ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី២២ កញ្ញា លោកបណ្ឌិត សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវជាភរិយា រួមដំណើរដោយអស់លោក-លោកស្រីជាមន្ត្រី អ្នកមុខអ្នកការក្រោមឱវាទក្រសួង បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់អគារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ។
តាមរបាយការណ៍បានឱ្យដឹងថា អគារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ មានទំហំ១៥ម៉ែត្រគុណនឹង១៨ម៉ែត្រ ចែកចេញជា៨បន្ទប់ និងមានផ្ទៃដីសាងសង់ ៤៥ម៉ែត្រគុណនឹង១២៥ម៉ែត្រ មកដល់ពេលនេះសម្រេចបានប្រមាណ៨០ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១២ ខាងមុខនេះ ។
ក្នុងឱកាសនោះ លោកបណ្ឌិត សូរ ឃុន បានមានប្រសាសន៍ផ្តាំផ្ញើដល់តំណាងក្រុមហ៊ុនម៉ៅការសាងសង់អគារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ ត្រូវជំរុញការដ្ឋានសាងសង់ឱ្យបានរួចរាល់ជាស្ថាពរ តាមផែនការដែលបានគ្រោងទុក ដោយធានាបានទាំងបរិមាណ និងគុណភាពស្តង់ដា សំដៅធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ឆ្លើយតបទៅនឹងសំណូមពរនៃការប្រើប្រាស់ និងសម្រាប់បម្រើដល់គុណប្រយោជន៍ប្រទេសជាតិ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ