ខេត្តក្រចេះ ៖ រថយន្តម៉ាកសាំយ៉ុងមួយ គ្រឿងមានផ្ទុកអ្នកដំណើរ១៥នាក់ បានបុកម៉ូតូពីក្រោយបណ្តាលឱ្យរថយន្តរេចង្កូតក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវជាច្រើនត្រឡប់ តែសំណាងល្អមិនបង្កឱ្យមនុស្សជិះក្នុងរថយន្តណាម្នាក់រងរបួសធ្ងន់ធ្ងរ គ្រាន់តែក្រឡុកបោកពកក្បាល និងរលាត់ដៃជើង រីឯអ្នកបើកម៉ូតូបានរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ កញ្ញា លើើផ្លូវជាតិលេខ៧៣ ស្ថិតក្នុងភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ។
បើកបរដោយឈ្មោះ អ៊ុន សុខជា អាយុ៤២ឆ្នាំ មានទីលំនៅខេត្តរតនគិរី និងមានផ្ទុកអ្នកដំណើរស្រី-ប្រុសចំនួន១៥នាក់ ។ ពេលចេញដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ បើកបរដោយឈ្មោះ បាវ គី អាយុ៥៧ឆ្នាំ មានទីលំនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូ និងរថយន្តបើកស្របទិសគ្នាដោយម៉ូតូបើកមុខ ពេលនោះម៉ូតូបានបត់ឆ្លងផ្លូវដោយពុំបានមើលក្រោយក៏ត្រូវរថយន្តដែលកំពុងបើកលឿនផងនោះជាន់ហ្វ្រាំងមិនទាន់ក៏បុកម៉ូតូពេញទំហឹងបណ្តាលឱ្យផ្លោងម៉ូតូនិងមនុស្សបោកទៅលើផ្លូវរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំណែករថយ្តរេចង្កូតធ្លាក់ចូលចិញ្ចើមផ្លូវក្រឡាប់ជាច្រើនត្រឡប់បណ្តាលឱ្យខូចខាតទាំងស្រុង រីឯមនុស្សទាំង១៥នាក់ ដែលជិះក្នុងរថយន្តបោកត្រឡុកត្រឡប់ត្រឡិនតែមិនបង្កឱ្យនរណាម្នាក់រងរបួសធ្ងន់នោះទេ គ្រាន់តែពកក្បាលមុខមាត់ និងភ័យព្រលឹងចុងសក់គ្រប់ៗគ្នា ។
ម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ