រាជធានីភ្នំពេញ ៖ នារីម្នាក់ស្ថិតក្នុងសភាពស្រវឹងបានដណ្តើមរថយន្តរបស់សង្សារខ្លួនម៉ាកកាមរីឆ្លាម ពណ៌ស្លែ បើកជ្រុលទៅបុកកន្លែងលក់បាយសម្ល និងហាងអ៊ុតសក់កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២០ កញ្ញា ២០១២ នៅខាងត្បូងផ្សារចាស់ ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ ហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសធ្ងន់នោះទេ គ្រាន់តែខូចខាតឆ្នាំងបាយសម្ល និងទ្វារហាងអ៊ុតសក់ប៉ុណ្ណោះ ។
សមត្ថកិច្ចប្រាប់ឱ្យដឹងថា អ្នកបើករថយន្តបង្កហេតុមានឈ្មោះជា ដានី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា។ នារីរូបនេះបានប្រាប់ថា បន្ទាប់ពីចប់កម្មវិធីផឹកស៊ីនាងបានដណ្តើមរថយន្តរបស់សង្សារនាងមកបើកម្តង ពីកែងផ្លូវលេខ១៣ និង១១០ ហើយធ្វើដំណើរតាមផ្លូវលេខ១១០ ឆ្ពោះទៅទិសខាងលិច ។
ខណៈពេលកំពុងបើកស្រាប់តែសង្សាររបស់នាងដណ្តើមបើកវិញម្តងទំនងឃើញនាងបើកនៅស្ទើរ ប៉ុន្តែនាងមិនព្រម លុះមកដល់កន្លែងលក់បាយ សម្លខាងត្បូងផ្សារចាស់នាងមានបំណងជាន់ហ្វ្រាំងឈប់ តែបែរជាច្រឡំទៅជាន់ហ្គា បណ្តាលឱ្យរថយន្តជ្រុលទៅបុកកន្លែងលក់បាយសម្ល និងទ្វារដែកហាងអ៊ុតសក់យីហោពេញចិត្តផ្ទះលេខ១១០ ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ