រាជធានីភ្នំពេញ ៖ មានហេតុការណ៍ប្រទូស្តរ៉ាយគ្នាដ៏ធំមួយបានកើតឡើងនៅចំណុចមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែងស្ថិតនៅ ភូមិ១ ផ្លូវលេខ៥១២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ កញ្ញា បណ្តាលមកពីបុរសម្នាក់បើករថយន្តម៉ាក ណាវ៉ារ៉ា ពណ៌ឈាមជ្រូក បុកបង្គោលភ្លើងនៅតាមបណ្តោយផ្លូវលេខ៣៧១ ទល់មុខផ្ទះសំណាក់សុខសាន្ត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយបើករថយន្តរត់គេចមកដល់ចំណុចយានដ្ឋានជួសជុលរថយន្ត ត្រូវសមត្ថកិច្ចតាមទាន់ ក៏កើតការប្រទូស្តរ៉ាយគ្នាឡើងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលខណ្ឌចំការមន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនរាប់សិបនាក់ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសអ្នកបើកបរ ។
តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍ខាងលើនេះបានឱ្យដឹងថា មុនពេលកើតហេតុគេពុំដឹងថា រថយន្តខាងលើនេះបើកបរធ្វើដំណើរចេញពីទីណាឆ្ពោះទៅចំណុចណាឡើយ ។ ប៉ុន្តែនៅវេលាយប់នោះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានប្រទះឃើញរថយន្តដែលមានភិនភាគដូចខាងលើបើកបរតាមបណ្តោយផ្លូវលេខ២៧១ ទាំងបែកកង់មុខខាងស្តាំ និងមានធ្លាក់កាងរថយន្តអូសថ្នល់ជាហេតុធ្វើឱ្យក្រុមសមត្ថកិច្ចមានការសង្ស័យថា រថយន្តមួយគ្រឿងនេះទំនងជាទើបនឹងបុកគ្នាហើយបើករត់គេចពីការទទួលខុសត្រូវ ។ ផ្តើមចេញពីការសង្ស័យបែបនេះក្រុមសមត្ថកិច្ចក៏នាំគ្នាជិះម៉ូតូដេញរថយន្តណាវ៉ារ៉ាខាងលើយ៉ាងប្រកិត តាំងពីមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរហូតដល់យានដ្ឋានជួសជុលរថយន្តខាងលើ ទើបម្ចាស់រថយន្ត ណាវ៉ារ៉ាឈប់ចត ហើយចុះពីលើរថយន្តគេចខ្លួនបាត់។
ក្នុងហេតុការណ៍ខាងលើនេះក្រុមសមត្ថកិច្ចមូលដ្ឋានបានព្យាយាមទំនាក់ទំនងរកម្ចាស់រថយន្តណាវ៉ារ៉ា ដើម្បីសួរនាំអំពីហេតុផលដោយសមត្ថកិច្ចបានឃើញរថយន្តនេះមានស្លាក់ស្នាមបុកគ្នា ។ ពេលនោះម្ចាស់យានដ្ឋានរថយន្តបានទំនាក់ទំនងទៅម្ចាស់រថយន្តឱ្យត្រឡប់មកយានដ្ឋានវិញ ព្រោះមានសមត្ថកិច្ចមកច្រើនណាស់ ។ នៅពេលដែលម្ចាស់រថយន្តណាវ៉ារ៉ា ត្រឡប់មកដល់ ស្រាប់តែបានទាស់គ្នាបែកផ្សែងជាមួយសមត្ថកិច្ចមូលដ្ឋាន បង្កឱ្យមានការប្រទូស្តរ៉ាយគ្នាមួយប្រាវធំ ។ ក្នុងហេតុការណ៍នោះក្រុមសមត្ថកិច្ចមូលដ្ឋានបានបង្កើនកម្លាំងចម្រុះនិងឃាត់ខ្លួនអ្នកបើកបររថយន្តណាវ៉ារ៉ាឈ្មោះ ហាក់ បញ្ចូនទៅប៉ុស្តិ៍ ហើយនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៥ កញ្ញា ទើបបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ប្រទូស្តរ៉ាយគ្នាខាងលើនេះក្រុមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា នឹងចាត់វិធានការប្តឹងលើបុគ្គលអ្នកបើកបររថយន្តណាវ៉ារ៉ា ពីបទបង្ករបួសស្នាមនិងជេរប្រមាថកម្លាំងសមត្ថកិច្ច ។ ក្រុមសមត្ថកិច្ចបានបញ្ជាក់ថា ទង្វើរបស់អ្នកបើកបររថយន្តណាវ៉ារ៉ានោះ មានចរិតច្រងេងច្រងាងខ្លាំងណាស់ ដូច្នេះសូមឱ្យសមត្ថកិច្ចថ្នាក់លើជួយមានវិធានការចាត់ការលើអ្នកបើកបររថយន្តខាងលើទៅតាមនីតិវិធី ។ មូលហេតុដែលក្រុមមន្ត្រីសមត្ថកិច្ចលើកឡើងដូច្នេះដោយសារនៅយប់កើតហេតុនោះគេបានឃើញមានក្រុមគ្រួសាររបស់ម្ចាស់រថយន្តណាវ៉ារ៉ានោះជិះសុទ្ធតែរថយន្តស៊េរីទំនើបៗ មកអន្តរាគមន៍សម្បើមណាស់ ។
អ្នកបើកបររថយន្តណាវ៉ារ៉ាបានស្រែកឡូឡាជេរប្រមាថសមត្ថកិច្ច ហើយគំរាមសមត្ថកិច្ចថា «ពួកឯងអត់រួចខ្លួនទេ»និងថែមទាំងព្រមានទៀតថា នឹងប្តឹងពួកប៉ូលិសដែលចាប់រូបគេដាក់ខ្នោះ ព្រោះគេមិនមានជាចោរប្លន់ទេហេតុអី្វទើបសមត្ថកិច្ចចាប់គេដាក់ខ្នោះបែបនេះទៅវិញ ៕
ចែករំលែកព័តមាននេះ