ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ដ៏​លំបាក​របស់​​បុរស​ដែល​​មាន​ជំងឺ​ដើរ​មិនរួច​​និង​ដេក​តែលើ​រទេះ​

11 ឆ្នាំ មុន

ខេត្តសៀម​រាប ៖ បុរស​ម្នាក់​​​​ក្នុង​គ្រួសារ​​ទីទ័ល​ក្រ​​មួយ​​​ដែល​កើត​​​ជំងឺ​​ពិការ​ខ្វិន​ដៃ​ជើង​ដើរ​មិនរួច ​​នៅ​​តែលើ​​​រទេះ​រុញ​តូច​មួយ​​​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​ ​ស្ថិតក្នុង​ភូមិស​ណ្តាន់ ​សង្កាត់​ទឹក​វិល ​ក្រុង​សៀម​រាប​ ​បាន​​ត្រូវសប្បុរ​ស​ជន​ជា​សាច់​​ញាតិ​និងមិត្ត​ភក្តិ​ក្នុង​ភូមិ​ជួយ​ឧបត្ថម្ភ ​ក្តារ ​សសរ​​​ក្រាក់​និងស្លឹក​​ធ្វើការ​ជួសជុល​​និង​សាង​សង់​កូន​ផ្ទះជា​ជម្រក​ស្នាក់​នៅ​បន្ថែម​​​ កាលពីរសៀល​ថ្ងៃទី​១៩

ខេត្តសៀម​រាប ៖ បុរស​ម្នាក់​​​​ក្នុង​គ្រួសារ​​ទីទ័ល​ក្រ​​មួយ​​​ដែល​កើត​​​ជំងឺ​​ពិការ​ ខ្វិន​ដៃ​ជើង​ដើរ​មិនរួច ​​នៅ​​តែលើ​​​រទេះ​រុញ​តូច​មួយ​​​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​ ​ស្ថិតក្នុង​ភូមិស​ណ្តាន់ ​សង្កាត់​ទឹក​វិល ​ក្រុង​សៀម​រាប​ ​បាន​​ត្រូវសប្បុរ​ស​ជន​ជា​សាច់​​ញាតិ​និងមិត្ត​ភក្តិ​ក្នុង​ភូមិ​ជួយ​ ឧបត្ថម្ភ ​ក្តារ ​សសរ​​​ក្រាក់​និងស្លឹក​​ធ្វើក​ារ​ជួសជុល​​និង​សាង​សង់​កូន​ផ្ទះជា​ជម្រក​ ស្នាក់​នៅ​បន្ថែម​​​ កាលពីរសៀល​ថ្ងៃទី​១៩ កញ្ញា ​កន្លងទៅ​នេះ​ ​។

បុរស​រូបនេះ​ឈ្មោះ​ហូ ​ប៊ុន​ថែន ​អាយុ​៣៣​ឆ្នាំ​​ ប្រពន្ធ​ឈ្មោះ​កែវ ​សារ៉ែម​​ ​អាយុ​៣១​ឆ្នាំ ​ជា​អ្នក​​លក់បន្លែ​​នៅ​តូប​មួយ​​ក្បែរ​ចិញ្ចើម​ថ្នល់​ក្នុង​ភូមិ ​និង​​មាន​​កូ​នប្រុស​ស្រី​៤​នាក់​ ​(ស្រី​៣ ប្រុស​ម្នាក់)​ ​គឺ​ឈ្មោះ​ថែន ​ស្រីធិប ​អាយុ​១២​ឆ្នាំ ​ជា​សិស្ស​ថ្នាក់​ទី​៧​រៀន​នៅ​អនុវិទ្យាល័យ​សម្តេច​ឪ ​ឈ្មោះ​ថែន​ ស្រី​ថាត់ ​អាយុ​១១​ឆ្នាំ ​ជាសិស្ស​ថ្នាក់​ទី​៦​រៀន​​​នៅ​សាលា​គោកដូង​ ​ឈ្មោះ​ថែន​ ស្រី​ថេត ​អាយុ​៨​ឆ្នាំ ជាសិស្ស​​​ថ្នាក់​ទី២ រៀន​នៅ​សាលា​គោក​ដូង​ និង​ឈ្មោះ​ថែន​ ពិសិដ្ឋ ​ភេទ​ប្រុស​ អាយុ​​៥ឆ្នាំ ​។

​បុរ​ស​ពិការ​​ ​ឈ្មោះ​ហូ​ ប៊ុន​ថែន ​​បាន​ឱ្យដឹងថា ​​កាលពី​មិនទាន់​ពិការ​ គាត់​​ប្រកប​មុខ​របរ​រត់​​ម៉ូតូ​ឌុប​ទ្រ​ទ្រង់​ជីវ​ភាព​គ្រួសារ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះគាត់​ធ្លាក់​​ខ្លួន​​ឈឺ​ដោយ​ជំងឺ​សរសៃទាញ​​​ដៃ​ជើង​ និង​កវៀច​មួយចំហៀង​​ខាង​ឆ្វេង​​ខ្វិន​ដើរ​ធ្វើការ​​​មិនបាន​​ ​សូម្បី​តែ​ការហូបចុក​រួម​ទាំង​ដេក​​​ផង គឺ​បាន​​តែ​នៅ​លើកូន​ទេះ​រុញ​ប៉ុណ្ណោះ ។

ប្រជា​ពល​រដ្ឋ​​​​អ្នក​រស់​ នៅ​ក្បែរខាង​និយាយ​ថា អ្វី​​ដែល​​គួរ​ឱ្យ​អាណិត​​អាសូ​រ​​ទៀត​នោះ​​​គឺ​បុរស​​​អភ័ព្វ​​រូប​នេះ​ ​ប្រពន្ធ​កូន​មិន​អាច​ជួយ​រុញ​រទេះ​ ឬ​ក៏​លើក​ទៅ​ដាក់​​ឱ្យ​ដេក​នៅ​លើ​ផ្ទះ​បាន​​​ទេ ​ព្រោះ​តែ​ដៃ​ជើង​​របស់​គាត់​​ពុំ​អាច​​ទទួល​ការអូស​ប៉ះ​ទង្គិច​ខ្លាំង​បាន​ ​ឡើយ ហើយ​​ជា​រៀង​រាល់​យប់​ថ្ងៃ​​ប្រពន្ធ​និងកូន​​​បាន​ត្រឹម​​តែ​​ជួយ​​​រុញ​​ រទេះ​ទៅ​​ដាក់​នៅ​​​ក្រោម​ដំបូល​​យ៉​​​មុខ​ផ្ទះ​​​ប៉ុណ្ណោះ​​​ ។ ​បុរស​រូប​នេះ ​​និយាយ​ថា ​គាត់​​រស់​នៅ​​ក្នុង​ស្ថាន​ភាព​​​បែប​នេះ​​​​រយៈ​​ពេល​ជាង​៥ឆ្នាំ​មក​ហើយ​ គឺចាប់​​តាំង​ពី​​មាន​កំណើតកូន​ប្រុស​ពៅ​​មក ​។ ​បន្ទាប់​ពី​រៀប​ការរួច​បានរយៈ​ពេល​​ជាង​៦ឆ្នាំ ​ជំងឺ​រប​ស់គាត់​​​កាល​នៅ​​ដើរ​រួច​​​​​ធ្លាប់​បាន​ទៅ​ព្យាបាល​ជា​មួយ​​នឹង​ គ្រូ​ខ្មែរ​បុរាណ​និង​នៅក្នុង​មន្ទីរ​ពេទ្យ​ធំ​បង្អែក​ខេត្ត​ដែរ​ ហើយ​លោក​វេជ្ជ​បណ្ឌិត​​បារាំង​និយាយ​ប្រាប់​ថា ​មិន​ហ៊ាន​ធ្វើការវះ​កាត់​ទាញ​ឆ្អឹង​ឱ្យ​ចូល​​គ្នា​វិញ​បាន​ទេ ​ព្រោះ​ជាឆ្អឹង​ចាស់​ខ្លាច​បាក់​ ។

ចំណែក​​ស្ត្រី​​​ជា​​ម្តាយ​​ ក្មេក​​ឈ្មោះ​លេន ​រ៉ាម ​អាយុ​​៥១​ឆ្នាំ​ ​បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ពេល​រៀប​ការ​​​រួច​​​​ប្តីប្រពន្ធ​​​នេះ​​​រស់​នៅ​​​នឹ​ង​ផ្ទះ​គាត់​ រហូតមក ​លុះបន្ទាប់​ពីកូន​ប្រសា​ប្រុស​​មាន​ជំងឺ​​​​ខ្វិន​ដើរ​មិន​រួច​​​​មិនអាច​​ ឱ្យ​ដេក​នៅលើ​ផ្ទះ​បាន​ក៏ឱ្យ​ស្នាក់​នៅខាង​ក្រោម​ផ្ទះ​ ។ ប៉ុន្តែ​​​ដោយ​ខ្លាច​ខ្យល់បោក​ដួលរំលំ​ផ្ទះ​បាក់​សង្កត់ ​រូបគាត់​ជាម្តាយ​ក្មេក​ក៏​ធ្វើ​កូ​ន​ផ្ទ​ះ​តូច​មួយ​ពីសសរ​កូន​ឈើ​និងដំបូល​ ប្រក់​ស័ង្កសី​ស្ថិតនៅ​​ក្បែរគ្នា​ឱ្យ​​ស្នាក់​នៅពីរនាក់​ប្តី-ប្រពន្ធ ​​​រីឯ​ចៅៗ​ស្នាក់​នៅលើ​ផ្ទះ​ជាមួយគាត់ ​។ ស្ត្រី​ជា​ម្តាយ​ក្មេក​​​រៀបរាប់​ទៀតថា ​​ការរស់​នៅ​ដ៏លំបាក​របស់​កូន​ប្រសា​ប្រុសគាត់​និងប្រពន្ធ​នោះ ​គឺនៅ​ពេល​ដែល​មាន​ទឹកជន់លិច​ផ្ទះ​ ​បើ​ជម្រៅ​ត្រឹម​ស្មង​ជើង​គឺ​អាច​នាំគ្នា​ជួយរុញ​រទេះ​ ឬ​អូស​នាំយក​មកដាក់​ឱ្យ​ដេក​នៅទីទួល​ក្រោម​ផ្ទះបាន​ ប៉ុន្តែ​ប្រសិន​បើ​​​ទឹកលិច​​​ត្រឹម​ជង្គង់​វិញ​គឺ​ទាល់តែ​នាំ​គ្នា​រុញ​ ឬ​អូស​យក​ទៅ​ឱ្យ​ដេក​នៅ​ឯទី​ទួល​មុខ​ផ្ទះ​គេ​ផ្សេង​​ក្បែ​រ​ចិញ្ចើម​​ថ្នល់​ ជាតិ​ឯ​ណោះ ​មាន​​​​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ផ្ទះ ​។ ​

រីឯ​ ស្ត្រី​ជា​​ប្រពន្ធ​​​រៀប​​រាប់​​​ថា ​សព្វ​ថ្ងៃ​គាត់ពុំ​​មាន​មុខរប​រ​អ្វី​​ក្រៅ​​​​ពី​លក់​​​ស្ពៃ​ ត្រកួន​ ព្រលឹត​ នៅ​ក្នុង​ភូមិ​ក្បែរ​ចិញ្ចើម​ថ្នល់​ដែល​ទិញ​ពីគេ​យក​​មក​លក់​បន្ត ​គ្រាន់​បាន​កម្រៃ​បន្តិច​បន្តួច​ទ្រ​ទ្រង់​​ជី​វ​ភាព​គ្រួសារ​និង​កូន​ៗ​ រៀន​សូត្រ​​ប្រចាំ​​ថ្ងៃ​​ប៉ុណ្ណោះ ៕