន កាមរីហាយព្រីត ឡង់គ្រីស្ស័រ ឡិចស៊ីស និងរថយន្ដរ៉ង់រឺវែរ ផងដែរ ។
ថ្វីបើបែបនេះក្ដីគេមិនអាចដឹងថា មានរថយន្ដប៉ុន្មានត្រូវបានគេបញ្ចេញពីកន្លែងរក្សាទុកវត្ថុតាងរបស់រដ្ឋបាលព្រៃឈើ និងបរិស្ថាន ទៅមន្ដ្រីពាក់ព័ន្ធជិះនោះនៅឡើយទេ ហើយមិនបានដឹងដែរថា រហូតមកទល់ពេលនេះមានរថយន្ដជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើប៉ុន្មានគ្រឿងត្រូវបានរឹបអូសដែរ ។ កាលពីពេលកន្លងទៅបុរសម្នាក់ដែលសុំមិនឱ្យបព្ចោញឈ្មោះបានរាយការណ៍ថា រថយន្ដគាត់មួយគ្រឿង ព្រោះតែដឹកឈើគ្រញូងទើបត្រូវបានសមត្ថកិច្ចបរិស្ថានតំបន់ការពារធម្មជាតិអង្គរ និងក្រឡាបញ្ជីមួយរូបស្ទាក់ចាប់បានកាលពីដើមឆ្នាំ ២០១២ កន្លងទៅ ។ ចាប់ពីពេលនោះមកគាត់មិនបានទទួលនូវសេចក្ដីជូនដំណឹងពីសមត្ថកិច្ចឱ្យចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់ម្ដងណាឡើយ ។ លុះក្រោយមកស្រាប់តែឃើញរថយន្ដរបស់គាត់ត្រូវបានលោកក្រឡាបញ្ជីរូបនោះជិះទៅវិញប្រៀបដូចអាងខ្លួនមានអំណាចចាប់យករបស់គេទៅប្រើប្រាស់ម៉ាសេរី។
បុរសរូបនោះបានបញ្ជាក់បន្ថែមថា រថយន្ដដែលសមត្ថកិច្ចចាប់នោះម៉ាកកាមរី ហាយព្រីត ស៊េរី២០០៧ ពណ៌ខ្មៅ គ្មានពន្ធនាំចូលទេទិញក្នុងតម្លៃ១២.០០០ដុល្លារអាមេរិក។ ក្រោយពីត្រូវចាប់ ហើយត្រូវមន្ត្រីក្រឡាបញ្ជីជិះនោះក៏បានបាញ់ថ្នាំពីខ្មៅទៅពណ៌មាស ព្រមទាំងបំពាក់ស្លាកលេខផងដែរ ។ បុរសរូបនោះបានបន្ដដោយរិះគន់ថា ការយករថយន្ដរបស់គាត់ទៅបាញ់ថ្នាំថ្មីជិះដោយមិនបានដោះស្រាយតាមផ្លូវច្បាប់បែបនេះ វាមិនខុសពីការបំពានដោយអំណាច ព្រោះដឹងថាគាត់ពិតជាមិនហ៊ានចូលខ្លួនតតាំងចំពោះមុខច្បាប់ទេ ។ បុរសដដែលនេះ បានបន្ដដោយចម្ងល់ថា តើការយករថយន្ដរបស់គាត់ដែលមិនទាន់មានសាលក្រមស្ថាពរសម្រេចយ៉ាងណានៅឡើយទៅកែថ្នាំជិះបែបហ្នឹង តើច្បាប់គេថាយ៉ាងម៉េចដែរ? តើបុគ្គលនោះមានទោសដែរឬអត់? សូមអស់លោកអ្នកច្បាប់ទាំងឡាយជួយបកស្រាយផង ។
ចំពោះចម្ងល់របស់បុរសខាងលើត្រូវបានលោកមេធាវីមួយរូបបានបកស្រាយថា ករណីយករថយន្ដវត្ថុតាងទៅលាបពណ៌ថ្មីនោះ គឺជាបទល្មើសលុបបំបាត់ភស្ដុតាង ដែលមានចែងនៅក្នុងមាត្រា៥៣៣នៃក្រមព្រហ្មទណ្ឌត្រូវផ្ដន្ទាទោសពីមួយឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល ។ ចៅក្រមសាលាដំបូងខេត្ដចំនួនពីររូបសុទ្ធតែបានបង្ហើបប្រហាក់ប្រហែលគ្នាថា រថយន្ដទំនើបៗជាវត្ថុតាងបង្គ្រាបបទល្មើសព្រៃឈើដែលគេបែងចែកឱ្យគ្នាជិះនោះភាគច្រើនពុំមានដាក់
បញ្ជូលនៅក្នុងសំណុំរឿងត្រូវបញ្ជូនមកតុលាការទេ ហើយករណីនេះជាករណីដឹងច្បាប់ ល្មើសច្បាប់ទាំងស្រុង ដោយមានចែងនៅក្នុងក្រមពហ្មទណ្ឌស្រាប់ ។
ចៅក្រមដដែលនោះបានពន្យល់ទាក់ទិនទៅនឹងផ្លូវច្បាប់ថា ចំពោះរថយន្ដជាវត្ថុតាងបទល្មើសព្រៃឈើទាំងអស់ មិនអាចអ្នកណាយកវាទៅជិះ ឬយកវាទៅបាញ់ពណ៌ថ្មីខុសទ្រង់ទ្រាយដើមបានទេ គឺគេត្រូវរក្សាទុកនៅក្នុងដំណាក់កាលស៊ើបអង្កេតនៃសំណុំរឿងនោះឱ្យចប់សព្វគ្រប់ ។
លោកចៅក្រមបានបន្ថែមថា ករណីនាំគា្នសប្បាយយករថយន្ដដែលមិនមែនជារបស់ខ្លួនទៅជិះនេះ បើសិនជាតំណាងអាយ្យកាបើកការចោទប្រកាន់អ្នកទាំងនោះមានទោសទាំងអស់ គ្មានអ្នកណាម្នាក់រួចខ្លួនឡើយ ។ ដូច្នេះបើដឹងខ្លួនល្មមយករថយន្ដទាំងនោះទៅប្រគល់ឱ្យមន្ដ្រីជំនាញរក្សាទុកវិញ។ អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាថហុកសាខាខេត្ដសៀមរាប លោកសួស ណារិន បានលើកឡើងថា ក្នុងនាមសង្គមស៊ីវិលសូមស្វាគមន៍ចំពោះការចេញដីកាបង្គាប់ឱ្យយករថយន្ដជាវត្ថុតាងប្រឡប់មកវិញរបស់តុលាការខេត្ដ ។ លោកបានបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេលចុងក្រោយនេះនៅគ្រាបទល្មើសដឹកជញ្ជូនឈើបានសម្រុកដឹកចេញ យើងឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងការបង្គ្រាបបទល្មើសព្រៃឈើបានប្រឹងប្រែងបង្គ្រាបបានច្រើន ព្រមទាំងរឹបអូសរថយន្ដទំនើបៗរាប់សិបគ្រឿងយកមករក្សាទុក ប៉ុន្ដែចំពោះចំណាត់ការរក្សាទុកវាហាក់ដូចជានៅមានភាពកម្សោយនៅឡើយទេ ក្នុងនោះមួយចំនួនចែកគ្នាជិះយ៉ាងអនាធិបតេយ្យមួយចំនួនទៀតទុកពាសវាលពាសកាលហាលភ្លៀង ហាលខ្យល់ ពុកផុយអស់ ។
លោកបានបន្ដថា ការធ្វើបែបហ្នឹងវាមិនមែនជាវិធានការល្អប្រសើរទេ គួរសមត្ថកិច្ចដែលមានភារកិច្ចថែរក្សាវត្ថុតាងទាំងអស់នោះរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ រង់ចាំតុលាការបើកសវនាការ និងចេញសាលក្រមសម្រេចរឹបអូស រួចដាក់ដេញថ្លៃឡាយឡុងយកប្រាក់ចូលថវិការដ្ឋទើបប្រសើរ ។ ក្រុមអ្នកវិភាគនិយាយថាពេលនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានអង្គភាពសវនកម្មមួយទើបបង្កើតឡើង មានលោកជីវ កេង ជាប្រធាន ប្រហែលជាមន្ត្រីអ្នកច្បាប់ក្នុងតុលាការទាំងនោះ អត់ខ្លាចលោកប្រធានជីវ កេង សម្លឹងមើលទេមើលទៅ ?
ចែករំលែកព័តមាននេះ