រាជធានីភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ បានត្រូវកម្លាំងប៉ូលិសខណ្ឌទួលគោកចាប់ខ្លួនកាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ កញ្ញា នៅមុខផ្ទះលេខ៥៧A ផ្លូវលេខ ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណៈពេលជិះម៉ូតូចេញទៅចែកចាយថ្នាំញៀន ហើយឈានទៅឆែកឆេរបន្ទប់ជួលដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងព្រមទាំងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត ។ នៅ ព្រឹកថ្ងៃទី២៣ កញ្ញា ជនសង្ស័យត្រូវបានលោកវរសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ អធិការប៉ូលិសខណ្ឌទួលគោកបានធ្វើការបង្ហាញមុខជាសាធារណៈ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះឈ្មោះលាង ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ៣៨ ផ្លូវលេខ២៥១ សង្កាត់បឹងសាឡាង និងមកស្នាក់នៅបន្ទប់ជួលលេខ៦ ផ្ទះលេខ៥៧B ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ដើម្បីធ្វើសកម្មភាពចែកចាយគ្រឿងញៀន ។លោកវរសេនីយ៍ទោហួត ចាន់យ៉ារ៉ាន់ បានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀននេះត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានធ្វើការតាមដានស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបាននៅពេលនេះ ។
នៅមុនពេលចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានចាំឃ្លាំមើលជនសង្ស័យហើយពេលឃើញជិះម៉ូតូម៉ាកស្ទេបពណ៌ក្រហមលាយខ្មៅមួយគ្រឿងចេញមក សមត្ថកិច្ចបានស្ទាក់ត្រួតពិនិត្យឆែកឆេរឃើញគ្រឿងញៀនចំនួន២កញ្ចប់តូច និងឈានទៅឆែកឆេរបន្ទប់ជួលដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ធំទៀតសរុប១២កញ្ចប់ ព្រមទាំងជញ្ជីង ថង់សម្រាប់ច្រក និងថវិកាចំនួន១១៤ដុល្លារ និង១១៥.៦០០រៀល ។ លោកអធិការបានសំណូមពរដល់ប្រជាពលរដ្ឋ សូមរួមសហការ និងរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចឱ្យបានទាន់់ពេលវេលាដើម្បីឈានទៅបង្ក្រាបក្រុមជនល្មើស ។
លោកវរសេនីយ៍ទោហួត ចាន់យ៉ារ៉ាន់ បានប្ដេជ្ញាថា នឹងខិតខំបង្កើនការល្បាត ទប់ស្កាត់បទល្មើសផ្សេងៗក៏ដូចជាបទល្មើសគ្រឿងញៀនដើម្បីធានាបានភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដើម្បីសាកសួររកបក្ខពួកបន្តទៀត ៕
ចែករំលែកព័តមាននេះ