រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានមានវិធានការក្តៅដោយធ្វើការព្រមានត្រង់ៗទៅអាជ្ញាធរខណ្ឌទាំង៩ គឺចាប់ពីពេលនេះតទៅ សាលារាជធានីភ្នំពេញនឹងធ្វើស្ថិតិមួយច្បាស់លាស់ពិនិត្យមើលបើខណ្ឌណាមានចោរប្លន់ច្រើនជាងគេនឹងមានវិធានការដាក់ពិន័យ ។ លោកកែប ជុតិមា បានដាក់វិធានការបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារដ្ឋបាលសាលាខណ្ឌដង្កោថ្មី នាព្រឹកថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១២ ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទ តំណាងអាជ្ញាធរគ្រប់ខណ្ឌ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកកែប ជុតិមា មានប្រសាសន៍ថា ពេលនេះអាជ្ញាធរគ្រប់ខណ្ឌ គឺសុទ្ធតែគណបក្សប្រជាជនមិនត្រូវឆ្លើយដាក់បក្សណាទេ ត្រូវតែទទួលខុសត្រូវ ។ ដូចយើងដឹងស្រាប់ហើយថា នៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា គឺជាបក្សកាន់អំណាចដែលប្រជាពលរដ្ឋមានការជឿជាក់ពីការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ដូចនេះយើងជាអាជ្ញាធរដែលជាគណបក្សប្រជាជន មិនត្រូវធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ឬអស់សេចក្តីទុកចិត្តនោះទេ ហើយអ្វីដែលចាំបាច់ក្រៅពីការអភិវឌ្ឍទៀតនោះ គឺបញ្ហាសន្តិសុខនេះតែម្តង ដែលជាបញ្ហាសំខាន់បំផុត ។
លោកកែប ជុតិមា បានថ្លែងថា សាលារាជធានីភ្នំពេញ នឹងធ្វើស្ថិតិមួយ ពិនិត្យនិងតាមដាន បើខណ្ឌណាមានអំពើប្លន់ ឬក្រុមក្មេងទំនើង ឬក្រុមដាវសាមូរ៉ៃវាយកាប់ចាក់ និងប្លន់ច្រើនជាងគេ អាជ្ញាធរខណ្ឌនោះត្រូវទទួលខុសត្រូវ ឬមានការដាក់ពិន័យ ។ ការដាក់វិធានការរបស់លោកកែប ជុតិមា បែបនេះ ក្នុងបំណងជំរុញការពង្រឹងបញ្ហាសន្តិសុខ សុវត្ថិភាព គឺគោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅកាន់តែមានភាពកក់ក្តៅ និងកាន់តែមានការជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចថែមទៀត ។
មានការកត់សម្គាល់ថា អំពើប្លន់តែងកើតឡើងជាបន្តបន្ទាប់ស្ទើរតែរៀងរាល់ថ្ងៃក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយកាលពីពេលថ្មីៗនេះក្រុមចោរដែលតាមប្រមាញ់អ្នកលក់មាស និងប្លន់ក្នុងផ្ទះអ្នកលក់មាសតែងកើតឡើង ប៉ុន្តែបានស្ងាត់ទៅវិញ បន្ទាប់ពីចោរប្លន់២នាក់ ត្រូវបានសម្លាប់ក្នុងករណីព្យាយាមចូលប្លន់ក្នុងផ្ទះអាជីវករលក់មាសនៅក្បែរផ្សារជម្ពូវ័ន ។ ហេតុការណ៍បាញ់ និងវាយសម្លាប់ដោយកំហឹងរបស់ប្រជាពលរដ្ឋនោះបានបង្ហាញច្បាស់ថា គឺជាការស្អប់ខ្ពើមបំផុតសម្រាប់ឈ្មោះថាចោរ ពីសំណាក់តុលាការរាស្ត្រ ។
ទាក់ទិននឹងអគាររដ្ឋបាលសាលាខណ្ឌដង្កោនោះ លោកកែប ជុតិមា បានណែនាំឱ្យមន្ត្រីទាំងអស់ត្រូវប្រើប្រាស់អគាររដ្ឋបាលសាលាខណ្ឌដែលទើបសម្ពោធថ្មីនេះឱ្យចំគោលដៅគឺសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ ។
លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានឱ្យដឹងថា អគាររដ្ឋបាលមួយខ្នងដ៏ស្កឹមស្កៃនេះមានកម្ពស់៣ជាន់ ធ្វើអំពីបេតុងប្រក់ក្បឿង ទទឹង១៤,៥០ម៉ែត្រ បណ្តោយ២០,៤០ម៉ែត្រ ចាប់ផ្តើមសាងសង់ពីថ្ងៃទី៧ តុលា ឆ្នាំ២០១១ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី៨ កញ្ញា ២០១២ ។
នៅក្នុងឱកាសនោះ លោកជំទាវឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុង គ្រុប បានជួយឧបត្ថម្ភថវិកាចំនួន១៧.០០០ដុល្លារ សម្រាប់ធ្វើរបងថ្មជុំវិញអគារដ្ឋបាលសាលាខណ្ឌដង្កោនោះផងដែរ ៕
ចែករំលែកព័តមាននេះ