រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងដោយរថយន្តម៉ាកកូរ៉ូឡា ពណ៌ស្លែបើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ហើយបែកកង់មុខទាំងសងខាង បណ្តាលឱ្យរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមរលំសង្កត់លើម៉ូតូមួយគ្រឿង និងកង់ រួចជ្រុលទៅបុកស្លាកយីហោបា៉ណូ បាក់អស់២ផ្ទាំងបន្ថែមទៀត កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ កញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានទាក់ទិននឹងគ្រោះថ្នាក់ខាងលើនេះបានឱ្យដឹងថា មិនមានមនុស្សរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍នោះទេ ។ ទោះជាយ៉ាងនេះក្តីអ្នករួមដំណើរនៅក្នុងរថយន្តបង្កមានឪពុកម្តាយ និងកូនតូចម្នាក់ផងនោះ បានរងរបួសតិចតួចដែរ ចំណែកឯរថយន្តវិញ បានរងការខូចខាតយ៉ាងខ្លាំង ។
ប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍ខាងលើនេះគេឃើញម៉ូតូមួយគ្រឿងម៉ាកស្មាសពណ៌ខ្មៅនិងកង់មួយគ្រឿងដែលបញ្ឈរទុកនៅក្បែរបង្គោលបានរងការខូចខាតដោយសាររថយន្តបុកបង្គោលភ្លើងបណ្តាលឱ្យរលំសង្កត់លើម៉ូតូ និងកង់ ។ លើសពីនេះទៀតផ្ទាំងប៉ាណូ ស្លាកយីហោខារ៉ាអូខេ១៦៨ពីរផ្ទាំងបានរងការខូចខាតផងដែរ ។
ក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចនគរបាលចរាចរមូលដ្ឋានសហការជាមួយនគរបាលការិយាល័យជំនាញចុះវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ