ក្នុងសេចក្តីប្រកាសមួយស្ថានទូតអាមេរិកប្រចាំក្រុងហ្សាការតាថ្លែងថា សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ កញ្ញា បានបិទជាបណ្តោះអាសន្ននូវស្ថានកុងស៊ុលរបស់ខ្លួនប្រចាំក្រុងមេដានជាទីក្រុងធំទី៣របស់ឥណ្ឌូណេស៊ីដោយសារបាតុកម្មនានាប្រឆាំងខ្សែភាពយន្តប្រមាថអ៊ិស្លាមផលិតនៅសហរដ្ឋអាមេរិក ។សេចក្តីប្រកាសនោះរៀបរាប់ថា សហរដ្ឋអាមេរិកផ្តាំផ្ញើដល់ពលរដ្ឋអាមេរិកឱ្យចៀសវាងកុំទៅកាន់កន្លែងប្រមូលផ្តុំមនុស្សនិងចូលរួមក្នុងព្រឹត្តិការណ៍ដទៃៗទៀត ដែលអាចកើតមានហិង្សា ។ ស្ថានកុងស៊ុលអាមេរិកប្រចាំក្រុងមេដានត្រូវបិទទ្វារបណ្តោះអាសន្នរហូតដល់ស្ងប់បាតុកម្ម ។
សមាជិកជាច្រើនរយនាក់ នៃចលនាអ៊ិស្លាមHIZBUT TAHRIR INDONESIA បានប្រមូលផ្តុំគ្នាកាលពីព្រឹកថ្ងៃទី១៩ កញ្ញា នៅមុខស្ថានកុងស៊ុលអាមេរិកប្រចាំក្រុងមេដានទីប្រជុំជននៃខេត្តស៊ូម៉ាត្រា ខាងជើង ។ និស្សិតប្រមាណ៥០នាក់ក៏ចូលរួមក្នុងបាតុកម្មនេះ ដែរ ហើយរាំងខ្ទប់ផ្លូវមុខស្ថានកុងស៊ុលនោះ ។ប្រធានាធិបតីឥណ្ឌូណេស៊ីលោកស៊ូស៊ីឡូ បាមបង់យូដូ យូណូ បានថ្កោលទោសខ្សែភាពយន្តប្រមាថអ៊ិស្លាមនោះ ដែលការផ្សព្វផ្សាយញុំាងឱ្យមានផលវិបាកសោកនាដកម្មស្ទើរគ្រប់កន្លែងលើពិភពលោក ៕
ចែករំលែកព័តមាននេះ