ខេត្តកំពង់ចាម ៖ បុរស៣នាក់ភ័យទាំងព្រលឹងចុងសក់ និងពិតជាមានសំណាងល្អដោយមិនគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែរថយន្តកូរ៉ូឡាមួយគ្រឿង បើកបោះពួយដូចហោះធ្លាក់ចូលទៅក្នុងរណ្តៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៣រសៀលថ្ងៃទី២៥ កញ្ញា ២០១២ ស្ថិតក្នុងភូមិយាយ.ស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។
តាមសាក្សីឱ្យដឹងថា រថយន្តកូរ៉ូឡា ពណ៌ស ១គ្រឿង ស៊េរី១៩៩៦ បានបើកក្នុងល្បឿនលឿនចេញមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើតដល់ត្រង់ផ្លូវកោងត្រង់ភូមិយាយ.ស យកចង្កូតមិនទាន់ជាហេតុជ្រុលមកធ្លាក់ចូលក្នុងរណ្តៅលាន់ក្ឌាំងតែម្តង ។
សាក្សីប្រាប់បន្តឱ្យដឹងទៀតថា ភ្លាមៗនោះក៏បានចេញទៅមើលឃើញក្បាលរថយន្ត បែរទៅទិសខាងលិចវិញ ហើយខូចរថយន្តបែកកញ្ចក់ខាងមុខស្រាំ ព្រមទាំងបានឃើញបុរស៣នាក់ បើកទ្វាររថយន្តចេញមកក្រៅពិតជាសំណាងល្អដែលមិនមាននរណាម្នាក់រងរបួស ។ មួយសន្ទុះក្រោយមកឃើញកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទន្លេបិទ ចុះមកដល់កន្លែងកើតហេតុ ដោយបានសួរនាំពីក្រុមអ្នកជិះរថយន្តនោះផងដែរ ។ ម្យ៉ាងទៀតបើសិនជាបង្កឱ្យអ្នកដំណើរណាម្នាក់រងគ្រោះនោះថ្នាក់រថយន្តកូរ៉ូឡានេះ និងត្រូវស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ