រាជធានីភ្នំពេញ ៖ នៅអំឡុងចុងខែតុលា ដើមខែវិច្ឆិកា ខាងមុខនេះ សហព័ន្ធវាយកូនបាល់កម្ពុជានឹងបើកការប្រកួតក្នុងទ្រង់ទ្រាយធំមួយកម្រិតអន្តរជាតិ ដែលនេះជាមុខមាត់ថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ដែលកាន់តែបោះជំហានទៅមុខសម្រាប់វិស័យកីឡា ។ មន្ត្រីថ្នាក់កំពូលដែលមានការមមាញឹកក្នុងផែនការធំនេះ កំពុងតែស្វះស្វែងរកជំនួយឱ្យបានច្រើនតាមលទ្ធភាពក្នុងន័យជំរុញព្រឹត្តិការណ៍ដ៏សំខាន់នេះឱ្យកាន់តែលេចធ្លោក្នុងនាមម្ចាស់ផ្ទះដែលមានកីឡាករមានស្នាដៃល្អលើឆាកអន្តរជាតិចូលរួម ។
ចាប់ពីចុងខែតុលាខាងមុខនេះ បណ្តាប្រទេសនៅលើពិភពលោកនឹងបញ្ជូនកីឡាករវាយកូនបាល់ជើងខ្លាំងមកបង្ហាញស្នាដៃនៅកម្ពុជា ដើម្បីដណ្តើមពានរង្វាន់ប្រចាំឆ្នាំ២០១២។ នេះជាកម្មវិធីប្រកួតធំមួយសម្រាប់វិញ្ញាសាវាយកូនបាល់ដែលតែងតែមានសកម្មភាពរៀងរាល់ឆ្នាំ ទោះជាមានឧបសគ្គមួយចំនួនបង្កឱ្យមានការប៉ះពាល់បន្តិចក្តី ក៏ត្រូវបានចាត់ទុកថាជាសញ្ញាល្អសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធវាយកូនបាល់ អាចចាត់ចែងព្រឹត្តិការណ៍ធំបានហូរហែមិនដែលដាច់ឡើយ ។
លោក ជា ពៅ គ្រូជំនួយកីឡាករវាយកូនបាល់ផ្នែកជម្រើសជាតិបានថ្លែងប្រាប់កោះសន្តិភាពកាលពីរសៀលថ្ងៃទី២៥ កញ្ញា មុននេះថា គម្រោងធំនេះនៅមិនទាន់កំណត់ឱ្យដឹងច្បាស់ថា មានប៉ុន្មានប្រទេសចូលរួមនោះទេ គឺអាស្រ័យទៅលើខាងសហព័ន្ធនៃប្រទេសនីមួយៗ គេជ្រើសរើសបញ្ជូនបញ្ជីឈ្មោះកីឡាករ ដោយគ្រាន់តែដឹងថា កីឡាករដែលចូលរួមមានប្រមាណពី៦០ទៅ៧០នាក់ឡើងទៅមកប្រកួតនៅស្រុកយើង ។ លោកអះអាងទៀតថា កម្មវិធីនេះមានរយៈពេល១៥ថ្ងៃ និងមានឈ្មោះថា «ប្រកួតវាយកូនបាល់អន្តរជាតិ ITF Man future F1 F2 F3» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាជាតិ ស្ថិតនៅតាមបណ្តោយផ្លូវសឡា ។
លោកជា ពៅ ឱ្យដឹងទៀតថា ផែនការនេះហាក់នៅរាងឆ្ងាយបន្តិច តែប្រធានសហព័ន្ធវាយកូនបាល់យើងមានការបារម្ភខ្លះដែរ ដោយសារតែយើងជាម្ចាស់ផ្ទះមានភារៈរៀបចំ ។ អីុចឹងហើយទើបពេលនេះយើងកំពុងស្វែងរកម្ចាស់ឧបត្ថម្ភកម្មវិធីឱ្យបានច្រើនពីបណ្តាក្រុមហ៊ុន និងអ្នកពាក់ព័ន្ធក្នុងការជួយគ្នាលើកកម្ពស់វិស័យកីឡាវាយកូនបាល់ឱ្យកាន់តែមានមុខមាត់ថែមទៀត ។ លោកមិនអស់សង្ឃឹមទេ ប្រសិនបើការជួយជ្រោមជ្រែងពីម្ចាស់ជំនួយមានតិចតួច ព្រោះគម្រោងយើងបានបង្កើតហើយមិនរំសាយទៅវិញជាដាច់ខាត ដោយសារតែកន្លងមកទោះបីយើងមិនសូវមានថវិកាច្រើនមែន តែក៏មានអ្នកគាំទ្រតាមជួយសហព័ន្ធយើងខ្លះដែរ។
ក្នុងនាមលោកជាអ្នកទទួលបន្ទុកបង្ហាត់បង្រៀនកីឡាករជម្រើសជាតិវាយកូនបាល់លោកនឹងរិះរកតិចនិកល្អៗយកមកបង្វឹកដល់កីឡាករឱ្យទទួលបានលទ្ធផលល្អជូនជាតិពេលប្រកួតលំដាប់អន្តរជាតិបែបនេះ ។ លោកជា ពៅ មានប្រសាសន៍ទៀតថា ព្រឹត្តិការណ៍សំខាន់ខាងមុខនេះយើងទទួលធ្វើជាម្ចាស់ផ្ទះមែន តែយើងហាក់សំណាងបន្តិចដែរ ដោយសារការហូបចុកស្នាក់នៅរបស់កីឡាករ គឺបណ្តាប្រទេសដែលចូលរួមពួកគេចាត់ចែងខ្លួនឯង គ្រាប់តែយើងចេះរៀបចំរកកន្លែងស្នាក់នៅណាដែលមានលក្ខណៈសមរម្យ មានផាសុកភាពល្អសមជាអ្នកទទួលភ្ញៀវព្រោះគេចំណាយប្រាក់ចាយវាយស្នាក់នៅដូច្នេះយើងក៏ត្រូវជួយគេវិញដែរ ។តាមការប្រកាសរបស់មន្ត្រីខាងលើនេះ យើងសង្ឃឹមយ៉ាងមុតមាំថា នឹងមានសប្បុរសជនជួយគាំទ្រកម្មវិធីដ៏សំខាន់នេះមិនខាន ដើម្បីលើកទឹកចិត្តដល់កីឡាករជាតិយើង ៕
ចែករំលែកព័តមាននេះ