សារព័ត៌មានបរទេស កាលពីថ្ងៃទី២៤ កញ្ញា ផ្សាយថា លទ្ធផលនៃការស្ទង់មតិរបស់ជនជាតិស្វ៊ីសទាក់ទិននឹងការចេញច្បាប់ហាមជក់បារីនៅក្នុងការិយាល័យ និងទីសាធារណៈ រួមមាន ភោជនីយដ្ឋាន រង្គសាល សណ្ឋាគារ រោងភាពយន្ត និងមន្ទីរពេទ្យ កាលពីថ្ងៃទី២៣ កញ្ញា ឃើញថា ប្រហែល២ភាគ៣នៃអ្នកមានសិទ្ធិបោះឆ្នោតមិនយល់ស្រប ខណៈពេលរដ្ឋចំនួន២មានមតិផ្ទុយគ្នាទាក់ទងនឹងការលុបចោលការបន្ធូរបន្ថយពន្ធក្នុងអត្រាពិសេសសម្រាប់សេដ្ឋីជនបរទេសដែលស្នាក់នៅក្នុងប្រទេស ។
លទ្ធផលនៃការស្ទង់មតិក្នុងចំណោាម២៦រដ្ឋនៅទូទាំងប្រទេសឃើញថា ប្រជាជនប្រហែល៦៦ភាគរយក្នុង២៥រដ្ឋមិនយល់ស្របឱ្យមានច្បាប់នោះ លើកលែងតែរដ្ឋហ្សឺណែវ ជារដ្ឋមួយដែលមានសំឡេងគាំទ្រលើសេចក្តីព្រាងច្បាប់ ច្រើនជាងសមាគមសេដ្ឋកិច្ចរបស់ស្វ៊ីស ។ តំណាងអ្នកជំនួញផ្នែកសណ្ឋាគារបានសំដែងការត្រេកអរ និងធូរស្រាលលើលទ្ធផលការស្ទាបស្ទង់នោះ ថែមទាំងផ្តល់ហេតុផលថា ប្រសិនបើមានការប្រកាសឱ្យប្រើច្បាប់នោះ នៅទូទាំងប្រទេសនឹងមានផលប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ជាពិសេសក្នុងផ្នែកមុខជំនួញភោជនីយដ្ឋាន និងទីតាំងកំសាន្តសប្បាយ ដែលមានការកាត់ផ្តាច់ទីតាំងសម្រាប់អ្នកជក់បារី ឬបើកទីតាំងដោយផ្ទាល់ដល់មនុស្សដែលត្រូវការជក់បារី ។
ដោយឡែកសម្រាប់មេដឹកនាំគណបក្សសង្គមនិយមបានថ្លែងប្រកបដោយក្តីអស់សង្ឃឹម ព្រោះការមានច្បាប់ហាមជក់បារីនៅទីសាធារណៈដ៏តឹងរ៉ឹងនឹងជួយលើកកម្រិតបទដ្ឋានគ្រប់គ្រងសុខភាពរបស់ពលរដ្ឋស្វ៊ីស ។កាលពី២ឆ្នាំមុន អាជ្ញាធរស្វ៊ីស ធ្លាប់បានប្រើប្រាស់ច្បាប់នេះរួចមកហើយ ប៉ុន្តែអនុវត្តមិនគ្រប់ទីកន្លែងនៅទូទាំងប្រទេស និងមានការលើកលែងជាច្រើននៅក្នុងរដ្ឋនីមួយៗ ដូចជាមានរដ្ឋមួយចំនួនមិនអនុញ្ញាតឱ្យជក់នៅទីសាធារណៈ ប៉ុន្តែរដ្ឋខ្លះទៀត បែរជាអនុញ្ញាតឱ្យជក់បារីនៅកន្លែងដែលកំណត់។
ចំណែកឯលទ្ធផលការស្ទង់មតិ ដែលមានតែនៅលើរដ្ឋចំនួន២ គឺរដ្ឋ ឬក្រុងបាសែល និងប៊ើនទាក់ទងសំណើឱ្យមានការលុបចោលការប្រមូលពន្ធអត្រាពិសេសសម្រាប់ជនបរទេស ឃើញថា អ្នកស្រុកក្នុងរដ្ឋបាសែលភាគច្រើនយល់ស្រប ខណៈពេលអ្នកស្រុកប៊ើន៦៦,៥ភាគរយមិនយល់ស្រប ៕
ចែករំលែកព័តមាននេះ