ខេត្តស្វាយរៀង ៖ គួរឱ្យអនិច្ចាលោកយាយទុរគតជិះកង់ដឹកទំពាំងលក់ត្រូវម៉ូតូបុកប៉ើងចម្ងាយ៥ម៉ែត្រដួលបីបួនត្រឡប់របួសធ្ងន់សន្លប់ទៅលើថ្នល់ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២១ កញ្ញា នៅលើផ្លូវជាតិលេខ១ ខាងមុខផ្សារប្រសូតិ ភូមិប្រសូតិ ឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ។ ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបានប្រមាណ១ម៉ោងក៏ស្លាប់បាត់បង់ជីវិតគួរឱ្យសង្វេគ ។
បើតាមមន្ត្រីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា លោកយាយទុរគតខាងលើឈ្មោះម៉ម អេង អាយុ៧២ឆ្នាំ មានទីលំនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទៀប បានជីកទំពាំងបាន១កូនល្អី ក៏ដាក់កង់ដឹកយកទៅលក់នៅផ្សារប្រសូតិ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាព គឺជិះតាមផ្លូវជាតិលេខ១ ពីកើតទៅលិច លុះមកដល់ខាងមុខផ្សារប្រសូតិកែងខាងកើតក៏បត់ឆ្វេងបម្រុងចូលផ្សារក៏ត្រូវម៉ូតូមួយគ្រឿងជិះស្របទិសគ្នាបុកពេញទំហឹងចំទទឹងកង់ បណ្តាលឱ្យប៉ើងចម្ងាយប្រមាណ៥ម៉ែត្រ ដួលបោកទៅលើថ្នល់រមៀលបីបួនត្រឡប់បែកក្បាល បាក់ជើង សន្លប់នៅនឹងកន្លែង ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ។
ពេលបញ្ជូនមកដល់មន្ទីរពេទ្យបានប្រមាណ១ម៉ោងក៏បានស្លាប់បាត់បង់ជីវិត ដោយសាររបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបាន ។
សពត្រូវបានសាច់ញាតិ និងចាស់ទុំក្នុងភូមិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងកង់ត្រូវសមត្ថកិច្ចបញ្ជូនទៅរក្សាទុកដើម្បីដោះស្រាយជាក្រោយ ៕
ចែករំលែកព័តមាននេះ