រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ដង្កោបានរៀបចំធ្វើសន្និបាតបង្កើតសមាគមមនុស្សចាស់ក្នុងគោលបំណងបម្រើផលប្រយោជន៍របស់មនុស្សចាស់ទាំងអស់ ឱ្យពួកគាត់មានលទ្ធភាពបានចូលរួមការងារផ្សេងៗនៅក្នុងសង្គមជាតិ ព្រមទាំងផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ដែលជាមនុស្សចាស់មិនឱ្យមានភាពឯកោនោះឡើយ ។
សន្និបាតនោះបានប្រារព្ធធ្វើកាលពីព្រឹកថ្ងៃទី១៩ កញ្ញា ២០១២ នៅសាលាសង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាក់លោកអភិបាលរង និងមន្ត្រីការិយា ល័យជុំវិញខណ្ឌ ព្រមទាំងលោកយាយលោកតា ដែលជាសមាជិករបស់សមាគមមនុស្សចាស់សង្កាត់ដង្កោ ប្រមាណជាង៣០០នាក់ផងដែរ ។
យោងតាមលក្ខន្តិកៈរបស់សមាគមមនុស្សចាស់ អ្នកដែលមានបំណងចង់ចូលជាសមាជិកមនុស្សចាស់គឺត្រូវបង់ប្រាក់ចូលទៅក្នុងសមាគមក្នុង១ខែចំនួនពីរពាន់រៀលជារៀងរាល់ខែ ហើយប្រាក់នេះប្រមូលទុកសម្រាប់ជួយគ្នាទៅវិញទៅ មក ។ ប្រសិនបើមានសមាជិកណាម្នាក់ស្លាប់បាត់បង់ជីវិតនោះ សមាគមនិងឧបត្ថម្ភថវិកាចំនួន៨០មឺុនរៀលសម្រាប់ធ្វើបុណ្យសព ។ នៅក្នុងសន្និបាតបង្កើតសមាគមមនុស្សចាស់សង្កាត់ដង្កោនាពេលនេះ បានជ្រើសរើសថ្នាក់ដឹកនាំសមាគមចំនួន៩នាក់ ក្នុងនោះលោក វើកសា មឿន ចៅសង្កាត់ដង្កោ ត្រូវបានអនុម័តឱ្យធ្វើជាប្រធានសមាគម និងលោកស្រី សឿង សេរី ជាអនុប្រធាន ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានថ្លែងថា សង្កាត់ដង្កោនេះគឺជាសង្កាត់ទី១ហើយក្នុងចំណោមសង្កាត់ទាំង១៣ដែលបានបង្កើតសមាគមមនុស្សចាស់មុនគេ ហើយការបង្កើតសមាគមនេះឡើងមានសារសំខាន់ខ្លាំងណាស់ដើម្បីឱ្យមានការជួយគ្នាទៅវិញទៅមកនៅក្នុងសង្គម។ ជាងនេះទៀត គោលបំណងសំខាន់បំផុត គឺដើម្បីទ្រទ្រង់សុខភាពមនុស្សចាស់ឱ្យពួកគាត់បានចូលរួមនៅក្នុងសង្គមជាតិបានច្រើន និងមិនទុកឱ្យគាត់ស្ថិតនៅក្នុងភាពឯកោឡើយ ។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌក៏បានជំរុញឱ្យអាជ្ញាធរសង្កាត់ផ្សេងៗទៀតដែលមិនទាន់បានបង្កើតសមាគមនេះ សូមរួសរាន់បង្កើតឡើងដើម្បីជួយគ្នាទៅវិញទៅមកនៅពេលដែលពួកគាត់ជួបនូវការលំបាកទាំងឡាយ ។ បន្ទាប់ពីចប់មតិសំណេះសំណាលរួចមក លោក អភិបាលខណ្ឌបានឧបត្ថម្ភថវិកាចំនួន៥០មឺុនរៀលសម្រាប់តម្កល់ទុកនៅក្នុងសមាគមផងដែរ ៕
ចែករំលែកព័តមាននេះ