រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ និងយុវជនម្នាក់ទៀតរបួសមធ្យមដោយសារឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូ១គ្រឿងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្តាលឲ្យដួលបោកទៅលើថ្នល់ខ្ទាតចូលក្រោមកង់រថយន្តដឹកដីមួយគ្រឿង ប៉ុន្តែសំណាងល្អដោយរថយន្តនោះបើកតិចៗជាន់ហ្រ្វាំងឈប់ទាន់ទើបមិនកិនបណ្តាលឲ្យស្លាប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២១ កញ្ញា នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូដែលបើកកៀរគ្នាពីក្រោយនោះ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ បើកបរដោយបុរសចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង៦០ឆ្នាំរងរបួសធ្ងន់ ឯម៉ូតូ១គ្រឿងទៀតម៉ាកស្មាសរីវ៉ូ ពណ៌ស បើកដោយយុវជនម្នាក់អាយុប្រហែល២០ឆ្នាំ រងរបួសមធ្យម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈទាំងពីរនាក់ ។ ចំណែករថយន្តដឹកដីម៉ាកនីស្សាន់ ពណ៌ខៀវ ហើយសមត្ថកិច្ចអះអាងថា ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាបញ្ចប់រឿងដោយគ្មានសំណងអ្វីឡើយ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូទាំងពីរគ្រឿងនោះបើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិចដោយម៉ូតូម៉ាកស្មាសបើកខាងមុខឯម៉ូតូម៉ាកវីវ៉ាបើកតាមក្រោយ ។ លុះដល់ចំណុចកើតហេតុម៉ូតូវីវ៉ាបានបុកគូទម៉ូតូស្មាសបណ្តាលឲ្យដួលខ្ទាតបុរសជិះម៉ូតូវីវ៉ាចូលក្រោមរថយន្តដឹកដីតែដោយរថយន្តបើកយឺតៗក៏ជាន់ហ្រ្វាំងទាន់ ទើបមិនបណ្តាលឱ្យបុរសនោះស្លាប់តែរថយន្តកិនចំដៃរងរបួសធ្ងន់ ឯយុវជនជិះម៉ូតូស្មាសដែលដួលនៅក្បែកង់រថយន្តដែរនោះរបួសស្រាល ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ឯម៉ូតូទាំងពីរគ្រឿងនិងរថយន្តដឹកដីត្រូវប៉ូលិសយកទៅរក្សាទុកបណ្តោះអាសន្ននៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ លុះដល់ព្រឹកឡើងភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់រឿងដោយមិនមានសំណងអ្វីឡើយ ៕
ចែករំលែកព័តមាននេះ