រាជធានីភ្នំពេញ ៖ បុរសចំណាស់មា្នក់បានជិះម៉ូតូសង់កូរ៉េយ៉ាងលឿនទាំងស្រវឹងដាបផងនោះបានបត់បញ្ច្រាសផ្លូវ ខណៈមេឃកំពុងធ្លាក់ភ្លៀងក៏រអិលដួលខ្ទាចចូលក្រោមរថយន្តកំពុងធ្វើចរាចរណ៍តាមដងផ្លូវ សំណាងល្អពេលជួបហេតុការណ៍រថយន្តនោះបើកយឺតៗហើយអ្នកបើកបរបានជាន់ហ្វ្រាំងទាន់អ្នកជិះម៉ូតូគ្រាន់តែរលាត់ដៃជើងតិចតួច ឯម៉ូតូរងការខូចខាតគួរសម ។ នេះចាត់ទុកថា សំណាងណាស់បើកអ្នកបើករថយន្តជាន់ហ្វ្រាំងមិនទាន់ទេ ច្បាស់ជាត្រូវ ស្លាប់ ។ ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៩ កញ្ញា តាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវលេខ២០០២ មុខសាលាបឋមសិក្សាអូរបែកក្អម ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុបុរសស្រវឹងធ្លាក់ភ្នែកខាងលើបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមយ៉ាងលឿន តាមបណ្តោយផ្លូវលេខ២៧១ ពីត្បូងទៅជើង ហើយបានបត់ឆ្ពោះទៅលិចឡើងផ្លូវលេខ២០០២ ស្របពេលមេឃកំពុងតែធ្លាក់ភ្លៀងផងធ្វើឱ្យរអិលហើយប្លាតចូលទៅក្រោមរថយន្តម៉ាកហុងដាប្រភេទឆ្នាំងអុ៊ត ពណ៌ក្រហម មួយគ្រឿង ជិះគ្នា៤នាក់ ប្រុស៣នាក់ ស្រីម្នាក់តាមបណ្តោយផ្លូវលេខ២០០២ ពីលិចទៅកើត ក្នុងដំណើរយឺតៗ ។ ភ្លាមនោះអ្នកបើកបររថយន្តបានជាន់ហ្វ្រាំងជាប់ ទើបអ្នកបើកម៉ូតូដែលនៅក្រោមរថយន្តនោះគ្រាន់តែរងរបួសស្រាល ។ ឯម៉ូតូរងការខូចខាតគួរសម ។ នោះចាត់ទុកថា សំណាងណាស់ ចេះរថយន្តជាន់ហ្រ្វាំងទាន់បើពុំនោះទេ ច្បាស់ជាត្រូវសង្វេគហើយ ។
នេះជាសារមួយសម្រាប់អ្នកបើកបរគ្រប់រូបពេលស្រវឹងមិនគួរបញ្ជាយានយន្តទេ ព្រោះងាយនឹងជួបគ្រោះថ្នាក់ណាស់ ខណៈពេលខ្លួនកំពុងកាន់ចង្កូតមិនអាចគ្រប់គ្រងល្បឿនបានទេ ។ កន្លងមកគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតកើតឡើង បណ្តាលមកពីការបើកបរទាំងស្ថានភាពស្រវឹងធ្លាក់ភ្នែកនេះឯង ជាក់ស្តែងដូចករណីខាងលើជាភស្តុតាងស្រាប់ ។ក្រោយពេលកើតេហតុម្ចាស់រថយន្តឃើញបុរសចំណាស់ខាងលើមានស្នាមរបួសនិងខូចខាតម៉ូតូ អាណិតក៏ជួយចេញប្រាក់៥មឺុនរៀល ៕
ចែករំលែកព័តមាននេះ