រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX330 ពណ៌ខ្មៅ អ្នកបើកបរទាំងស្រវឹងជោកជិះទៅបុករ៉ឺម៉កម៉ូតូខាងឆ្វេងដាច់កាងម្ខាងបាក់ខ្ទេចធ្វើឲ្យរ៉ឺម៉កម៉ូតូនោះប៉ើងទៅបោកនឹងរថយន្តឡិចស៊ីសLX៤៧០ ពណ៌ខ្មៅ ចតនៅចិញ្ចើមផ្លូវធ្វើឲ្យក្រពឹតគូទចំហៀងខាងឆ្វេង តែមិនបង្កឲ្យមានអ្នករងរបួសទេ ចំណែករថយន្តបង្កព្យាយាមបើកគេចត្រូវសមត្ថកិច្ចដេញតាមរហូតដល់ផ្ទះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៤ កញ្ញា នៅតាមផ្លូវលេខ២៥៧ ក្នុងភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តឡិចស៊ីសRX330ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ស្រវឹងជោកពីត្បូងទៅជើង ចំណែករ៉ឺម៉កម៉ូតូ បើកពីជើងទៅត្បូង ក្នុងទិសដៅបញ្រ្ចាសគ្នា ខណៈមកដល់ចំណុចខាងលើស្រាប់តែរថយន្តឡិចស៊ីសRX330បើកទៅបុកចំកង់រ៉ឺម៉កម៉ូតូ បណ្តាលឲ្យបាក់ខ្ទេចកង់ចំហៀងខាងឆ្វេង តែម្ចាស់រ៉ឺម៉កម៉ូតូមិនមានរងរបួសទេ ចំណែករ៉ឺម៉កម៉ូតូប៉ើងទៅបោកនឹងគូទរថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ ចតនៅចិញ្ចើមផ្លូវធ្វើឲ្យក្រពឹតចំហៀងខាងឆ្វេង ។ ដោយឡែករថយន្តបង្កព្យាយាមបើកគេចត្រូវសមត្ថកិច្ចជិះដេញតាមរហូតដល់មុខផ្ទះលខេ៧០A ផ្លូវលេខ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជាផ្ទះរបស់ម្ចាស់រថយន្តបង្កនោះបានបើករថយន្តចូលក្នុងផ្ទះតែម្តង ។
ប្រភពដដែលបានបន្តទៀតថា សមត្ថកិច្ចបានហៅជនបង្កទៅដោះស្រាយនៅកន្លែងកើតហេតុវិញ ។ អ្នកបើករថយន្តបង្កស្រវឹងនិយាយលែងដឹងខុសត្រូវទៅហើយនោះ ពិបាកក្នុងការចរចាគ្នា ម្ចាស់រថយន្តឡិចស៊ីស៤៧០ដែលខូចខាតបានទាមទារសំណង៥០ដុល្លារ ក៏បើកចេញទៅបាត់ ។ នៅសល់តែរ៉ឺម៉កម៉ូតូខូចខាតច្រើនជាងគេបានទាមទារ១០០ដុល្លារ តែម្ចាស់រថយន្តបង្កសងតែ៤០ដុល្លារ ។ ដោយការចរចាគ្នាមិនត្រូវ សមត្ថកិច្ចយករថយន្តបង្កនិងរ៉ឺម៉កម៉ូតូនោះទៅរក្សាទុកនៅខណ្ឌទួលគោក រង់ចាំដោះស្រាយបន្តទៀត ៕
ចែករំលែកព័តមាននេះ