នៅប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ យុវជនណាពាក់ក្រវិលត្រចៀក ទុកសក់វែង និយមស្តាប់ភ្លេងបស្ចិមប្រទេស ឬស្លៀកពាក់ឡូយឆាយខុសពីសំលៀកបំពាក់ប្រពៃណីអ៊ិស្លាម តោងប្រុងខ្លួនស្លាប់ឱ្យហើយទៅ មិនយូរមិនឆាប់នឹងត្រូវពួកនិកាយស៊ីអីុតជ្រុលនិយមចាប់ធ្វើទារុណកម្មវាយសំពងរហូតដល់ស្លាប់ ។ អ្នកណាក៏ដោយឱ្យតែភ្លាត់ស្នៀតត្រូវពួកនោះចាប់បានមុខជាស្លាប់មួយរយភាគរយ ។
ការប្រមាញ់មនុស្សដែលជាមុខសញ្ញាកម្ទេចចោលកំពុងកើតមានពេញទំហឹងក្រោមកម្លាំងពន្យុះឱ្យប្រឆាំងយុវជន emos (ក្លាយពីពាក្យអង់គ្លេស motional)គឺសំដៅលើអ្នកលេងខ្លួនឡូយឆាយ និងអ្នកស្រឡាញ់ភេទដូចគ្នា ។ លោក Ali Hili ស្ថាបនិកសមាគម Iraqi LGBT ដែលរស់និរទេសនៅទីក្រុងឡុង ប្រទេសអង់គ្លេស តាំងពីឆ្នាំ២០០២ បានឱ្យដឹងថា អីុរ៉ាក់ជាដែនដីគ្រោះថ្នាក់បំផុតសម្រាប់ពួកស្រឡាញ់ភេទដូចគ្នា ។ មានមនុស្សជាង១០០នាក់ហើយត្រូវសម្លាប់ ក្នុងនោះមួយចំនួនជាអ្នកស្រឡាញ់ភេទដូចគ្នាពិតប្រាកដ មួយចំនួនទៀតមិនមែនស្រឡាញ់ភេទដូចគ្នាទេ តែលេងខ្លួនបែប emos ហើយត្រូវសង្ស័យថាជាអ្នកស្រឡាញ់ភេទដូចគ្នា។
បុគ្គលិកពេទ្យម្នាក់ក្នុងមន្ទីរពេទ្យ Roussafa នៅទីក្រុងបាដាដប្រាប់AFPថា គ្រាន់តែក្នុងខែកក្កដា ២០១២ មានយុវជន១៤នាក់ត្រូវសម្លាប់ដោយខ្លះត្រូវសម្លាប់តាមរបៀបចងដុតទាំងរស់ ខ្លះត្រូវសម្លាប់ដោយចងដៃចងជើង រួចនាំគ្នាគប់នឹងដុំថ្មតូចធំរហូតដល់ដាច់ខ្យល់ឈាមស្រោចពេញខ្លួន ព្រមទាំងរបៀបសម្លាប់សាហាវៗច្រើនបែបទៀត ។ ជនដៃដល់ខាងសម្លាប់មនុស្សសុទ្ធសឹងពួកនិកាយ ស៊ីអីុតជ្រុលនិយម ។
ការឆ្មក់ចាប់មនុស្សយកទៅសម្លាប់កើតមានរាល់ថ្ងៃ ។ កាសែតមូលដ្ឋានបូកសរុបឧក្រិដ្ឋកម្មបែបនេះសឹងរាល់លេខ ។ យុវជនអាយុ២៦ឆ្នាំម្នាក់មានដើមកំណើតមកពីក្រុងម៉ូសស៊ូល ប្រាប់អង្គការសិទ្ធិមនុស្សអន្តរជាតិថា កាលពីថ្ងៃទី២៨ កក្កដា ២០១២ ជនប្លែកមុខបានឆ្មក់ចាប់សមាជិកក្រុមតន្ត្រីរបស់ខ្លួនពីរនាក់ ព្រោះតែការលេងខ្លួនរបស់ពួកគេ ដែលត្រូវចោទថាលេងខ្លួនបែបemos ។ យុវជននោះសម្តែងការព្រួយបារម្ភថា«យើងខ្ញុំមិនដឹងអ្នកណានៅពីក្រោយឧក្រិដ្ឋកម្មនេះទេ ។ ពួកគេចោទថា យើងខ្ញុំតាមបិសាច ។ ការចោទបែបនេះមានយូរណាស់ហើយ រាល់ ពេលគេចង់សម្លាប់អ្នកណាម្នាក់ ។ មនុស្សក្នុងក្រុមតន្ត្រីយើងខ្ញុំ ប្រហែលត្រូវគេតាមប្រហារទៀតមិនខាន» ។
មុនការសម្លាប់សមាជិកក្រុមតន្ត្រីនោះ យុវជនស្រឡាញ់ភេទដូចគ្នាម្នាក់អាយុ២២ឆ្នាំ នៅទីក្រុងបាកដាដ បានប្រាប់អ្នកកាសែតថា ខ្លួនត្រូវជនអនាមិកគម្រាមតាមទូរស័ព្ទ ។ ជនអនាមិកនោះប្រាប់ថា មិត្តរបស់ខ្លួនត្រូវចាប់បាននិងសម្លាប់ចោលហើយ ដូច្នេះខ្លួនត្រូវតែជាអ្នកបន្ទាប់ ។ ឥឡូវខ្លួនភ័យណាស់ កាត់សក់វែងចោល ហើយអត់ហ៊ានចេញពីផ្ទះផ្តេសផ្តាសទេ ។ សព្វថ្ងៃអ្នកលេងខ្លួនបែបemos និងអ្នកស្រឡាញ់ភេទដូចគ្នា សុទ្ធតែជាមនុស្សអាយុខ្លីពិតមែន ។
កាលពីឆ្នាំ២០០៦ បព្វជិតSistalni មេដឹកនាំស្មារតីរបស់ពួកនិកាយស៊ីអីុតអីុរ៉ាក់បានបំផុសចលនាផ្តន្ទាទោសអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកលេងខ្លួនដែលគេហៅថា emos ។ ចលនានេះពុះកញ្ជ្រោលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ បើនិយាយឱ្យចំទៅមិនមែនទើបតែឆ្នាំ២០០៦ទេ ការស្អប់ខ្ពើមអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកលេងខ្លួនដែលគេហៅថា emosមានតាំងពីពេលសាដាមហ៊ូសេនដួលរលំម្ល៉េះ លុះមានការបំផុសថែមនាឆ្នាំ២០០៦វាក៏ឆេះខ្លាំងគួរឱ្យខ្លាច។
លោក Mansouria Mokheti នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំងនិយាយថា ដោយឆ្លងកាត់សង្គ្រាមជាបន្តបន្ទាប់ អ៊ីរ៉ាក់ពេលនេះកំពុងរកមធ្យោបាយកំណត់ខ្លួនឯងឡើងវិញ ។ អ្វីគ្រប់យ៉ាងតាមបែបបស្ចិមប្រទេសត្រូវបដិសេធចោល ។ គេកម្ចាត់ពួក emos ព្រោះការធ្វើខ្លួនរបស់ពួកនោះទាស់ភ្នែកគេពេក ។ មានតែពួកចម្រៀងរ៉េបប៉ុណ្ណោះដែលគេចាត់ទុកប្រុសពិតប្រាកដ ព្រោះពួកនោះភាគច្រើនច្រៀងបំផុសអំពើហិង្សា ៕
ចែករំលែកព័តមាននេះ