រាជធានីភ្នំពេញ ៖ មានហេតុការណ៍ប្រទូស្តរាយគ្នាដ៏ធំមួយបានកើតឡើងនៅចំណុចមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែងស្ថិតនៅភូមិ១ ផ្លូវលេខ៥១២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៤ កញ្ញា ២០១២ បណ្តាលមកពីបុរសម្នាក់បើករថយន្តម៉ាកណាវ៉ារ៉ា ពណ៌ឈាមជ្រូក ទៅបុកបង្គោលភ្លើងនៅតាមបណ្តោយផ្លូវលេខ៣៧១ ទល់មុខផ្ទះសំណាក់សុខសាន្ត សង្កាត់ស្ទឹងមានជ័យ ហើយបើករត់គេចមកដល់ចំណុចយានដ្ឋានជួសជុលរថយន្តត្រូវសមត្ថកិច្ចតាមទាន់ក៏កើតការប្រទូស្តរាយគ្នាឡើងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលខណ្ឌចំការមន និងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន រាប់រយនាក់ចុះមកអន្តរាគមន៍ឃាត់ខ្លួនបុរសបង្កហេតុ ។
តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍ខាងលើនេះឱ្យដឹងថា មុនពេលកើតហេតុគេពុំដឹងថា រថយន្តខាងលើនេះធ្វើដំណើរចេញពីទីណាឆ្ពោះទៅចំណុចណាឡើយ ។ ប៉ុន្តែនៅវេលាយប់ដដែលនោះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានប្រទះឃើញរថយន្តដែលមានភិនភាគដូចខាងលើបើកតាមបណ្តោយផ្លូវលេខ២៧១ ទាំងបែកកង់មុខខាងស្តាំ និងមានធ្លាក់កាងអូសប្រោកៗតាមផ្លូវជាហេតុធ្វើឱ្យក្រុមសមត្ថកិច្ចមានការសង្ស័យថា រថយន្តមួយគ្រឿងនេះទំនងជាទើបនឹងបុកគ្នាហើយបើករត់គេចពីការទទួលខុសត្រូវ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ