ខេត្តក្រចេះ ៖ រថយន្តតាក់ស៊ីសាំងយ៉ុងមានផ្ទុកអ្នកដំណើរ១៥នាក់ បានទៅបុកម៉ូតូពីក្រោយ បណ្តាលឱ្យក្រឡាប់ធ្លាក់ជ្រោះចិញ្ចើមផ្លូវជាច្រើនត្រឡប់ តែសំណាងល្អមិនបង្កឱ្យអ្នកជិះក្នុងរថយន្តណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ចំណែកអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ។
ប៉ូលិសចរាចរខេត្តបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ កញ្ញា នៅលើផ្លូវជាតិលេខ៧៣ ក្នុងភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ។ ប្រភពដដែលបានបន្តឱ្យដឹងទៀតថា រថយន្តដែលជួបហេតុការណ៍នោះម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ បើកដោយឈ្មោះអ៊ុន សុខជា អាយុ៤២ឆ្នាំ មានទីលំនៅខេត្តរតនៈគិរី និងមានផ្ទុកអ្នកដំណើរស្រីប្រុសចំនួន១៥នាក់ និងបានបុកម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ បើកដោយឈ្មោះបាវ គី អាយុ៥៧ឆ្នាំមានទីលំនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ