ខេត្តកំពង់ចាម ៖ បុរស៣នាក់បានរួចផុតពីសេចក្តីស្លាប់តែភ័យព្រលឹងចុងសក់ ដោយសារតែបើករថយន្តម៉ាកកូរ៉ូឡាមួួយគ្រឿងបោះពួយលឿនហោះធ្លាក់ចូលទៅក្នុងរណ្តៅ កាលពីវេលាម៉ោងប្រហែល៣រសៀលថ្ងៃទី២៥ កញ្ញា ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បណ្តាលឱ្យរថយន្តបែកកញ្ចក់ខូចខាតគួរសម ។
តាមសាក្សីនៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា រថយន្តកូរ៉ូឡា ពណ៌ស ១គ្រឿង សេ៊រី១៩៩៦ បានបើកបរក្នុងល្បឿនលឿន ពីលិចទៅកើត លុះដល់ចំណុចកើតហេតុជាចំណុចផ្លូវកោងត្រង់ភូមិយាយស បួងចង្កូតមិនទាន់ក៏ជ្រុលធ្លាក់ចូលក្នុងរណ្តៅតែម្តង ។ សាក្សីបន្តថា ភ្លាមៗនោះគេឃើញក្បាលរថយន្តបែរទៅទិសខាងលិចវិញ ហើយរថយន្តបែកកញ្ចក់ខាងមុខ ។ ក្រោយហេតុការណ៍កើតឡើង គេឃើញបុរស៣នាក់បើកទ្វាររថយន្តចេញមកក្រៅ មិនរងរបួសទេ មួយសន្ធុះក្រោយមកឃើញកម្លាំង ប៉ុស្តិ៍រដ្ឋបាលឃុំទន្លេបិទ ចុះមកដល់កន្លែងកើតហេតុ ដើម្បីសួរនាំពីមូលហេតុ ។
បុរសម្នាក់ដែលជិះលើរថយន្តកូរ៉ូឡាមិនបញ្ចេញឈ្មោះប្រាប់ឱ្យដឹងថា ពួកគេបើករថយន្ត ចុះពីលើស្ពានគីហ្សុណាឆ្ពោះទៅត្រើយខាងកើត ហើយដោយសាររថយន្តបើកបរក្នុងល្បឿនលឿនផងលុះមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលធ្លាក់ចូលក្នុងរណ្តៅតែម្តង ។តាមអ្នកភូមិយាយសលើកឡើងថា ត្រង់រណ្តៅដែលរថយន្តធ្លាក់ចូលនេះ ជាចំណុចផ្លូវកោង បើអ្នកបើកបរមិនប្រយ័ត្នទេប្រាកដជាជួបគ្រោះថ្នាក់មិនខាន ៕
ចែករំលែកព័តមាននេះ