នាឡិកាស្វ៊ីសក្លែងក្លាយតែងត្រូវគេបន្លំដាក់តាំងលក់ជាមួយនាឡិកាស្វ៊ីសពិតប្រាកដ ធ្វើឱ្យអតិថិជនចាញ់បោកជាបន្តបន្ទាប់ ។ ទំនិញក្លែងក្លាយដែលជនទុច្ចរិតចិនផលិត មិនត្រឹមតែបំផ្លាញសេដ្ឋកិច្ចស្វ៊ីសប៉ុណ្ណោះទេ ថែមទាំងបង្កការខូចខាតដល់អ្នកប្រើប្រាស់ទៀត ព្រោះគុណភាពអន់ពេក ។ ដូចស្ថានីយទូរស័ព្ទសាធារណៈពណ៌ក្រហមជានិមិត្តរូបប្រទេសអង់គ្លេស ល្បែងប្រកួតចាក់គោឡើងកជានិមិត្តរូបប្រទេសអាស្ប៉ាញដែរ ត្រាសញ្ញានាឡិកាសស្វ៊ីសជានិមិត្តរូបប្រទេសស្វ៊ីស ។
បង្ហាញខ្លួនដំបូងនៅក្រុងហ្សឺណែវក្នុងសតវត្សទី ១៦ នាឡិកាស្វ៊ីសកែលម្អជាបន្តបន្ទាប់រហូតសល់សព្វថ្ងៃល្បីល្បាញពេញពិភពលោកដោយសារគុណភាពខ្ពស់ និងទម្រង់រចនាសមល្អ ។ ប៉ុន្តែផ្សព្វថ្ងៃ តាមការស្រាវជ្រាវរបស់ស្ថាប័នភ្នាក់ងារសារព័ត៌មានស្វ៊ីសSBCឃើញថានាឡិកាស្វ៊ីសម៉ាកណាក៏ដោយឱ្យតែមានមុខលើទីផ្សារពិភពលោក ជនទុច្ចរិតចិនលួចធ្វើត្រាប់បានភ្លាម និងបញ្ចេញលក់ព្រោងព្រាតបន្លំជាមួយនាឡិកាស្វ៊ីសពិតប្រាកដ ។ ថ្វីបើជារបស់ក្លែងក្លាយតែរូបរាងដូចឥតខ្ចោះនាឡិកាស្វ៊ីសពិតប្រាកដ ល្មមតែអតិថិជនច្រឡំទិញរបស់ក្លែងក្លាយយកទៅប្រើ លុះប្រើមួយរយៈទើបដឹងខ្លួនចាញ់បោកគេ ។ នាឡិកាក្លែងក្លាយថ្វីបើរូបរាងអត់ខុសពីនាឡិកាស្វ៊ីសពិតប្រាកដ តែគុណភាពខុសគ្នាស្រឡ ។ ដូចយ៉ាងនាឡិកាស្វ៊ីសម៉ាកMontblancអាចប្រឆាំងការជ្រាបទឹកក្នុងជម្រៅទឹករហូតដល់៣០ម៉ែត្រ តែនាឡិកាក្លែងក្លាយពុំមានគុណភាពបែបនេះ ។
ប៉ុន្តែថ្មីៗនេះសមាគមឧស្សាហកម្មនាឡិកាស្វ៊ីស(FSWI)បានឱ្យដឹងថា សព្វថ្ងៃនាឡិកាក្លែងក្លាយមកពីប្រទេសចិនពិបាកសម្គាល់ដឹងជាងមុន ។ មជ្ឈដ្ឋានធ្វើទំនិញក្លែងក្លាយចិនមានថ្វីដៃកំពូលខាងចម្លងទំនិញមានគុណភាពខ្ពស់ ។ ពួកនោះជំនាញបំផុតក្នុងលោក ។តាមលោកNick Hayekអ្នកដឹកនាំ Swatch Group ថាឧស្សាហកម្មនាឡិកាស្វ៊ីសក្នុងមួយឆ្នាំៗខាតប្រាក់រាប់ពាន់លានដុល្លារដោយសារនាឡិ កាក្លែងក្លាយពីចិន ។ សព្វថ្ងៃទំនិញក្លែងក្លាយទាំងនោះកាន់តែសុក្រឹតជាងមុន ដល់ថ្នាក់សឹងតែបើមិនយកទៅពិសោធន៍មើលទេ មិនអាចដឹងមួយណាពិត មួយណាក្លែងក្លាយឡើយ ។ តាមSBC មិនមែនតែនាឡិកាស្វ៊ីសទេដែលត្រូវជនទុច្ចរិតចិនផលិតតាមយ៉ាងបិុនប្រសប់ បោកប្រាស់អតិ ថិជនពេញសកលលោក ទំនិញមានគុណភាពរបស់ប្រទេសផ្សេងៗទៀតក៏រងគ្រោះដោយសារពួកនោះដែរ ដូចយ៉ាងហ្គីតាGibsonដ៏ល្បីល្បាញរបស់អាមេរិក ឬនាឡិកាម៉ាកRolex កាបូបយួរ Gucciជាដើម ដែលសុទ្ធសឹងជារបស់មានតម្លៃខ្ពស់ព្រោះគុណភាពល្អនោះ ក៏ត្រូវលួចផលិតក្លែងក្លាយបញ្ចេញលក់ពាសពេញពិភពលោកទៅហើយ ។
មជ្ឈដ្ឋានអាជីវករអាមេរិកពេលនេះថ្ងូរដូចព្រាប ដោយសារទំនិញក្លែងក្លាយពីចិនធ្វើឱ្យខាតបង់មួយឆ្នាំៗអស់រាប់ពាន់លានដុល្លារដែរ ហើយថែមទាំងធ្វើឱ្យបាត់បង់ការងារធ្វើនិងចំណូលពន្ធទៀត ។ ដើម្បីទប់ទល់ចំពោះការតវ៉ាជុំវិញខ្លួននេះ រដ្ឋាភិបាលចិនកាលពីឆ្នាំ២០១១ បានប្រកាសពីជោគជ័យក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពផលិតទំនិញក្លែងក្លាយ ។ ប៉ុន្តែបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់តុលាការជាន់ខ្ពស់ចិន ជុំវិញការខិតខំការពារកម្មសិទ្ធិបញ្ញា បង្ហាញឱ្យឃើញថា អ្នកលួចផលិតទំនិញបរទេសត្រូវចាប់បាននិងកាត់ទោសមានចំនួនតិចតួចណាស់ ។ លោកTerd Deanប្រធានការិយាល័យពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិននិយាយថា ដើម្បីប្រឆាំងទំនិញក្លែងក្លាយចិនដែលហូរហៀរទៅគ្រប់ច្រកក្នុងពិភពលោក រដ្ឋាភិបាលត្រូវបង្កើតច្បាប់តឹងតែងជាងនេះ ហើយសមត្ថកិច្ចចិនក៏ត្រូវបើកយុទ្ធនាការបោសសម្អាតពេញ ទំហឹងតាមបណ្តាមូលដ្ឋានផលិតទំនិញក្លែងក្លាយដែរ បើមិនដូច្នោះទេ អ្វីៗនឹងនៅតែដដែល ៕
តាមឯកសារបរទេស
ចែករំលែកព័តមាននេះ