យោងតាមសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងKCNA ថា សម័យប្រជុំលើកទី៦នៃសភាប្រជាជនកំពូលកូរ៉េខាងជើងបានបញ្ចប់កាលពីរសៀលថ្ងៃទី២៥ កញ្ញា ដោយពុំមាននិយាយជាពិសេសពីការកែទម្រង់សេដ្ឋកិច្ចក្នុងទ្រង់ទ្រាយធំមួយនោះឡើយ។
ដោយមានវត្តមានរបស់ជនលេខ១កូរ៉េខាងជើង លោកគីម ជុង អ៊ុន សម័យប្រជុំនោះគ្រាន់តែអនុម័តច្បាប់មួយដែលឱ្យការអប់រំនៅកូរ៉េខាងជើងត្រូវមានរយៈពេល១២ឆ្នាំ ។សេចក្តីរាយការណ៍របស់KCNA ឱ្យដឹងទៀតថា បញ្ហាទាំងឡាយដែលលើកឡើងក្នុងឱកាសនៃសម័យប្រជុំនោះទាក់ទិនដល់ការអនុម័តច្បាប់ ស្តីពីការអប់រំដែលតម្រូវរយៈពេល១២ឆ្នាំ និងបញ្ហានានារបស់សភា ។ ច្បាប់ស្តីពីការអប់រំចំណេះទូទៅកំណត់រយៈពេល១២ឆ្នាំត្រូវបានអនុម័តជាឯកច្ឆន្ទដោយបណ្តាសមាជិកសភា ។ ក៏ប៉ុន្តែKCNA ពុំបានរាយការណ៍ពីវិធានការកែទម្រង់សេដ្ឋកិច្ចនានា ដូចដែលម៉ាស៊ីនឃោសនាបរទេសទាំងឡាយលើកឡើងនោះឡើយ ។
នៅកូរ៉េខាងជើង ការសិក្សាសាលាចំណេះទូទៅមាន១១ឆ្នាំគឺ១ឆ្នាំនៅមត្តេយ្យ សាលា មុនពេលចូលសាលាបឋមសិក្សា ។ នៅសាលាបឋមសិក្សាសិស្សត្រូវរៀនរយៈពេល៤ឆ្នាំ ហើយនៅវិទ្យាល័យរៀនរយៈពេល៦ឆ្នាំ ។ ការសិក្សាឥតគិតថ្លៃសម្លាប់សិស្សមានអាយុពី៥ទៅ១៦ឆ្នាំ ។ យោងតាមច្បាប់ថ្មី កុមារកូរ៉េខាងជើងត្រូវរៀនសាលាបឋមសិក្សារយៈពេល៦ឆ្នាំ នៅអនុវិទ្យាល័យ៣ឆ្នាំ និងនៅវិទ្យាល័យរយៈពេល៣ឆ្នាំដែលប្រព័ន្ធនេះប្រហែលគ្នានឹងនៅកូរ៉េខាងត្បូងដែរ ៕
ចែករំលែកព័តមាននេះ