រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ឯ២នាក់រងរបួសធ្ងន់ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកបានស្លាប់ម្នាក់ទៀត ខណៈសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីពួកគេជួបនឹងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងលាន់សូរដូចរន្ទះ ពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាលើកំណាត់ផ្លូវតែមួយ ។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៣ កញ្ញា ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ម៉ូតូ២គ្រឿងដែលបើកបុកគ្នាបង្កឱ្យមានគ្រោះថ្នាក់កើតឡើងនោះ១គ្រឿងម៉ាកស្គូពីពណ៌ក្រហម ជិះគ្នា២នាក់បើកដោយបុរសឈ្មោះនូវ រ៉េត អាយុ២៥ឆ្នាំ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ឯអ្នកជិះពីក្រោយរងរបួសស្រាល ។ ដោយឡែកម៉ូតូមួយគ្រឿងទៀតម៉ាកវីវ៉ា ពណ៌ខ្មៅ ជិះគ្នា២នាក់បើកដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ហើយបុរសនេះរួមទាំងអ្នកជិះពីក្រោយម្នាក់ទៀតរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកបានស្លាប់ម្នាក់ទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ