វេបសាយជាច្រើនរបស់អីុរ៉ង់កាលពីថ្ងៃទី១១ កញ្ញា ផ្សាយថា លោកម៉ាមូដ អាម៉ាឌីណេចាត ប្រធានាធិបតីនៃប្រទេសអីុរ៉ង់ បានចោទប្រកាន់ប្រទេសជាសត្រូវរបស់ខ្លួនថា កំពុងដាក់ផែនការក្នុងគោលបំណងអាក្រក់បង្កគ្រោះរាំងស្ងួតដល់ប្រទេសអីុរ៉ង់ ដោយបំផ្លិចបំផ្លាញពពកភ្លៀងនៅមុនពេលរសាត់អណ្តែតចូលអីុរ៉ង់ ។
លោកអាម៉ាឌីណាចាត បានផ្តល់កំណត់សម្គាល់ដូចកាលពីឆ្នាំមុន ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងរិះរកផែនការបង្កគ្រោះរាំងស្ងួតនៅក្នុងប្រទេសរបស់ខ្លួន ។ ប្រព័ន្ធវេបសាយក្នុងស្រុកបានផ្សាយពីសម្តីរបស់លោកអាម៉ាឌីណេចាតថា «ខ្មាំងសត្រូវបានបំផ្លាញដុំពពកភ្លៀងដែលកំពុងរសាត់ចូលប្រទេសរបស់យើង ប៉ុន្តែសង្គ្រាមនេះអីុរ៉ង់ជាអ្នកឈ្នះ» ។ អីុរ៉ង់ជាផ្នែកមួយក្នុងចំណោមប្រទេសដែលមានគ្រោះរាំងស្ងួតខ្លាំងបំផុតនៅលើពិភពលោក និងអាជ្ញាធរបានក្រើនរំលឹកថា ខណៈស្ទើរតែគ្មានភ្លៀងធ្លាក់សោះក្នុងតំបន់ជាច្រើននៅឆ្នាំនេះក៏អាចបង្កគ្រោះរាំងស្ងួតនៅដំណាក់កាលក្រោយ។
អុីរ៉ង់ ជួបនឹងបញ្ហារាំងស្ងួតដ៏អាក្រក់ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសនៅភាគខាងត្បូងប្រទេស ជាដែនដីដែលទទួលការវាយប្រហារដោយព្យុះខ្សាច់ និងគ្របដណ្តប់នៅលើទីក្រុងជាច្រើន ខណៈពេលព្យុះខ្សាច់មួយចំនួនបានបោកបក់ពីដែនដីប្រទេសអីុរ៉ាក់ ដោយបង្កឱ្យកើតជាវាលខ្សាច់កើនឡើងជារឿយៗក្នុងអំឡុងពេល២ទសវត្សកន្លងមកដោយសារសង្គ្រាម ។
ករណីឆ្នាំមុន លោកអាម៉ាឌីណេចាត បានកត់សម្គាល់ក្នុងលក្ខណៈស្រដៀងគ្នានោះថា ប្រទេសនៅប៉ែកខាងលិចមួយចំនួនបានប្រើ
ឧបករណ៍ពិសេសដើម្បីបំបែកក្រុមពពកសម្រាប់រារាំងមិនឱ្យមានភ្លៀងនៅប្រទេសអុីរ៉ង់ ធ្វើឱ្យមានភាពរាំងស្ងួតក្នុងប្រទេស។
រដ្ឋាភិបាលក្រុងតេហេរ៉ង់ មិនចុះសម្រុងជាមួយសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ចំពោះកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ដោយប្រទេសនៅលោកខាងលិចខ្លាចមានទិសដៅអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ប៉ុន្តែអីុរ៉ង់សង្កត់ធ្ងន់លើទិសដៅផលិតថាមពលនុយក្លេអ៊ែរ ដើម្បីសន្តិភាពប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ