សារព័ត៌មានបរទេសផ្សាយឱ្យដឹងថា អាជ្ញាធរចិនបានដកមន្ត្រីម្នាក់ចេញពីតំណែង ក្រោយពីប្រទះឃើញរូបភាពរបស់គេកំពុងបង្ហាញអាការសើចសប្បាយក្នុងពេលត្រួតពិនិត្យនៅចំណុចកើតហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិត៣៦នាក់ កាលពីថ្ងៃទី២៦ សីហាកន្លងមក ។
អាជ្ញាធរក្នុងតំបន់សានស៊ីបានថ្លែងថា លោកយ៉ាង តាឆៃត្រូវបានដកចេញពីតំណែងលើការប្រព្រឹត្តខុសនឹងករណីដ៏ធ្ងន់ធ្ងរដែលនៅក្នុងរូបភាពរបស់លោកយ៉ាង ខណៈពេលធ្វើដំណើរទៅកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តក្រុងបុកគូទរថយន្តដឹកឧស្ម័ន កាលពីថ្ងៃទី២៦ សីហាកន្លងមកបណ្តាលឱ្យមានមនុស្សស្លាប់ដល់ទៅ៣៦នាក់ត្រូវបានផ្សាយក្នុងប្រព័ន្ធអីុនធឺណេត បង្កឱ្យកើតមានការមិនពេញចិត្តនិងលើសពីនេះទៀតក៏ប្រទះឃើញរូបភាពជាច្រើនដែលមន្ត្រីរូបនេះបានពាក់នាឡិកាមានតម្លៃខ្ពស់។
គណៈកម្មការស៊ើបអង្កេតផ្នែកវិន័យរបស់គណបក្សកុំមុយនីស្តតំបន់សានស៊ី បង្ហើបឱ្យដឹងថា លទ្ធផលការត្រួតពិនិត្យទង្វើរបស់លោកយ៉ាងឃើញថា គេមានទង្វើមិនសមរម្យដោយបង្ហាញអាការសើចសប្បាយនៅចំណុចកើតហេតុរួមទាំងមានពាក់នាឡិកាស្លាកយីហោល្អតម្លៃខ្ពស់ ទើបធ្វើការពិចារណាឃើញថា ទង្វើរបស់មន្ត្រីនោះមានកំហុសធ្ងន់ និងកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ថែមទៀត ។លោកយ៉ាងកាន់តំណែងជាប្រធានការិយាល័យផ្នែកសុវត្ថិភាពចរាចរណ៍តំបន់សានស៊ីបានឆ្លើយតបពីបទសង្ស័យចំពោះមូលហេតុដែលគេបង្ហាញស្នាមសើចញញឹមនៅចំណុចកើតហេតុថា ទឹកចិត្តរបស់ខ្លួនមានអារម្មណ៍ក្តុកក្តួលនឹកស្មានមិនដល់នៅពេលដល់កន្លែងកើតហេតុ ។
លោកយ៉ាងបានអះអាងថា គេត្រូវញញឹមដើម្បីឱ្យមន្ត្រីគ្រប់រូបដែលកំពុងប្រតិបត្តិការមានអារម្មណ៍ធូរស្រាលដូចខ្លួន ។ លោកយ៉ាងបានបន្តទៀតថា ប្រាក់ដែលគេចំណាយសម្រាប់ទិញនាឡិកាដែលមានតម្លៃខ្ពស់នោះទទួលបានដោយស្របច្បាប់ និងសុចរិត ។ នាឡិកានេះមានតម្លៃប្រហែល៣៥.០០០យាន់ ខណៈពេលអ្នកប្រើប្រាស់អីុនធឺណែតគ្មានជំនឿលើអំណះអំណាងខាងលើ ព្រោះបើរំពឹងលើប្រាក់បៀវត្សរបស់មន្ត្រីគឺមិនគ្រប់គ្រាន់សម្រាប់ទិញនាឡិកាដែលមានតម្លៃកប់ពពកបែបនេះទេ ។
កាលពីខែមុន និស្សិតក្នុងមហាវិទ្យាល័យម្នាក់បានដាក់សំណើទៅតុលាការសុំឱ្យមានការបង្ហាញទិន្នន័យពីមន្ទីរហិរញ្ញវត្ថុប្រចាំតំបន់ដើម្បីត្រួតពិនិត្យ និងបង្ហាញពីប្រាក់ចំណូលរបស់លោកយ៉ាងជាសាធារណៈប៉ុន្តែសំណើនេះត្រូវបដិសេធ ៕
ចែករំលែកព័តមាននេះ