ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី២៦ កញ្ញា ២០១២ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពល ខេមភូមិន្ទ ជាអគ្គមេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស និងជាអនុប្រធានគណៈមេបញ្ជាការឯកភាពសមរភូមិព្រំដែនកម្ពុជា-ថៃ ទិសយោធភូមិភាគទី៤ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំធំមួយស្តីពីការពង្រឹងសន្តិសុខតាមបណ្តោយព្រំដែនជួរភ្នំដងរែក ។
ពិធីនេះរៀបចំឡើងនៅក្នុងទីបញ្ជាការដ្ឋានជួរមុខទិសទី១ប្រាសាទព្រះវិហារ ចំណុច៩៥ក្បែរប្រាសាទព្រះវិហារ ដោយមានការចូលរួមពីបណ្តានាយទាហានជាន់ខ្ពស់គ្រប់កងឯកភាពដែលកំពុងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងទិសយោធភូមិភាគទី៤ ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដីខេត្តព្រះវិហារគ្រប់ជាន់ថ្នាក់ សរុបប្រមាណ១០០នាក់ ។ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ស្តីពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តទៅលើសន្តិសុខព្រំដែនកម្ពុជា-ថៃ និងបានលើកឡើងអំពីបញ្ហាពលករខ្មែរឡើងទៅកាន់ភ្នំដងរែកឆ្លងចូលដីថៃដោយខុសច្បាប់ក្នុងការរកស៊ីកាប់ឈើគ្រញូងនោះ ហើយបច្ចុប្បន្នក៏កំពុងមានកង្វល់យ៉ាងខ្លាំងពាក់ព័ន្ធនឹងការបាញ់សម្លាប់ និងចាប់ពលរដ្ឋខ្មែរយកទៅដាក់គុកក្នុងប្រទេសថៃពីសំណាក់កងទ័ពសៀម បើទោះជាកន្លងទៅភាគីទាំង២បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ និងសុំឱ្យកងទ័ពសៀមបញ្ឈប់ការបាញ់សម្លាប់ខណៈពួកគេលួចចូលក៏ដោយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ