រាជធានីភ្នំពេញ ៖ អង្គសវនាការតុលាការកំពូល លើសំណុំរឿងភរិយាលោកឧកញ៉ា ខូវ ជឺលី ដែលជាថ្ងៃទី២ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី២១ កញ្ញា ហើយ ប៉ុន្តែសាលដីកា នឹងត្រូវប្រកាសនៅថ្ងៃទី៥ តុលា ខាងមុខ ។
អង្គសវនាការថ្ងៃទី២នៅតុលាការកំពូលនេះ សមាសភាពចូលរួមដូចថ្ងៃទី១ដែរ ដូចជាប្រធានក្រុមប្រឹក្សា គឺលោកឃឹម ប៉ុន ភាគីខាងដើមបណ្តឹងចោទរឿងប៉ុនប៉ងមនុស្សឃាត មានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមេធាវី លោកប៉ាល់ ចន្ទតារា ។ ចំណែកភាគីបណ្តឹងសាទុក្ខមានលោកឧកញ៉ា ខូវ ជឺលី ជាឪពុកក្មេកលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងកូនបង្កើត៩នាក់ មកពីប្រទេសបារាំង រួមទាំងកូនប្រសា ព្រមទាំងញាតិមិត្តរបស់លោកឧកញ៉ាច្រើននាក់ទៀត ។ អង្គសវនាការក៏មានជនជាប់ចោទ ១-លោកស្រី សេង ចន្ទដា ភរិយាលោកឧកញ៉ា ខូវ ជឺលី ២-ឈ្មោះនាង ស៊ីណាត ភេទស្រី ៣-ឈ្មោះចាន់ សុខា ភេទស្រី និង៤-ឈ្មោះសុខ ឡាក់ ភេទប្រុស ។
មេធាវីការពារឱ្យជនជាប់ចោទមាន៤នាក់ គឺលោកកា សាវុធ លោកលឹម វណ្ណា លោកយិន វ៉េងកា និងលោកធុយ សាគុណ ។ គួរបញ្ជាក់ថា អង្គសវនាការនៅតុលាការកំពូលលើសំណុំរឿងភរិយាលោកឧកញ៉ា ខូវ ជឺលី កាលពីថ្ងៃទី១៩ កញ្ញា បានសាកសួរម្តងរួចហើយពាក់ព័ន្ធនឹងអង្គច្បាប់ ដែលការសាកសួរជនជាប់ចោទបានចប់សព្វគ្រប់ ប៉ុន្តែមេធាវីទាំងសងខាង ព្រមទាំងតំណាងអយ្យការមិនទាន់បានធ្វើការសន្និដ្ឋាន និងចោទប្រកាន់លើជនជាប់ចោទនៅឡើយទេ ក៏ត្រូវបានសម្រាក និងបន្តនៅថ្ងៃទី២១ កញ្ញា ។
ការសន្ឋិដ្ឋាន និងការចោទប្រកាន់ក៏ដូចជាសំណូមពរចុងក្រោយរបស់ជនជាប់ចោទក៏ត្រូវបានបញ្ចប់ហើយ ប៉ុន្តែដោយពេលវេលាផុតម៉ោងរដ្ឋបាលរបស់មន្ត្រីរាជការ ប្រធានក្រុមប្រឹក្សាតុលាការកំពូលបានប្រកាសលើកពេលប្រកាសសាលដីកាទៅថ្ងៃទី៥ តុលា ខាងមុខ។
ក្រោយចប់សវនាការ លោកឧកញ៉ា ខូវ ជឺលី និងកូនប្រុស-ស្រី៩នាក់មកពីប្រទេសបារាំងព្រមទាំងកូនប្រសានៅក្នុងប្រទេសកម្ពុជាដែលបានទៅចូលរួមស្តាប់អង្គសវនាការរយៈពេលពីរលើកនេះ បានថ្លែងឱ្យដឹងថា យើងខ្ញុំទាំងអស់គ្នាជាកូនបង្កើត និងកូនប្រសាលោកឧកញ៉ា ខូវ ជឺលី ដែលខ្លះរស់នៅប្រទេសបារាំង ខ្លះរស់នៅស្រុកខ្មែរខំធ្វើដំណើរមកចូលរួមស្តាប់អង្គសវនាការតុលាការកំពូល មានជំនឿថា ប្រពន្ធរបស់ឪពុកយើងខ្ញុំក៏ដូចជាសមាជិកដទៃទៀតនៃគ្រួសារដែលត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងនេះគឺជាមនុស្សស្លូតត្រង់ទេ ហើយមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ។ ដូច្នេះសូមលោកប្រធានក្រុមប្រឹក្សាតុលាការកំពូលជួយផ្តល់យុត្តិធម៌ដល់ភរិយារបស់លោកឪពុកពួកយើងខ្ញុំផង ។
ចំណែកលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វិញបានមានប្រសាសន៍ថា តុលាការកំពូលប្រាកដជាផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារលោកដែលជាជនរងគ្រោះ ។ បានជាលោកមានសង្ឃឹមយ៉ាងដូច្នេះ ឆ្លងកាត់អង្គសវនាការរយៈពេល២ថ្ងៃនោះ គឺជនជាប់ចោទបានសារភាពអស់ហើយថា រឿងទាំងអស់គឺពិតជាពួកគេបានប្រព្រឹត្តមែន ។
មានការកត់សម្គាល់ថា កាលពីព្រឹកថ្ងៃទី១៩ កញ្ញា តុលាការកំពូលបានបើកសវនាការជំនុំជម្រះរឿងក្ដីភរិយាលោកឧកញ៉ា ខូវ ជឺលី និងអ្នកបម្រើ៣នាក់ ពាក់ព័ន្ធជាប់ចោទករណីប៉ុនប៉ងធ្វើមនុស្សឃាតលើភរិយាលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ។ សវនាការបានធ្វើឡើងតាមបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទ និងមេធាវីដែលតុលាការថ្នាក់ក្រោមផ្ដន្ទាទោសម្នាក់ពី១៨ទៅ២០ឆ្នាំ មកហើយ ។
ការសាកសួរដេញដោលទៅលើអង្គច្បាប់បានធ្វើឡើងពេញមួយព្រឹក រហូតដល់ម៉ោង ១២ និង៣០នាទីទើបត្រូវបញ្ចប់ ប៉ុន្តែប្រធានក្រុមប្រឹក្សាបានប្រកាសបន្តទៅថ្ងៃទី២១ កញ្ញា ទៀត ដែលថ្ងៃនោះគឺជាថ្ងៃដែលត្រូវធ្វើការសន្និដ្ឋានរបស់មេធាវីទាំងសងខាង និងតំណាងមហាអយ្យការនិងឈានដល់សំណូមពរចុងក្រោយរបស់ជនជាប់ចោទដើម្បីឱ្យប្រធានក្រុមប្រឹក្សាធ្វើការពិចារណាសម្រេចនិងប្រកាសសាលដីកា ។
ទោះជាយ៉ាងណាក្ដីលោកស្រីសេង ចន្ទដា ភរិយាលោកឧកញ៉ា ខូវ ជឺលីបានសម្ដែងក្ដីក្រៀមក្រំក្រៃលែង ។ នៅពេលរៀបឡើងរថយន្តសមត្ថកិច្ចទៅកាន់ពន្ធនាគារព្រៃសវិញបាននិយាយថា លោកស្រីមានជំនឿយ៉ាងមុតមាំលើតុលាការកំពូលពិតជាផ្ដល់យុត្តិធម៌ដល់លោកស្រីនិងមនុស្ស៣នាក់ទៀតដែលគ្មានកំហុស ។ ចំណែក លោកឧកញ៉ា ខូវ ជឺលី ក៏យ៉ាងដូច្នេះដែរមុន ពេលភរិយាឡើងរថយន្តបែកគ្នាទៅ បានប្រមូលកូន កូនប្រសា និងសាច់ញាតិមកពីប្រទេសបារាំងថតរូបរួមគ្នា នេះបញ្ជាក់ឱ្យឃើញថា ពួកគាត់ពិតជាមានភក្ដីភាពរវាងគ្រួសារត្រកូលខូវតែមួយ ។ លោកឧកញ៉ាខូវ ជឺលី បានសម្ដែងការសាទរចំពោះលោកប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះតុលាការកំពូលថា ពិតជានឹងផ្ដល់ភាពយុត្តិធម៌ដ៏បរិសុទ្ធមកលើភរិយានិងក្រុមគ្រួសាររបស់លោក ។ លោកនិយាយថា មានតេតុលាការកំពូលនោះហើយ ដែលជាស្ថាប័នយុត្តិធម៌បំផុតសម្រាប់រកយុត្តិធម៌ជូនជនរួមជាតិមិនលម្អៀង ពោលគឺភរិយារបស់លោកឧកញ៉ា និងស្រ្តី៣នាក់នោះ មិនបានធ្វើអ្វីខុសទេ ៕
ចែករំលែកព័តមាននេះ