រាជធានីភ្នំពេញ ៖ នារីម្នាក់ស្ថិតក្នុងសភាពស្រវឹងបានដណ្តើមរថយន្តរបស់សង្សារម៉ាកកាមរីឆ្លាមពណ៌ស្លែបើក ហើយជ្រុលទៅបុករះកន្លែងលក់បាយសម្ល និងហាងអ៊ុតសក់ កាលពី វេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២០ កញ្ញា ខាងត្បូងផ្សារចាស់ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ ក្នុងហេតុការណ៍នេះមិនមានមនុស្សរងរបួសធ្ងន់ទេគ្រាន់តែខូចខាតឆ្នាំងបាយសម្លនិងទ្វារហាងអ៊ុតសក់ ។
មន្ត្រីសមត្ថកិច្ចបាននិយាយថា អ្នកបើករថយន្តបង្កឈ្មោះជា ដានី អាយុ២៥ឆ្នាំ ស្នាក់នៅប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។ នារីរូបនេះបានប្រាប់ថា បន្ទាប់ពីចប់កម្មវិធីផឹកស៊ីនាងបានដណ្តើមរថយន្តរបស់សង្សារមកបើកម្តងពីចំណុចកែងផ្លូវលេខ១៣ចេញតាមផ្លូវលេខ១១០ឆ្ពោះទៅទិសខាងលិច ។ ខណៈពេលកំពុងបើកស្រាប់តែសង្សារដណ្តើមចង្កូតបើកវិញម្តង ទំនងឃើញនាងបើកនៅស្ទើរប៉ុន្តែនាងមិនព្រម ឱ្យ ។
លុះមកដល់កន្លែងលក់បាយសម្លខាងត្បូងផ្សារចាស់នាងមានបំណងជាន់ហ្វ្រាំងឈប់បែរជាច្រឡំទៅជាន់ហ្គារបណ្តាលឱ្យរថយន្តហោះទៅបុករះកន្លែងលក់បាយសម្ល និងទៅបុកទ្វារដែកហាងអ៊ុតសក់យីហោពេញចិត្តទីតាំងផ្ទះលេខ១០០ ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ទើបទៅមុខលែងរួច ។
ប្រភពដដែលបានបន្តថា នៅក្នុងហេតុការណ៍ខាងលើមិនមានមនុស្សរងរបួសធ្ងន់នោះទេ ដោយសារតែអ្នកលក់បាយសម្លនាំគ្នារត់ចែកផ្លូវទាន់ពេល គ្រាន់តែខូចខាតឆ្នាំងចាន និងទ្វារដែកហាងអ៊ុតសក់ប៉ុណ្ណោះ។ ក្រោយពេលកើតហេតុរថយន្តបង្កម៉ាកកាមរីឆ្លាមពណ៌ស្លែ និងនារីបើកបរត្រូវនគរបាលការិយាល័យនគរបាលចរាចរផ្លូវគោកនាំទៅស្នាក់ការដើម្បីសាកសួរ ៕
ចែករំលែកព័តមាននេះ