រាជធានីភ្នំពេញ ៖ រថយន្តម៉ាកស៊ីអវីមួយគ្រឿងបើកបរដោយបុរសម្នាក់បានបែកកង់មុខបណ្តាលឱ្យរេចង្កូតឡើងលើសួនច្បារទៅបុកបង្គោលភ្លើងដែកបំភ្លឺផ្លូវមួយដើមបាក់ដួលរាបដល់ដី ហើយរថយន្តនោះបានរងការខូចខាត និងធ្លាក់កាងខាងមុខ ។ សំណាងល្អអ្នកបើកបរមិនមានគ្រោះថ្នាក់ និងត្រូវសមត្ថកិច្ចចាប់ខ្លួននាំទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២២ កញ្ញា នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចសួនច្បារមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តម៉ាកស៊ីអវីនោះពណ៌ទឹកប្រាក់ ឯអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះទេ ហើយក្រោយពេលកើតហេតុអ្នកបើកបរនិងរថយន្តត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងនោះបើកបរលឿនគួរសមក្នុងទិសដៅពីលិចទៅកើត ពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់មុខចំហៀងខាងស្តាំលាន់សូរដូចគេបោកគ្រាប់បែក ធ្វើឱ្យរថយន្តរេចង្កូតទៅខាងស្តាំរួចឡើងទៅលើសួនច្បារ ហើយបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹងបណ្តាលឱ្យបាក់រាបដល់ដី ឯរថយន្តធ្លាក់កាងមុខ ។ ចំណែកអ្នកបើកបរមិនរងរបួសទេ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរ និងកសាងសំណុំរឿងតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ