រាជធានីភ្នំពេញ ៖ សន្តិសុខម្នាក់របួសធ្ងន់ អ្នករត់ម៉ូតូឌុបម្នាក់របួសស្រាល និងខូចខាតម៉ូតូមួយគ្រឿង ខណៈពេលកំពុងតែរវល់ឈរនិយាយគ្នាលេងនៅចិញ្ចើមផ្លូវស្រាប់តែរថយន្តវីហ្គោ ពណ៌ទឹកប្រាក់ បើកទៅបុកកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ កញ្ញា នៅលើផ្លូវលេខ៦៣ កែងផ្លូវលេខ៣៩២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានមនុស្ស៣នាក់ឈរជជែកគ្នាលេងនៅចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តវីហ្គោ ពណ៌ទឹកប្រាក់មួយគ្រឿងបើកតាមផ្លូវលេខ៦៣ ក្នុងស្ថានភាពស្រវឹង ពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើរថយន្តបួងចង្កូតមិនទាន់បានជ្រុលល្បឿនទៅបុកអ្នកទាំងបីដែលឈរនិយាយគ្នានៅចិញ្ចើមផ្លូវ តែរត់រួចម្នាក់ធ្វើឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ និងម៉ូតូវ៉េវ ពណ៌ខ្មៅ បុកដួលបែកក្បាំង ចំណែករថយន្តបន្ថែមល្បឿនទៅទិសខាងត្បូងបាត់ស្រមោល ។
អ្នករងរបួសធ្ងន់ឈ្មោះហែម ជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនKPP ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ ខណ្ឌមានជ័យ របួសបែកក្បាលសន្លប់ និងម្នាក់ទៀតរបួសស្រាលឈ្មោះ សុខ ចាន់ណែត ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និងជាម្ចាស់ម៉ូតូវ៉េវ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ របួសរយះក្បាលតិចតួច ។ ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
ចែករំលែកព័តមាននេះ