ប្រធានាធិបតីស៊ីរីលោកបាចាអាល់អាសាដអះអាងថា បណ្តាក្រុមប្រដាប់អាវុធដែលប៉ុនប៉ងផ្តួលរលំរបបលោកនឹងពុំអាចដណ្តើមជ័យជម្នះបានឡើយក៏ប៉ុន្តែលោកបន្តថាទ្វារនៃការចរចានៅតែបើកចំហជានិច្ច ។ដកស្រង់សម្តីដោយទស្សនាវដ្តីអេហ្ស៊ីបAL AHRAM AL ARABIប្រធានាធិបតីស៊ីរីថ្លែងថា បណ្តាក្រុមប្រដាប់អាវុធអនុវត្តភេរវកម្មប្រឆាំងរដ្ឋ ។ ពួកគេពុំមានប្រជាប្រិយឡើយក្នុងផ្ទៃសង្គម ។ ដូច្នេះទីបំផុតពួកគេនឹងពុំដណ្តើមបានជ័យជម្នះឡើយ ។
ថ្លែងនៅការិយាល័យរបស់លោកនាសង្កាត់រ៉ា អ៊ូដាកណ្តាលក្រុងដាម៉ាស់ លោកអាសាដបន្តថា ការផ្លាស់ប្តូរនឹងពុំអាចទទួលបានឡើយ តាមរយៈអន្តរាគមន៍មួយរបស់បរទេស ។លោកអាសាដកាលពីថ្ងៃទី ១៥ កញ្ញា កន្លងមកនេះបានជួបនៅក្រុងដាម៉ាស់ជាមួយអាជ្ញាកណ្តាលអន្តរជាតិថ្មី លោកឡាន់ដា ប្រាហ៊ីមី ដែលគូសបញ្ជាក់ថា សភាពការណ៍នៅស៊ីរីធ្ងន់ធ្ងរខ្លាំងណាស់ហើយកាន់តែដុនដាប។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអេហ្ស៊ីបនេះប្រធានាធិបតីស៊ីរីមានប្រសាសន៍ថា លោកពុំមានសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមចំពោះបេសកកម្មរបស់លោកប្រាហ៊ីមីឡើយ ៕
ចែករំលែកព័តមាននេះ