ខេត្តតាកែវ ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីឧបត្ថម្ភសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី២២ កញ្ញា ដោយមានការចូលរួមពីប្រធាន-អនុប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាល-អភិបាលរងខេត្ត លោកឧកញ៉ា លោកជំទាវ អាជីវករ និងសប្បុរសជនជុំវិញខេត្តយ៉ាងច្រើនកុះករ ។
លោក ឈិត សុខុន ប្រធានក្រុមប្រឹក្សាខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា យុទ្ធសាស្ត្រទស្សនវិស័យបេសកកម្ម ព្រមទាំងអនុសាសន៍ដ៏មានតម្លៃរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាផ្លែផ្ការីកដុះដាលរបស់កម្លាំងមនុស្សធម៌ និងវប្បធម៌ចែករំលែកសម្រេចបានសមិទ្ធផលនានាទូទាំងខេត្ត ។
ជាពិសេសក្នុងឆ្នាំ២០១១ កន្លងមក ខេត្តរងគ្រោះដោយទឹកជំនន់អូសបន្លាយយ៉ាងយូរមានចំនួន៧ស្រុក ៣៥ឃុំ និង១៨១ភូមិ ចំនួនពលរដ្ឋសរុប៧.៨៦៩គ្រួសារ ក្នុងនោះសាខាបានផ្តល់អំណោយសង្គ្រោះបន្ទាន់បានចំនួន៩៨៧គ្រួសារ ចំណែកចំនួនគ្រួសារែដលនៅសល់ គឺបានទទួលអំណោយពីរាជរដ្ឋាភិបាល ។ តាមរយៈការស្តារនិងកសាងឡើងវិញ ក្រោយទឹកជំនន់ សាខាខេត្តបានចុះធ្វើយុទ្ធនាការសម្អាតបរិស្ថានជូនប្រជាពលរដ្ឋបានចំនួន១៨ភូមិនៅស្រុកបុរីជលសា ទ្រាំង កោះអណ្តែត មានអ្នកស្ម័គ្រចិត្តចូលរួម៦០នាក់ បានចែកសាប៊ូ ដល់ប្រជាពលរដ្ឋចំនួន២.៨៩០ដុំ និងចែកធុងចម្រោះទឹកស្អាតបានចំនួន២.៩៤៤ធុង ស្មើនឹង២.៩៤៤គ្រួសារ ។
លោកប្រធានគណៈកម្មាធិការសាខាខេត្តបានបន្តទៀតថា បច្ចុប្បន្នយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើសកម្មភាពផុលផុសនៅតាមអង្គភាព សហគមន៍ប្រកបដោយការប្តេជ្ញាចិត្តនិងឆន្ទៈមោះមុត ប្រើប្រាស់ចំណេះដឹង សមត្ថភាព មិត្តអប់រំមិត្ត ក្នុងកិច្ចការសង្គម វប្បធម៌ចែករំលែក ដែលជាការងាររួមវិភាគទានយ៉ាងធំធេងដល់ការអភិវឌ្ឍធនធានមនុស្សនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងពលរដ្ឋដែលរងគ្រោះផ្សេងៗ គឺសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះទៅជួយជានិច្ច ហើយចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកាសម្រាប់ទ្រទ្រកាកបាទក្រហមកម្ពុជាសាខាខេត្តនាថ្ងៃនេះយើងប្រមូលបាន១៣៤.៨៣០ដុល្លារអាមេរិក និង២៨៦.២០៧.២០០រៀល ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន មានប្រសាសន៍ថា ជំនួសមុខឱ្យលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រា៉នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកសូមថ្លែងអំណរគុណសប្បុរសជនទាំងអស់ដែលចំណាយថវិកាផ្ទាល់ខ្លួនជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវនាពេលនេះ ដើម្បីទុកសម្រាប់ជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ។ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកថវិការបស់សប្បុរសជនទាំងអស់ទៅផ្តល់ជូនដល់ដៃប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះជាក់ស្តែង ហើយនេះបញ្ជាក់ឱ្យឃើញពីការចូលរួមក្នុងការងារមនុស្សធម៌របស់សប្បុរសជនទាំងអស់ដែលជាការរួមចំណែកជួយជនរងគ្រោះយ៉ាងពិត ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា យើងទាំងអស់គ្នាបានជ្រាបហើយ រាជរដ្ឋាភិបាលក៏ដូចជាកាកបាទក្រហមកម្ពុជា គ្រប់ពេលវេលាទីណាមានប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនោះ តែងតែមានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានិងកាកបាទក្រហមកម្ពុជាចុះទៅជួយជានិច្ច ហើយក៏អត់ដែលសន្យាថែមទៀតផងគឺឃើញជាក់ស្តែងធ្វើតែម្តង ៕
ចែករំលែកព័តមាននេះ