រាជធានីភ្នំពេញ ៖ ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ទំនងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីមួយបានសម្រេចចិត្តលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន ហើយក្រោយពេលលេបរួចបានដើរតាមផ្លូវគ្មានគោលដៅ បន្ទាប់មកបានដួលសន្លប់បាត់ស្មារតី និងត្រូវបានប៉ូលិសប៉ុស្តិ៍កាកាបប្រទះឃើញក៏នាំទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៥ កញ្ញា ២០១២ នៅលើចិញ្ចើមមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចមុខសាលាខណ្ឌពោធិ៍សែនជ័យ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ។ ស្ត្រីម្នាក់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែល៣០ឆ្នាំសម្បុរស កម្ពស់១,៦០ម៉ែត្រ ពាក់អាវយឺតដៃខ្លី ពណ៌ស ស្លៀកខោខូវប៊យជើងខ្លីត្រឹមជង្គង់ និងមានសក់វែង ហើយនៅពេលដួលសន្លប់នោះមានកាន់ដបសម្រាប់ដាក់ថ្នាំពេទ្យនៅជាប់នឹងដៃ១ផងដែរ ប៉ុន្តែ មិនត្រូវបានគេដឹងថាស្ត្រីរូបនេះលេបអស់ថ្នាំប៉ុន្មានគ្រាប់ឡើយ ។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍កាកាប បានដើរល្បាតទប់ស្កាត់បទល្មើសនៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះពេលទៅដល់ត្រង់ចំណុចមុខសាលាខណ្ឌពោធិ៍សែនជ័យបានប្រទះឃើញស្ត្រីរូបនោះកំពុងដេកសន្លប់ស្តូកស្តឹងនៅលើចិញ្ចើមផ្លូវក្បែររបងសាលាខណ្ឌនោះ ។ ភ្លាមៗនោះសមត្ថកិច្ចមិនបានដឹងថានាងមានរឿងអ្វីកើតឡើងឡើយ ដោយគ្រាន់តែសង្ស័យថានាងត្រូវខ្យល់គរទេ ក៏ប្រញាប់ប្រញាល់ដឹកនាងតាមរ៉ឺម៉កម៉ូតូកង់បីនាំទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីសង្គ្រោះបន្ទាន់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ