រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ទៅវិញទៅមករវាងកម្ពុជា និងជប៉ុន ជាពិសេសសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុនប្រចាំកម្ពុជា (CJCC) និងសាកលវិទ្យាល័យមេគង្គកម្ពុជា (ដេប៉ាតឺម៉ង់ភាសាជប៉ុនផ្នែកពាណិជ្ជកម្ម) កាលពីរាត្រីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ សមាគមជប៉ុនប្រចាំកម្ពុជា បានរៀបចំមហាសន្និបាតលើកទី៨របាំប្រពៃណីបូនអូដូរីជប៉ុន ។
កម្មវិធីនេះមានការចូលរួមពីលោកគីរ៉ូគី ម៉ាសាហ៊្វុមី ឯកអគ្គរាជទូតវិសាមញ្ញជប៉ុនប្រចាំកម្ពុជា លោកតេហ្ស៊ីកា កូជី ប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។លោកគីរ៉ូគី ម៉ាសាហ្វុ៊មី មានប្រសាសន៍ថា កាលពីឆ្នាំកន្លងមកការសម្តែងរបស់ក្រុមរបាំប្រពៃណីជប៉ុននៅកម្ពុជាមានទស្សនិកជនចូលទស្សនាជាង៣.០០០នាក់ ។ ចំពោះមហាសន្និបាតលើកទី៨របាំប្រពៃណីបូនអូដូរីជប៉ុននាពេលនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ពីគ្នាទៅវិញទៅមករវាងជប៉ុន និងកម្ពុជាឱ្យកាន់តែជិតស្និទ្ធថែមទៀត ។
ក្នុងឱកាសនោះ មានការសម្តែងសិល្បៈកម្សាន្តរបស់កុមារនៃសាលាបំពេញវិជ្ជាជប៉ុន (កូដូមូ មីកូស៊ី) សាលាមត្តេយ្យជប៉ុន (យូសាកូអី សូរ៉ាន់) សិល្បៈសាលាបឋមសិក្សា និងអនុវិទ្យាល័យជប៉ុន (យូសាកូអីុ សូរ៉ាន់) និងមេគង្គដៃកុ ។ លើសពីនេះមានការសម្តែងរបាំរាំវង់ សារាវ៉ាន់ ម៉ាឌីហ្សូ៊ន ឆាឆាឆា តូក្យូអុនដូ ដូរ៉ាអេមុន តាន់កូប៊ីស៊ី ភ្នំពេញអុនដូ សារាវ៉ាន់ Jeek និងការបង្ហាញពីចង្វាក់ពិសេសណាន់ចូ ហ៊ីដេគី ។
ចំណែកក្រុមរាំរបស់សាកលវិទ្យាល័យមេគង្គកម្ពុជា និង CJCC សម្តែងរបាំប៉ារ៉ាប៉ារ៉ា Love និង Joy ព្រមទាំងមានរាំជាក្រុមនូវបទឆាឆាឆា បទរាំវង់ បទម៉ាឌីហ្សូ៊ន បទភ្នំពេញអុនដូ បទគីយូ៉ស៊ីណុ ហ្ស៊ីនដូកុ ប៊ីស៊ី អាវ៉ា អូដូរី រាំឡក Jeek និងបទមោទនភាពជាតិខ្មែរ ។ទស្សនិកជនជាច្រើនកុះករទាំងខ្មែរ និងបរទេសបានចូលរួមទស្សនាកម្សាន្តក្នុងពិធីនោះប្រកបដោយទឹកចិត្តសប្បាយរីករាយ និងមិត្តភាព ៕
ចែករំលែកព័តមាននេះ