នាវាផ្ទុកយន្តហោះដំបូងគេរបស់ចិនបានដាក់ឱ្យប្រើប្រាស់ហើយកាលពីថ្ងៃទី២៥ កញ្ញា ខណៈកំពុងកើតមានវិបត្តិការទូតខ្លាំងរវាងក្រុងប៉េកាំងនិងក្រុងតូក្យូលើរឿងអធិបតេយ្យភាពនៃប្រជុំកោះសេនកាគូ-ឌីអាវយូ ។យោងតាមក្រសួងការពារប្រទេសចិនថា នាវាឈ្មោះលីអាវនីញ LIAONINGនោះនឹងរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចការពារអធិបតេយ្យភាព សន្តិសុខនិងការពង្រីកផលប្រយោជន៍ជាតិ ។ ក្រសួងនេះបន្តថា ការបញ្ចូលនាវាផ្ទុកយន្តហោះនេះក្នុងនាវាចម្បាំងចិននឹងពង្រឹងដល់ការធ្វើឱ្យទំនើបកងកម្លាំងនាវាចរណ៍ធ្វើប្រតិបត្តិការ ។
ទិញតែសំបកពីអ៊ុយក្រែនមកនាវាផ្ទុកយន្តហោះនោះត្រូវបានយកមកកែប្រែថ្មីក្នុងកំពង់ផែDALIANទីប្រជុំជននៃខេត្តលីអាវនីញជាឈ្មោះរបស់នាវា ។សម្រាប់ពួកអ្នកជំនាញការខាងយោធាយល់ថា តួនាទីប្រតិបត្តិរបស់នាវានោះនឹងមានកម្រិត ក៏ប៉ុន្តែនោះជាមោទនភាពមួយសម្រាប់កងនាវាចរណ៍ចិនដែលរហូតមកដល់ពេលនេះនៅពុំទាន់មាននាវាផ្ទុកយន្តហោះនៅឡើយ ។
ឧត្តមនាវីចិនលោកយ៉ង់ យី ក្នុងវេទិកាសាធារណៈមួយគូសបញ្ជាក់កាលពីថ្ងៃទី២៥ កញ្ញាថា គ្រប់ប្រទេសមហាអំណាចទាំងអស់ ឬរហូតដល់បណ្តាប្រទេសខ្លាំងមធ្យមសុទ្ធតែមាននាវាផ្ទុកយន្តហោះហើយធម្មតាទេដែលចិនក៏ត្រូវមាននាវានោះដែរ ៕
ចែករំលែកព័តមាននេះ