រាជធានីភ្នំពេញ ៖ ម៉ូតូសេ១២៥ សេ៊រី២០០៩ ពណ៌ខ្មៅ ជិះម្នាក់ឯងក្នុងស្ថានភាពស្រវឹងជិះទៅបុកម៉ូតូសេ ១២៥ សេ៊រី២០០៥ ជិះគ្នា២នាក់ បណ្តាលឱ្យដួលគរលើគ្នារងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ។ គ្រោះថ្នាក់នេះកើតឡើងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២២ កញ្ញា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូទាំង២គ្រឿងជិះស្របទិសគ្នា ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុម៉ូតូបង្កដែលជិះម្នាក់ឯងក្នុងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកពីក្រោយម៉ូតូជិះគ្នា២នាក់ បណ្តាលឱ្យម៉ូតូដួលគរលើគ្នា ឯអ្នកជិះម៉ូតូម្នាក់ឯងរងរបួសធ្ងន់ ចំណែកអ្នកជិះ២នាក់រងរបួសស្រាល។
ក្រោយពេលកើតហេតុអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នករបួសស្រាលមិនបានទៅព្យាបាលទេ ។ ម៉ូតូដែលរងការខូចខាតទាំង២គ្រឿងត្រូវសមត្ថកិច្ចលើកយកទៅរក្សាទុកនៅខណ្ឌទួលគោក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ