រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងត្រូវបានកម្លាំងប៉ូលិសសង្កាត់ចោមចៅ ស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍ ក្រោយពេលដែលជនមិនស្គាល់មុខបើកយកទៅប្លុងចោលអស់១យប់ហើយនៅតែមិនឃើញទៅយកវិញទៀត ដោយមានការសង្ស័យថា រថយន្តនោះមានបញ្ហាពាក់ព័ន្ធទៅនឹងបទល្មើសអ្វីមួយទើបប៉ូលិសស្ទូចយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត ប៉ុន្តែរហូតមកដល់វេលាល្ងាចថ្ងៃដដែលនោះនៅមិនទាន់បានឃើញម្ចាស់ទៅយកវិញ ឬរថយន្តនោះមានបញ្ហាអ្វីកើតឡើង ។
រថយន្តខាងលើត្រូវបានប៉ូលិសស្ទូចយកទៅរក្សាទុកកាលពីវេលាព្រឹកថ្ងៃទី២១ កញ្ញា ២០១២ បន្ទាប់ពីបានប្រទះឃើញចតចោលនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងនោះស៊េរីឆ្នាំ២០០២ ពណ៌ស្ករ មិនត្រូវបានគេស្គាល់អត្តសញ្ញាណម្ចាស់របស់វានោះឡើយ ហើយរថយន្តនេះបិទកញ្ចក់ និងទ្វារជិត ហើយដោយសារតែមិនអាចបើកទ្វារបានទើបសមត្ថកិច្ចសម្រេចជួលរថយន្តស្ទូចយកទៅរក្សាទុករង់ចាំជួលជាងសោទៅធ្វើសោបើកពិនិត្យមើល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ