រាជធានីភ្នំពេញ ៖ រថយន្តដឹកកុងតឺន័រមួយគ្រឿងបានបើកក្នុងល្បឿនលឿនទៅបុកអ្នកជិះម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់មកអ្នកបើកបររថយន្តនោះបានបើកហួសទៅមុខផុតបន្តិចរួចក៏ចុះរត់គេចខ្លួនបាត់ស្រមោល ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តយកទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណីជាតិ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ កញ្ញា ២០១២ នៅលើកំណាត់ផ្លូវចោមចៅ ត្រង់ចំណុចភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះឈ្មោះវឿន ធឿន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិតាម៉ា ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ។ ដោយឡែករថយន្តបង្កហេតុដែលបើកបុកម៉ូតូ បណ្តាលឱ្យស្លាប់នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពព័ត៌មានឱ្យដឹងថា គេសង្ស័យថាអ្នកបើកបររថយន្តដឹកកុងតឺន័រនោះស្រវឹងស្រា ព្រោះនៅពេលនោះគេបានបើកបរក្នុងល្បឿនលឿន ទោះបីជានៅលើកំណាត់ផ្លូវចោមចៅនោះមានប្រជាពលរដ្ឋ និងយានយន្តធ្វើចរាចរណ៍ច្រើនក្តីក៏អ្នកបើករថយន្តនោះមិនបានគិតពីគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ហើយខណៈនោះគេពុំដឹងថា ជននោះរវល់តែងាកមើលទៅណានោះទេ ទើបមិនឃើញម៉ូតូ និងបានបើកបុកពីក្រោយពេញទំហឹងបែបនេះតែម្តង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ