ខេត្តតាកែវ៖ ជនជាតិវៀតណាម២នាក់ក្នុងចំណោមបក្ខពួកច្រើននាក់ត្រូវបានប៉ូលិសស្រុកកោះអណ្ដែត ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ រួចបញ្ជូនបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចទូករបស់ប្រជាពលរដ្ឋជាញឹកញាប់លុះលើកក្រោយនេះត្រូវម្ចាស់តាមទាន់ក៏បានស្រែកឆោឡោឡើងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ូលិសចេញអន្តរាគមន៍ស្រាវជ្រាវចាប់ខ្លួនបាន២នាក់តែម្ដង ។
ហេតុការណ៍ប៉ូលិសចាប់ខ្លួនជនសង្ស័យលួចទូកនេះបានកើតឡើងកាលពីថ្ងៃទី២៣ កញ្ញា វេលាម៉ោង៧ និង៥០នាទីព្រឹកនៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ។ លោកឃុត ភិន អធិការស្ដីទីនគរបាលស្រុកកោះអណ្ដែតបានឱ្យដឹងថា ជនជាតិវៀតណាមដែលបានលួចយកទូកខ្មែរយើងយកទៅលក់នៅស្រុករបស់គេនោះម្នាក់ឈ្មោះ យ៉ យ៉ឹងលឹក ភេទប្រុស អាយុ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះញឹម សិត ហៅក្រឹងញឹក ភេទប្រុស អាយុ២៥ឆ្នាំទាំង២នាក់រស់នៅ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។ ពួកគេបានឆ្លងមកកម្ពុជាធ្វើសកម្មភាពលួចទូករបស់ប្រជាពលរដ្ឋដែលទុកនៅក្នុងប្រឡាយនៅតាមស្រុកនានាជាប់ព្រំដែនទៅលក់នៅប្រទេសវៀតណាមហើយនៅពេលលក់បានលុយហើយពួកគេត្រឡប់មកដីខ្មែរវិញធ្វើសកម្មភាពលួចបន្តទៀត ។
លោកអធិការស្ដីទីបានបន្តទៀតថា ជាក់ស្ដែងកាលពីថ្ងៃទី២៣ កញ្ញា វេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ពួកគេបានធ្វើសកម្មភាពលួចទូករបស់ឈ្មោះអ៊ុក បាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើទុកនៅក្នុងប្រឡាយខាងកើតភូមិ ។ នៅពេលពួកគេកំពុងតែអូសទូកចេញនោះក៏ត្រូវម្ចាស់ទូកទៅទាន់ក៏បានស្រែកថាចោរៗផ្អើលដល់ប៉ូលិសប៉ុស្ដិ៍ចុះមកតែក្រុមជនសង្ស័យរត់គេខ្លួនបាត់ លុះព្រឹកឡើងប៉ូលិសស្រុកក៏បានស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ និងច្រើននាក់ទៀតកំពុងតែរត់គេចខ្លួន ។ ក្រុមនេះតែងតែធ្វើសកម្មភាពលួចយកទូករបស់ប្រជាពលរដ្ឋដែលរស់នៅតាមស្រុកនៅជាប់ព្រំដែន មានស្រុកកោះអណ្ដែត បុរីជលសា និងស្រុកអង្គរបុរី ហើយប្រជាពលរដ្ឋតែងតែបាត់ទូកជាញឹកញាប់ ។
ជនសង្ស័យបាននិយាយសារភាពប្រាប់ប៉ូលិសថា ពួកគេពិតជាធ្លាប់លួចយកទូកប្រជាពលរដ្ឋខ្មែរ ប្រាកដមែន ។នៅពេលលួចបានហើយក៏ឆ្លងដែនចូលមកស្រុកខ្មែរធ្វើកម្មករលីសែងពេលថ្ងៃលុះពេលយប់ចេញដើរលួចទូកបន្តទៀត ។មន្រ្តីប៉ូលិសនិយាយថា កន្លងមកប្រជាពលរដ្ឋតែងតែបាត់ទូកញឹកញាប់ណាស់ ហើយក៏មានការស្រាវជ្រាវផងដែរតែមិនមានពន្លឺពីទូកដែលបាត់នោះសោះដែលការពិតចោរលួចយកទៅលក់នៅស្រុកគេទើបទូកដែលលួចបាត់ស្រមោលរហូត ។ទូករបស់ប្រជាពលរដ្ឋដែលបាត់មិនមែនទូកតូចៗទេគឺជាទូកល្អនិងមានបំពាក់ម៉ាស៊ីនផងដែរ ៕
ចែករំលែកព័តមាននេះ