រាជធានីភ្នំពេញ ៖ បុរសជនជាតិដាណឺមា៉កម្នាក់ ត្រូវបានប្រពន្ធឃើញដេកស្លាប់នៅលើគ្រែពូកក្នុងបន្ទប់លេខ៦ជាន់ទី១នៃផ្ទះសំណាក់CITY KAMPUS ដែលមានទីតាំងលេខ២B ផ្លូវលេខ៩០ ភូមិទី១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១២ ខណៈពេលប្រពន្ធភ្ញាក់ពីដំណេក ហើយដាស់ប្តីឲ្យក្រោក ។
ជនជាតិដាណឺម៉ាដែលស្លាប់ក្នុងផ្ទះសំណាក់ខាងលើត្រូវគេស្គាល់ឈ្មោះ HANSEN CARSTEN ភេទប្រុស អាយុ៤៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ២០៣៨៧១៤៧៣ ចូលមកស្នាក់នៅផ្ទះសំណាក់ CITY KAMPUS ជាមួយប្រពន្ធ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១២ជាអ្នកទេសចរ ។
ប្រពន្ធជនរងគ្រោះបាននិយាយឲ្យសមត្ថកិច្ចដឹងថា រូបគាត់ និងប្តីបានចូលមកស្នាក់នៅផ្ទះសំណាក់ខាងលើកាលពីរសៀលថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១២។ ក្រោយពីយកកាបូបខោអាវដាក់ក្នុងបន្ទប់រួចហើយក៏នាំគ្នាជិះរ៉ឺម៉កមូ៉តូកង់បីជុំវិញរាជធានីភ្នំពេញ រហូតដល់មោ៉ងប្រហែលជា៤ល្ងាចថ្ងៃដដែលទើបមកផ្ទះសំណាក់វិញ ។ នៅព្រឹកថ្ងៃទី២៥ កញ្ញា មានគម្រោងទៅលេងបឹងជើងឯក បុ៉ន្តែនៅវេលាមោ៉ង៨ និង១០នាទីព្រឹកនោះគាត់បានភ្ញាក់មុនប្តីរួចដាស់ប្តីឲ្យក្រោកទើបដឹងថា ប្តីរបស់គាត់មិនដឹងស្លាប់តាំងពីពេលណាទេ ។ បន្ទាប់ពីដឹងថាប្តីស្លាប់ គាត់បានចុះមកប្រាប់អ្នកទទួលខុសត្រូវផ្ទះសំណាក់ឱ្យរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ។
សមត្ថកិច្ចបាននិយាយាថា បុរសជនជាតិដាណឺម៉ាកខាងលើស្លាប់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិតព្រោះនៅក្នុងបន្ទប់ស្នាក់នៅរបស់បុរសនេះសមត្ថកិច្ចរកឃើញសម្ភារមួយចំនួនទាក់ទិននឹងថ្នាំញៀន ។ ទោះបីជាបែបនេះក៏ដោយគ្រូពេទ្យប្រចាំតុលាការដែលមកពិនិត្យសពនោះបានយកទឹកនោមបុរសជនជាតិដាណឺម៉ាករូបនោះទៅធ្វើការពិសោធន៍ផងដែរ ៕
ចែករំលែកព័តមាននេះ