ខេត្តមណ្ឌលគិរី ៖ ដើមចេកមួយដើមដុះលូតលាស់មានលក្ខណៈដូចេចកទូទៅ តែវាធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋនៅភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដោយសារតែវាបញ្ចេញផ្លែក្នុងលក្ខណៈចម្លែក គឺផ្លែនៅកណ្តាលដើម និងផ្លែទាំង៨ស្និតនោះលូតបញ្ច្រាសឡើងលើទៅវិញ ។
បើតាមការរៀបរាប់ពីម្ចាស់ផ្ទះដើមេចកចម្លែកនោះថា ថ្វីដ្បិតតែវាដុះនៅជាប់កន្លែងងូតទឹក តែពីដំបូងគាត់ពុំបានដឹងថា វាមានផ្លែនៅកណ្តាលដើមទេ ទើបតែកាលពីល្ងាចថ្ងៃទី២៥ កញ្ញា បុរសឈ្មោះករុណា ដើរទៅរកសុំម្ទេសរបស់គាត់យកទៅហូប ស្រាប់តែប្រទះឃើញ ។ ពេលបុរសនោះប្រាប់គាត់ ពីរឿងចេកចម្លែកនោះគាត់មិនទាន់ជឿទេ លុះទៅមើលជាក់ស្តែង ទើបមានការភ្ញាក់ផ្អើល ។
បុរសប្រទះឃើញផ្លែចេកចម្លែកនោះមុនគេឱ្យដឹងថា នៅពេលលោកកំពុងបេះផ្លែម្ទេសស្រាប់តែក្រឡេកឃើញផ្លែចេកមួយស្ទងនៅចំពាក់កណ្តាលដើម តែនឹកស្មានថានៅជាប់ដើមចេកនោះមានដើមខ្លះទាប ខ្លះខ្ពស់ ទើបមើលឃើញបែបនោះ ។ ដោយមិនអស់ចិត្តលោកដើរទៅវែកមើល ទើបឃើញច្បាស់ពិតជាផ្លែចេកចម្លែកដុះចេញពីកណ្តាលដើមមែន ។
រឿងដើមចេកមានផ្លែនៅកណ្តាលដើមបែបនេះពុុំមែនទើបតែមានជាលើកទីមួយទេនៅប្រទេសកម្ពុជា កន្លងមកក៏ធ្លាប់មានករណីបែបនេះដែរ ។ ម្ចាស់ចេកចម្លែកនោះអះអាងថា នៅក្នុងគ្រួសារគាត់ពុំមានហេតុភេទអ្វីគួរឱ្យចាប់អារម្មណ៍ទេ ហើយគាត់នឹងរង់ចាំមើលថា ក្រោយពីដឹងមានចេកចម្លែកបែបនេះ តើក្នុងគ្រួសារគាត់មានលាភសំណាង ឬមានភាពត្រជាក់ ត្រជុំដូចជាគេធ្លាប់មានជំនឿកន្លងមក ឬទេ ។
កន្លងមកមានចេកចម្លែកចេញផ្លែនៅកណ្តាលដើមដែរ តែសម្រាប់ចេកចម្លែកនៅខេត្តមណ្ឌលគិរី នេះ គឺវាចេញផ្លែនៅកណ្តាលដើម និងរឹតតែចម្លែកថែមទៀត គឺផ្លែចេកនោះលូតបញ្រ្ចាសឡើងលើ ៕
ចែករំលែកព័តមាននេះ