ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជ​កម្ម​កម្ពុជា​ធ្វើ​សន្និ​សី​ទ​ផ្នែក​ធន​ធាន​មនុស្ស​

13 ឆ្នាំ មុន

រា​ជ​ធានីភ្នំ​ពេញ​​ ៖ សន្និ​សីទ​ផ្នែក​ធន​ធាន​មនុស្ស​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​យន្ត​ការ​ធន​ធាន​មនុស្ស​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ទៀង​ទាត់​ដោយ​CAMFEBAសម្រាប់​បុគ្គ​លិក​ផ្នែក​ធន​ធាន​មនុស្ស​ ក្នុង​ការ​ចែក​រំលែក​បទ​ពិ​សោធន៍​ការ​ងារ​និង​ពង្រីក​បណ្តាញ​ទំនាក់​ទំ​នង​របស់​ខ្លួន​ ។

រា​ជ​ធានីភ្នំ​ពេញ​​ ៖ សន្និ​សីទ​ផ្នែក​ធន​ធាន​មនុស្ស​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​យន្ត​ការ​ធន​ធាន​មនុស្ស​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ទៀង​ទាត់​ដោយ​CAMFEBAសម្រាប់​បុគ្គ​លិក​ផ្នែក​ធន​ធាន​មនុស្ស​ ក្នុង​ការ​ចែក​រំលែក​បទ​ពិ​សោធន៍​ការ​ងារ​និង​ពង្រីក​បណ្តាញ​ទំនាក់​ទំ​នង​របស់​ខ្លួន​  ។

កាល​ពី​រសៀល​ថ្ងៃ​ទី​២១​ កញ្ញា កន្លង​ទៅនៅ​​សណ្ឋា​គារ​អាំង​ទែរ​កុង​ទី​​ណង់​តាល់ សហព័ន្ធ​និយោ​ជក និង​សមាគម​ពាណិជ្ជ​កម្ម​កម្ពុជា​ ហៅ កាត់​ថា CAMFEBA បាន​រៀប​ចំ​សន្និ​សីទ​ផ្នែក​ធន​ធាន​មនុស្ស​មួយ​ឡើង​ស្តី​ពី​ ផល​ប្រយោជន៍​របស់​បុគ្គលិក​ និង​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ និង​ធន​ធាន​មនុស្ស​ គឺ​ជា​យុទ្ធ​សាស្រ​្ត​ចម្បង​នៅ​ក្នុង​អាជីវកម្ម​ ក្រោម​ជំ​នួយ​ឧបត្ថម្ភ​ផ្នែក​ថវិកា​ដោយ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អា​យុ​ជី​វិត​កម្ពុជា «កម្ពុជា​ ឡៃ​ហ្វ»ដែល​ជា​ក្រុម​ហ៊ុន​ចម្រុះរដ្ឋ​រវាង​រដ្ឋា​ភិបាល​កម្ពុជា តំណាង​ដោយ​ក្រ​សួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ជា​មួយ​ដៃ​គូ​ឯក​ជន​ចំនួន​បួន​មក​ពី​ ឥណ្ឌូ​ណេ​​ស៊ី ហុង​កុង និង​ថៃ ។

កម្ពុជា​ ឡៃហ្វ គឺ​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ទី​១ ដែល​មាន​វត្ត​មាន​ជា​ប្រ​វត្តិ​សាស្រ្ត​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ ពិ​ធី​នេះ​មាន​ការ​ចូល​រួ​ម​យ៉ាង​ច្រើន​កុះ​ករ​ពី​តំណាង​និយោ​ជក​ តំ​ណាង​សហ​គ្រាស​ ក្រុម​ហ៊ុននានា​ដែល​ជា​នាយក​មន្ត្រី​ប្រ​តិ​បត្តិ​ និង​​ទី​ប្រឹក្សា​ផ្នែក​ធន​ធាន​មនុស្ស​ប្រមាណ​ជា​១៥០​នាក់ ។

ថ្លែង​មតិ​ស្វាគមន៍​ទៅ​កាន់​សិក្ខា​កាម​នៅក្នុង​កម្ម​វិធី​ លោក សេ​ណា​កា ហ្វឺ​ណាន់​ដូ អគ្គ​លេខា​ធិ​ការ​រង និង​ជា​ហេរញ្ញិក​របស់​សហ​ព័ន្ធ​និយោ​ជក​ និង​សមាគម​ពាណិជ្ជ​កម្ម​កម្ពុ​ជា​(CAMFEBA)​បាន​មាន​ប្រសាសន៍ថា នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​មួួយ​ដែល​ត្រូវ​បាន​បង្កើត​ និង​រៀប​ចំ​ឡើង​ដោយ​CAMFEBA តាំង​ពី​ឆ្នាំ​២០០៥​មក​ម្លេះ​។ កម្ម​វិធី​នេះ​មាន​ការ​ប្រជុំ​ជា​រៀង​រាល់​២​ខែ​ម្តង ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សមាជិក​ទាំង​អស់​បាន​ជួប​ជុំ​គ្នា​ពិ​ភាក្សា​ផ្លាស់​ប្តូរ​យោ​បល់​ទៅ​លើ​បញ្ហាធន​ធាន​មនុស្ស ក៏​ដូច​ជា​ការ​អនុវត្ត​​ច្បាប់​ការងារ​ ចែក​រំ​លែក​បទ​ពិសោធន៍​ការងារ​ និង​ជា​ពិសេស​ដើម្បី​បង្កើននូវ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​សមាជិក​ទាំង​អស់ ។ លោក​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ដំណាក់​កាល​ដែល​សេដ្ឋ​កិច្ច​ពិ​ភព​លោក​ប្រែ​ប្រួល បញ្ហា ធន​ធាន​ និង​បញ្ហាការ​ងារ​បាន​ក្លាយ​ជា​​សម្ពាធ​​មួយសម្រាប់​ពួក​យើង​ទាំង​អស់​គ្នា​ត្រូវ​ដោះ​ស្រាយ​ ។

ថ្នាក់​ដឹក​នាំ​ទាំង​អស់​ត្រូវ​តែ​ចាត់​ទុក​បុគ្គលិក​ក្រោម​បង្គាប់​គឺ​ជា​​ប្រភព​ធន​ធាន​ដ៏​សំ​ខាន់​សម្រាប់​អាជីវកម្ម​ ដែល​ជា​និច្ច​កាល​នៅក្នុង​ប្រតិ​បត្តិ​ការ​អាជី​វកម្ម​ទាំង​អស់ គេ​បង្រួម​នៅ​ត្រឹម​តែ​បុគ្គលិក ផលិត​កម្ម និង​ផល​ចំណេញ ។ ជា​ចុង​ក្រោយ​ លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​កម្ពុជា ដែល​បាន​ចូល​រួម​ជ្រោម​ជ្រែង​ទាំង​ផ្នែក​ថវិកា​និង​ស្មារតី​ ដើម្បី​ឱ្យ​កម្ម​វិធី​នេះ​ប្រ​ព្រឹត្តទៅដោយ​ភាព​រលូន និង​ជោគ​ជ័យ​ដូច​ពេល​​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហ​ព័ន្ធ​និយោ​ជក​និង​សមាគម​​ពាណិជ្ជ​កម្ម​កម្ពុជា(CAMFEBA)គឺ​ជា​សមាគម​និយោ​ជក​ឯ​ក​រាជ្យ​មួយ​ដែល​មាន​ទស្ស​ន​វិស័យ​ធ្វើ​ឱ្យ​ធុរ​កិច្ច​ទទួល​បាន​ជោគ​ជ័យ​ ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ភាព​រុង​រឿង​ ។​CAMFEBAត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០០​និង​បាន​ចុះ​បញ្ជី​ព្រម​ទាំង​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​និង​អង្គ​ការ​ពល​កម្ម​អន្ត​រជាតិ​ ILOថា ជា​ស​មាគម​តែ​មួយ​គត់​ដែល​តំណាង​ឱ្យ​និយោជក​នៅលើ​វិស័យ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ សព្វ​ថ្ងៃ​នេះ​CAM FEBAតំណាង​ឱ្យ​ សហ​គ្រាស​ជាង​១.៥០០​រាប់​បញ្ចូល​ទាំង​សហ​គ្រាស​មាន​សហ​ជីព​និង​គ្មាន​សហជីព ។ CAMFEBA​បាន​ផ្តល់​នូវ​សេវា​កម្ម​យ៉ាង​ទូ​លំ​ទូ​លាយ​ទៅឱ្យ​​សមា​ជិក​តាម​រយៈ​សេវា​ប្រឹក្សា​យោ​បល់​បញ្ហា ការងា​រ​ការ​ចែក​ចាយ​និង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ ការ​បណ្តុះ​បណ្តាល​និង​ការ​អភិវឌ្ឍ ការ​តស៊ូ​ ការ​ផ្តល់​សេវា​ឯក​សារ​គតិ​យុត្ត ការ​ស្រាវ​ជ្រាវ​និង​បោះ​ពុម្ព​ផ្សាយ ។

លើស​ពី​នេះ​ទៅទៀត CAMFEBAគឺ​ជា​សមាជិក​របស់​អង្គ​ការ​និយោ​ជក​អន្ត​រជាតិ​(IOE)សម្ព័ន្ធ​និ​យោ​ជក​អាស៊ី​បា​៉ស៊ី​ហ្វិក(CAPE)និង​សម្ព័ន្ធ​និយោ​ជក​អាស៊ាន​(ACE) ៕